រងសម្ពាធផ្លូវចិត្តខ្លាំង ហ៊ុន ចាន់រាជ សម្រេចលាឈប់ពីក្លិប Afighter
- 2014-12-11 18:22:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រងសម្ពាធផ្លូវចិត្តខ្លាំង ហ៊ុន ចាន់រាជ សម្រេចលាឈប់ពីក្លិប Afighter
ចន្លោះមិនឃើញ
គ្រូបង្ហាត់កីឡាប្រដាល់ និងក្បាច់គុនប្រយុទ្ធក្នុងដ៏ល្បី និងវ័យក្មេង ហ៊ុន ចាន់រាជ បានប្រកាសលាឈប់ពីតួនាទីជាគ្រូបង្វឹកធំនៅក្លិបប្រដាល់ AFIGHTER ហើយ បន្ទាប់ពីរូបលោកទទួលរងនូវសម្ពាធផ្លូវចិត្តច្រើន ហើយពុំទទួលបាននូវការគោរព និងឲ្យតម្លៃពីសំណាក់ក្លិប ក៏ដូចជាកូនសិស្សមួយចំនួនរបស់ខ្លួន។
បុរសកូនកាត់ខ្មែរ-អាមេរិករូបនេះបានលើកឡើងថា៖ «ខ្ញុំដកខ្លួនពីក្លិប AFIGHTER ហើយ អ៊ឺ...មូលហេតុ អ្នកខ្លះអត់គោរពសិទ្ធិខ្ញុំជាគ្រូធំ»។ ចាន់រាជ បន្តថា កីឡាករមួយចំនួនមិនសូវឲ្យតម្លៃខ្លួនជាគ្រូ ខណៈដែលលោកខិតខំប្រឹងប្រែងបង្ហាត់អស់ពីកម្លាំងកាយចិត្ត។ លោកបន្ថែមថា ការសម្រេចអ្វីមួយក្លិបមិនបានពិភាក្សា ឬឲ្យតម្លៃដល់លោកដែលជាគ្រូបង្គោលសោះគឺចង់ឲ្យកីឡាករចេញទៅប្រកួតនៅក្រៅបរទេស ក៏រៀបចំភ្លាមៗតែម្ដង ដោយឥតមានការត្រៀមខ្លួនឲ្យបានល្អ។
ហ៊ុន ចាន់រាជ លើក សំ ថារ័ត្ន
ដោយឡែក កីឡាការិនី សំ ថារ័ត្ន បានប្រាប់ឲ្យដឹងថា គ្រូ ចាន់រាជ អាចនឹងអន់ចិត្តចំពោះសិស្សដែលមិនបានគោរព និងឲ្យតម្លៃដល់គ្រូ ជាពិសេសពេលវិលត្រឡប់មកពីប្រកួតវិញ ច្រើនតែប្រងើយៗដាក់គ្រូ ខណៈដែលពេលត្រូវប្រកួត ឬចេញទៅប្រកួតនៅក្រៅប្រទេសគ្រូក្មេងរូបនេះបានយកចិត្តទុកដាក់ មើលថែសិស្សដូចកូនបង្កើតរបស់ខ្លួន។
ថារ័ត្ន បន្តថា លោក ចាន់រាជ រងនូវសម្ពាធផ្លូវចិត្តខ្លាំងក្រោយពេលដែលកូនសិស្សរបស់ខ្លួនប្រកួតចាញ់ម្ដងៗ តែងតែមានមតិរិះគន់បែបនេះ បែបនោះជានិច្ច។ បន្ថែមលើនេះ កីឡាករដែលមិនបានប្រកួតក៏ចោទមកលើរូបលោកថា មិនបានរៀបចំ ឬចាប់គូឲ្យប្រកួតទៀតផង។
ហ៊ុន ចាន់រាជ ជាកូនកាត់ខ្មែរនៅអាមេរិកមួយរូបដែលបានមកបង្កើតក្លិបប្រដាល់ និងក្បាច់គុនប្រយុទ្ធក្នុងទ្រុងតាំងពីចាប់ផ្ដើមដំបូងឥតមាននរណាស្គាល់ រហូតដល់អន្តរជាតិទទួលស្គាល់ពីគុណភាពប្រយុទ្ធក្នុងទ្រុងរបស់ខ្មែរ។ ការចូលខ្លួនប្រឡូកក្នុងវិស័យនេះលោកមិនទទួលបានប្រាក់បៀវត្សអ្វីនោះទេ ហើយថែមទាំងត្រូវចំណាយកម្លាំង និងធនធានផ្ទាល់ខ្លួនទៀតផង៕
ចុចអាន៖ ចំណូលប្ដី-ប្រពន្ធ អេ ភូថង ចិញ្ចឹមតែកីឡាករ និងផ្គត់ផ្គង់ក្លិប
អត្ថបទ៖ អៀង សូទ្រី