៨​រឿង កក្រើក​រញ្ជួយ​ពិភព​សិល្បៈ KPOP នៅ​ឆ្នាំ​២០១៤

  • 2014-12-08 23:10:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​២០១៤ គឺ​ជា​ឆ្នាំ​ដ៏​ច្របូកច្របល់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពិភព​សិល្បៈ​កូរ៉េ។ ចាប់​តាំង​ពី​ខែ​មករា ដល់​ខែ​ធ្នូ វិស័យ​សិល្បៈ​កូរ៉េ​គ្រប​ដណ្ដប់​ទៅ​ដោយ​រឿង​អាស្រូវ សោកនាដកម្ម និង​ជម្លោះ​មិន​ចេះ​ចប់​រវាង​ក្រុម​តារា និង​ផលិតកម្ម។ ព័ត៌មាន​ខ្លះ​ក៏​រីករាយ​ដោយ​សារ​តារា​ៗ​បាន​ជួប​មនុស្ស​ដែល​ពួក​គេ​ស្រឡាញ់ ប៉ុន្តែ​ព័ត៌មាន​ខ្លះ​ទៀត​ពោរពេញ​ដោយ​ទុក្ខសោក​ដូច​ជា​គ្រោះថ្នាក់​ចរាចរណ៍ និង​ហេតុការណ៍​​ផ្សេង​ៗ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​រាប់​រយ​នាក់​បាត់បង់​ជីវិត។

 

ខាង​ក្រោម​នេះ​គឺ​ជា​ព្រឹត្តិការណ៍​សំខាន់​ៗ​ទាំង ៨​ដែល​បាន​កើត​ឡើង​ក្នុង​ពិភព​សិល្បៈ​កូរ៉េ​រយៈ​ពេល​មួយ​ឆ្នាំ​នេះ៖

 

១. គ្រោះថ្នាក់​ចរាចរណ៍​របស់​ក្រុម​ Ladies' Code

 

កាល​ពី​ដើម​ខែ​កញ្ញា សមាជិក​ក្រុម​ចម្រៀង​នារី Ladies' Code បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ដែល​បណ្ដាល​ឲ្យ​សមាជិក​ក្រុម​ពីរ​រូប​គឺ EunB និង RiSe បាន​បាត់​បង់​ជីវិត។ បន្ទាប់​ពី​ហេតុការណ៍​នេះ​កើត​ឡើង អ្នក​គាំទ្រ​តារា​ Kpop ជុំវិញ​ពិភពលោក​បាន​ចូល​រួម​រំលែក​ទុក្ខ​ និង​បាន​បោះឆ្នោត​ឲ្យ​បទ​ចម្រៀង "I'm Fine Thank You” របស់​ក្រុម​ចម្រៀង​នេះ​ជាប់​លេខ​​១​លើ​តារាង​ចម្រៀង​ផ្សេង​ៗ។ បច្ចុប្បន្ន​អ្នក​គ្រប់គ្រង​របស់​គេ​ Manager Park ដែល​ជា​អ្នក​បើកបរ​​កំពុង​ស្ថិត​ក្នុង​ការ​ឃាត់​ខ្លួន​ពី​បទ​បើកបរ​មិន​ប្រុង​ប្រយ័ត្ន និង​ហួស​ល្បឿន​កំណត់។

 

២. ជម្លោះ​សមាជិក​ក្រុម EXO និង B.A.P ជាមួយ​ផលិតកម្ម

 

ក្រុម​ចម្រៀង EXO បាន​ក្លាយ​ជា​ក្រុម​ចម្រៀង​ឈាន​មុខ​គេ​សម្រាប់​ឆ្នាំ​២០១៤​ ប៉ុន្តែ​ពួក​គេ​ក៏​ជួប​ប្រទះ​បញ្ហា​ច្រើន​ដែរ​ក្នុង​ឆ្នាំ​នេះ។ រយៈ​ពេល​តែ​១​សប្ដាហ៍​មុន​ពេល EXO ចាប់​ផ្ដើម​ការ​ប្រគំ​តន្ត្រី​ទោល​ដំបូង សមាជិក​ Kris បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​បញ្ចប់​កុងត្រា​ជាមួយ​ផលិតកម្ម SM ដោយ​អះអាង​ថា​ខាង​ផលិតកម្ម​បាន​កេង​ចំណេញ​លើ​កម្លាំង​ពលកម្ម​គេ​ច្រើន​ហួសហេតុ។

 

នៅ​ខែ​តុលា សមាជិក​សញ្ជាតិ​ចិន​ម្នាក់​ទៀត គឺ Luhan បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​បញ្ចប់​កុងត្រា​ពី​ផលិតកម្ម ដោយ​សម្អាង​លើ​ហេតុផល​ដូច​ Kris ដែរ។ មុន​នឹង​រឿង​នេះ​កើត​ឡើង Luhan បាន​អវត្តមាន​ក្នុង​ការ​សម្ដែង​ Concert ក្រៅ​ប្រទេស​​មួយ​ចំនួន​របស់​ផលិតកម្ម SM ដោយ​សារ​បញ្ហា​សុខភាព។ បច្ចុប្បន្ន​ទាំង Luhan និង Kris បាន​ក្លាយ​ជា​តារា​ឯករាជ្យ​នៅ​ប្រទេស​ចិន។ ​

ដោយឡែក​​ក្រុម B.A.P វិញ​ សមាជិក​ទាំង ៦​នាក់ បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​បញ្ចប់​កុងត្រា​ជាមួយ​ផលិតកម្ម TS Entertainment ទាំង​អស់​គ្នា​ ដោយ​បាន​អះអាង​ថា​កុងត្រា​ចាស់​របស់​ពួក​គេ​ ផ្ដល់​ផលប្រយោជន៍​តែ​ខាង​ផលិតកម្ម​តែ​ប៉ុណ្ណោះ។

 

៣. Jessica ចាកចេញ​ពី​ក្រុម Girls' Generation

 

ក្រុម​ចម្រៀង​នារី​ Girls' Generation ក៏​បាន​ជួប​បញ្ហា​បែកបាក់​សមាជិក​ក្រុម​នៅ​ឆ្នាំ​នេះ​ដែរ។ កាល​ពី​ខែ​កញ្ញា កន្លង​ទៅ សមាជិក Jessica Jung បាន​ចាកចេញ​ពី​ក្រុម​ជា​ផ្លូវការ ដោយ​សារ​បញ្ហា​ផ្ទាល់​ខ្លួន។ ដូច្នេះ​ឥលូវ​នេះ​ក្រុម​របស់​ពួក​គេ​មាន​សមាជិក​តែ ៨​នាក់​ប៉ុណ្ណោះ។ ដោយ​សារ​ Girls' Generation គឺ​ជា​ក្រុម​ល្បី​ជាង​គេ​ក្នុង​វិស័យ​ចម្រៀង K-POP ព័ត៌មាន​បាន​ក្លាយ​​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​សម្រាប់​បណ្ដា​អ្នក​គាំទ្រ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​កូរ៉េ។​

 

៤. ហេតុការណ៍​លិច​នាវា​ចម្លង Sewol

 

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មេសា សោកនាដកម្ម​ដ៏​ធំ​មួយ​បាន​កើតឡើង ដោយ​នាវា​ចម្លង Sewol ដែល​ផ្ទុក​អ្នក​ដំណើរ​ចំនួន ៤៧៦​នាក់​បាន​លិច បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ៣០៤​នាក់​បាន​ស្លាប់។

ក្រោយ​ហេតុការណ៍​នេះ សកម្មភាព​សិល្បៈ​កម្សាន្ត​នានា​ត្រូវ​បាន​ផ្អាក​ជា​ច្រើន​សប្ដាហ៍ ដើម្បី​ជា​ការ​កាន់​ទុក្ខ​ដល់​សិស្សានុសិស្ស​ និង​ជន​រងគ្រោះ​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​នេះ។

តារា​ចម្រៀង​ច្រើន​ក្រុម​រួម​មាន EXO, G.NA, Block B, INFINITE និង Gummy ដែល​ត្រូវ​ចេញ​បទ​ចម្រៀង​នៅ​ពាក់កណ្ដាល​ខែ​មេសា និង​ខែ​ឧសភា ​បាន​ពន្យារ​ពេល​ការ​វិល​ត្រលប់​មួយ​រយៈ​ធំ និង​បាន​រៀប​ចំ​កាលវិភាគ​សម្ដែង Concert​ ផ្សេង​ៗ​សារ​ជា​ថ្មី។​

 

៥. Kim Hyun Joong ប្រើ​អំពើ​ហិង្សា​លើ​មិត្ត​ស្រី​យ៉ាង​ដំណំ

 

កាល​ពី​ខែ​សីហា តារា​ចម្រៀង​និង​សម្ដែង Kim Hyun Joong បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ខក​ចិត្ត បន្ទាប់​ពី​តារា​រូប​នេះ​ត្រូវ​អតីត​សង្សារ​ប្ដឹង​ ចោទ​ប្រកាន់​ថា​បាន​ប្រើ​អំពើ​ហិង្សា​លើ​រាងកាយ​របស់​នាង​ជា​ច្រើន​លើក។

 

បន្ទាប់​ពី​ចូល​ខ្លួន​ឆ្លើយ​សំណួរ​​ប៉ូលិស Kim Hyun Joong បាន​បង្ហោះ​ពាក្យ​សុំទោស​មិត្ត​ស្រី​របស់​ខ្លួន​ជា​សាធារណ​តាម​រយៈ​បណ្ដាញ​សង្គម​ និង​​​ទទួល​ស្គាល់​ថា​ខ្លួន​បាន​ធ្វើ​នូវ​ទង្វើ​ដែល​មិន​សមរម្យ​ទាល់តែ​សោះ។ ដោយ​យល់​ថា Kim ដឹង​ខ្លួន​ខុស អតីត​សង្សារ​ម្នាក់​នោះ​ក៏​បាន​ដក​ពាក្យ​បណ្ដឹង​វិញ។

 

៦. មនុស្ស​១៦​នាក់​ស្លាប់​ក្នុង​ការ​ប្រគំ​តន្ត្រី​របស់​ក្រុម​ 4Minute

 

កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​តុលា ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី Techno Valley Festival មនុស្ស​ចំនួន ២៧​នាក់​បាន​ធ្លាក់​ចូល​រណ្ដៅ​ជម្រៅ​ជាង ១០​ម៉ែត្រ ដែល​ក្នុង​នោះ​មនុស្ស ១៦​នាក់​បាន​ស្លាប់ ក្នុង​ហេតុការណ៍​បាក់​រនាំង​ដែក​ដែល​គេ​ទុក​ប្រឡោះ​ខ្យល់​ចេញចូល​សម្រាប់​ផ្លូវ​ក្រោម​ដី។

 

គ្រោះថ្នាក់​នេះ​បាន​កើត​ឡើង​អំឡុង​ពេល​ការ​សម្ដែង​របស់​ក្រុម​ចម្រៀង 4minute ដែល​ពេល​នោះ​សមាជិក​ទាំង​អស់​នៅ​លើ​ឆាក​មិន​បាន​ដឹង​ពី​រឿង​នេះ​ឡើយ។​​​​

 

៧. តារា​ចម្រៀង​ផលិតកម្ម SM ជា​ច្រើន​នាក់​ចាប់​ផ្ដើម​មាន​ស្នេហា

 

ឆ្នាំ​២០១៤​ជា​ឆ្នាំ​ដែល​តារា​កូរ៉េ​ជា​ច្រើន​នាក់​បាន​លាតត្រដាង​អំពី​ទំនាក់ទំនង​ស្នេហា​របស់​ខ្លួន ដែល​ក្នុង​នោះ តារា​ភាគ​ច្រើន​មក​ពី​ផលិតកម្ម SM Entertainent។ គ្រាន់​តែ​ចូល​ដល់​ថ្ងៃ​ទី​១ ខែ​មករា ព័ត៌មាន​ស្នេហា​របស់​តារា​ចម្រៀង Yoona ក្រុម Girls' Generation និង​តារា​ចម្រៀង Lee Seung Gi ក៏​បាន​ផ្ទុះ​ឡើង​ និង​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​មហាជន​ជា​ច្រើន។ ក្រោយ​មក​មាន​គូ​ស្នេហ៍​តារា​ៗ​ជា​ច្រើន​គូ​ទៀត​បាន​បង្ហាញ​មុខ រួម​មាន Sooyoung ក្រុម Girls' Generation ជាមួយ​តារា​សម្ដែង Jung Kyung Ho, Tiffany ក្រុម​ Girls' Generationជាមួយ Nichkhun ក្រុម 2PM, Taeyoen ក្រុម Girls' Generaion ជាមួយ Baekhyun ក្រុម EXO, និង​ចុង​ក្រោយ​គឺ Sungmin ក្រុម Super Junior។

 អានអត្ថបទ៖គូ​ស្នេហ៍​តារា​ល្បី​កូរ៉េ​ប្រចាំ​ឆ្នាំ​២០១៤ ទាំង ១២​គូ មើល​ទៅ​មួយ​គូ​ណា​សម​គ្នា​ជាង​គេ?

៨. Seungri របស់​ក្រុម BIGBANG ជួប​គ្រោះថ្នាក់​ចរាចរណ៍

 

កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា សមាជិក​ក្រុម BIGBANG Seungri បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​ឡាន បន្ទាប់​ពី​រថយន្ត​ Porsche ដែល​គេ​បើក ​បុក​ជាមួយ​ភាគី​ម្ខាង​ទៀត​ដែល​ជិះ​រថយន្ត Benz និង​ក្រោយ​មក​ទៅ​បុក​រនាំង​ផ្លូវ។ ទាំង​ប៉ូលិស និង​ផលិតកម្ម YG បាន​អះអាង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​មិន​មែន​បណ្ដាល​មក​ពី​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​នោះ​ទេ។ បើ​ទោះ​ជា​របាយការណ៍​និយាយ​ថា​ Seungri មិន​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ប៉ុន្តែ​តារា​រូប​នេះ​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ជា​ច្រើន​សប្ដាហ៍ ៕

 

អានអត្ថបទ៖កម្រង​រូប​ភាពយ៉ាប់​ៗ ដែល​តារា​កូរ៉េ​ខំ​លាក់​មិន​ចង់​​ឲ្យ Fan ឃើញ

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ koreaboo
អត្ថបទថ្មី