ស្ទើរស្រក់​ទឹក​ភ្នែក ​ព្រោះ​ស្ពាន​ចំណាស់​ខ្មែរ​ស្អាត​តែ​បាត់​បង់

  • 2014-12-16 22:04:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

យោង​ទំព័រ​ផ្លូវ​ការ​របស់សាលា​​រាជធានី​ភ្នំពេញ រូបភាព​ស្ពាន​ខាង​លើ​​នេះ​ មាន​ឈ្មោះ​ថា ស្ពាន​ដុល្លា ​សម្រាប់​ឆ្លង​ព្រែក​មួយ​ តែ​គួរ​ឲ្យ​ស្ដាយ​វា​ត្រូវ​បាន​គេ​​លុប​ចោល​ទៅ​ហើយ។​ ព្រែក​នោះ​លុប​តាំង​ពី​សម័យ​បារាំង​មក​ម្ល៉េះ ហើយ​ទី​តាំង​ស្ពាន​នេះ​ បើ​គិត​មក​ដល់​សព្វ​ថ្ងៃ​ស្ថិត​នៅ​ម្ដុំ​ផ្សារ​រាត្រី​បច្ចុប្បន្ន។

 

ទាក់ទង​នឹង​​រូបភាព​ស្ពាន​នេះ លោក​ សាស្ត្រាចារ្យ​ សំបូរ មាណ្ណារ៉ា បង្រៀន​មុខវិជ្ជា​ប្រវត្តិសាស្ត្រ​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ បាន​រៀប​រាប់​ប្រាប់ Sabay ថា​ ស្ពាន​ដែល​មាន​តាំង​ពី​សម័យ​បារាំង បើ​គិត​មក​ដល់​បច្ចុប្បន្ន​ ស្ពាន​នេះ អាច​មាន​អាយុកាល​ជាង​ ៧០-៨០ ឆ្នាំ​ហើយ ដូច្នេះ​វា​អាច​មាន​ភាព​ចាស់​សឹក​រិច​រិល។

 

ការបាត់​បង់​ស្ពាន​អាច​មក​ពី​កត្តា​ជា​ច្រើន ដូច​ជា​ អាច​មក​ពី​ការ​អភិវឌ្ឍន៍ ព្រោះ​គេ​ត្រូវ​ការ​ដឹក​ជញ្ជួន​ធ្ងន់​ៗ​ឆ្លង​កាត់​ស្ពាន តែ​ស្ពាន​មាន​ភាព​ពុក​ផុយ​មិន​អាច​ទ្រ​ទម្ងន់​បាន ម្យ៉ាង​គេ​អភិវឌ្ឍន៍​ពី​ផ្លូវ​ទឹក​មក​ផ្លូវ​គោក។ ដូច្នេះ​ការ​បាត់​បង់ អាច​ជា​រឿង​មួយ​ដ៏​ត្រឹម​ត្រូវ។ បើ​មិន​ចង់​បាត់​បង់​ស្ពាន ទាល់​តែ​ដូរ​ផ្លូវ​ចេញ ឧទាហរណ៍​ ដូច​ជា​ ស្ពាន​កំពង់​ក្ដី ដែល​ជា​ស្ពាន​បុរាណ​ បើ​សិន​ជា​រដ្ឋាភិបាល​លោក​មិន​ដូរ​ផ្លូវ​ចេញ​ទេ មាន​តែ ក​ម្ទេច​ស្ពាន​កំពង់​ក្តី​ចោល ប៉ុន្តែ​បើ​គេ​ចង់​ទុក​មាន​តែ​ដូរ​ផ្លូវ​ចេញ។ នេះ​ជា​វិធី​មួយ​ដែល​អាច​រក្សា​ទុក​ស្ពាន​បាន​ ប៉ុន្តែ​ក៏​មាន​ស្ពាន​សល់​ពី​សម័យ​បារាំង​ជា​ច្រើន​ទៀត​ដែល​នៅ​សេស​សល់ ជា​ស្ពាន​បុរាណ​ដែល​គេ​ទុក​វា​ឲ្យ​នៅ​ដដែល ​មិន​ប្រើ​ប្រាស់​ហើយ​​ទុក​ជា​និមិត្តរូប។

 

លោក​បន្ត​ថា ការ​បាត់​បង់​ស្ពាន​ពេល​ខ្លះ​មិន​អាច​បន្ទោស​អ្នក​ណា​បាន​ទេ ព្រោះ​រាជរដ្ឋាភិបាល​លោក​ក៏​ចង់​បាន​ដែរ​នូវ​ការ​អភិរក្ស​ តែ​ការ​អភិវឌ្ឍ​ក៏​ត្រូវ​តែមាន។ យើង​ទាំង​អស់​គ្នា​គួរ​គិត​ថា​អ្វី​ក៏​ដោយ​មិន​អមតៈ​ឡើយ នៅ​ថ្ងៃ​ណា​មួយ​វា​នឹង​បាត់​បង់។

 

ប៉ុន្ដែ សម្រាប់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម Facebook បាន​បញ្ចេញ​យោបល់​ថា ការ​បាត់​បង់​ស្ពាន​​ដូចរូប​ខាង​លើ​គឺជា​រឿង​ស្ដាយ ព្រោះ​​​​រចនាបថ​ដ៏​ស្រស់​ស្អាត​នៃ​ស្ពាន​។ នៅ​ក្នុង​ការ​បញ្ចេញ​យោបល់​របស់​ពួកគេ​ បាន​លើក​ឡើង​ទៀត​ថា បើ​ស្ពាន​នេះ​បាន​បន្សល់​ដល់​សព្វ​ថ្ងៃ​មិន​ដឹង​ល្អ​យ៉ាង​ណា​ទេ។ នេះ​បើ​តាម​ការ​​លើកឡើង​ពី​​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ Faccebook។

 

 

 

សូមអាន ៖ ភ្នំពេញ​ត្រៀម​រុះរើ​ដាក់​ស្តុប​​ទំនើប​១០០​​កន្លែង​ ចំពេល​​ចរាចរណ៍​កំពុង​​បង្ក​​​​​ការ​​វិល​មុខ​

 

អត្ថបទ៖ លឹម សុ​នា រូបភាព៖ Page រាជ​ធានី​ភ្នំពេញ