ឡូយ​ហ្មង...ក្រោយ​ធ្លាក់​ពី The Voice Cambodia ចំរើន សុ​ភ័ក្ត្រ រឹត​តែ​ឡើង!!!

  • 2014-12-13 16:34:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ដើម​ពី​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ និង​ជា​អ្នក​ចម្រៀង​បុរាណ​ម្នាក់ កញ្ញា ចំរើន សុភ័ក្ដ្រ បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ច្រើន ក្រោយ​​ធ្លាក់​ពី The Voice Cambodia ក្នុង​នោះ​ ថែម​ទាំង​​មាន​ហាង​ឆេង​ខ្ពស់​ទៀត។

 

 

"ច្រៀង​មង្គល​ការ គឺ​ធម្មតា​ទៅ​ហើយ តាំង​ពី​មុន​ប្រឡង The Voice Cambodia ទៀត តែ​សម័យ​ទើប​ទទួល​បាន​ឥឡូវ​ទេ​បង"។ កញ្ញា ចំរើន សុភ័ក្ដ្រ បាន​ប្រាប់ Sabay ទៀត​ថា នាង​ទទួល​បាន​ការ​ហៅ​ឲ្យ​ច្រៀង​ក្នុង​កម្មវិធី​ធំ​ៗ​មួយ​ចំនួន តាំង​ពី​ចប់ The Voice Cambodia មក ក្នុង​នោះ​មាន​កម្មវិធី​របស់​ធនាគារ ANZ Royal ភេសជ្ជៈ បាកាស និង​ក្រុមហ៊ុន Nestle ជា​ដើម។

 

មិន​ត្រឹម​ប៉ុណ្ណឹង ផលិតកម្ម​មួយ​ចំនួន​ក៏​ចាប់​អារម្មណ៍​លើ​កញ្ញា​ដែរ។ "ចំណែក​ផលិតកម្ម​វិញ ក៏​មាន​ខ្លះ​ដែរ​បង តែ​មិន​ទាន់​សំរេច!”។ កញ្ញា សុភ័ក្ដ្រ បន្ថែម។

 

ចំរើន សុភ័ក្ត្រ គឺ​ជា​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ជំនាញ​ចម្រៀង​បុរាណ ឆ្នាំ​ទី ៤។ កញ្ញា​ថ្លែង​ថា តាំង​ពី​ដឹង​ក្ដី​មក គឺ​នាង​ស្រឡាញ់​សិល្បៈ​មួយ​នេះ(ចម្រៀង​បុរាណ)រហូត​មក។ ប៉ុន្តែ​ក្រោយ​ពី​ប្រឡង​កម្មវិធី The Voice Cambodia មក អ្វី​ៗ​បាន​ផ្លាស់​ប្ដូរ​មក​៥០%​ម្នាក់ រវាង​បុរាណ និង​សម័យ។ យ៉ាង​ណា​កញ្ញា អះអាង​ថា គ្មាន​ថ្ងៃ​នាង​ទម្លាក់​បុរាណ​ស្រវា​យក​តែ​សម័យ​នោះ​ទេ។

 

សុភ័ក្ដ្រ បាន​ត្រឹម​ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្នុង​កម្មវិធី The Voice Cambodia ឆ្នាំ​ទី​១ ជាមួយ​បេក្ខជន​៣​រូប​ផ្សេង​ទៀត​រួម​មាន ឃុន វុត្ថា មក​ពី​ខេត្ត​ព្រៃ​វែង សយ រតនៈ មក​ពី​ខេត្ត​កំពង់​ឆ្នាំង និង​បេក្ខជន ប៊ុត សីហា មក​ពី​ខេត្ត​កំពង់​ស្ពឺ ប៉ុន្តែ​កញ្ញា​មិន​បាន​ជយលាភី​ទេ។ បើ​ទោះ​មិន​ទទួល​ជយលាភី ប៉ុន្តែ​កញ្ញា​អះអាង​ថា មិន​បាក់​ទឹក​ចិត្ត​ទេ។ "ធម្មតា​ប្រឡង​មិន​ថា​យើង មិន​ថា​គេ ចេះ​តែ​ចង់​ឈ្នះ​ហើយ ប៉ុន្តែ​ខ្ញុំ​ក៏​អត់​បាក់​ទឹក​ចិត្ត​អី​ដែរ​បង ខ្ញុំ​មិន​រំពឹង​ថា នឹង​បាន​មក​ដល់​វគ្គ​ហ្នឹង​ផង!”។

 

 

ក្រៅ​ពី​ទទួល​បាន​ការងារ​សិល្បៈ​មួយ​ចំនួន​ដូច​ខាង កញ្ញា ចំរើន សុភ័ក្ដ្រ ត្រៀម​នឹង​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​របស់ Sky Club ជាមួយ​បេក្ខជន​វគ្គ​ចុង​ក្រោយ​របស់ The Voice Cambodia ៣​នាក់​ទៀត​នៅ​យប់​នេះ។ ដោយ​ឡែក​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​វិញ កញ្ញា នឹង​ឡើង​កម្មវិធី "តន្ត្រី​ពិសេស" របស់​ទូរទស្សន៍​ហង្សមាស​ទៀត។

 

កញ្ញា ចំរើន សុភ័ក្ដ្រ មាន​វ័យ ២៤​ឆ្នាំ កើត​នៅ​រាជធានី​ភ្នំពេញ។ ឪពុក​របស់​កញ្ញា ឈ្មោះ ហ៊ល ចំរើន អតីត​សិល្បករ​សៀក ឯ​ម្ដាយ​ឈ្មោះ ឡាច រ៉ានី ជា​មេផ្ទះ។ សុភ័ក្ដ្រ មាន​បង​ប្អូន​ចំនួន​៣​នាក់(ស្រី​២ ប្រុស​១) កញ្ញា​ជា​កូន​ទី​២។ បង​ប្អូន​ពីរ​នាក់​ទៀត សុទ្ធ​ជា​អ្នក​សិល្បៈ​ទាំង​អស់៕

 

សុភ័ក្ដ្រ និង​មិត្ត​រួម​ក្រុម​របស់ Coach ណុប បាយ៉ារិទ្ធ(រូប​ថត៖ FB សុភ័ក្ដ្រ)

 

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម