វៀតណាម​គ្រោង​ដំឡើង​ថ្លៃ​អគ្គិសនី​ចាប់​ពី​ខែ​នេះ​ទៅ

  • 2014-12-17 22:02:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន Viet Nam News បាន​ចុះ​ផ្សាយ​កាល​ពី​ព្រឹក​មិញ​នេះ​ថា ក្រុមហ៊ុន​អគ្គិសនី​វៀតណាម (EVN) មាន​គម្រោង​ដំឡើង​ថ្លៃ​អគ្គិសនី ៩,៥​ភាគរយ​លើ​តម្លៃ​ដើម ចាប់​ពី​ខែ​នេះ​ទៅ។ ​​

 

ប្រភព​រូប​ភាព៖ Vinacomin

 

នេះ​មាន​ន័យ​ថា តម្លៃ​អគ្គិសនី​នឹង​កើន​ឡើង​ពី ១៥០៨,៨៥​ដុង (ប្រហែល ២៨៥​រៀល) ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង ទៅ ១៦៥២,១៩​ដុង (ប្រហែល ៣១២​រៀល) ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង។ ការ​ដំឡើង​ថ្លៃ​នេះ នឹង​ធ្វើ​ឲ្យ​ចំណូល​កើន​ឡើង​ដល់ ៧០០​ពាន់​លាន​ដុង (ជាង ១៣២​ពាន់​លាន​រៀល) ដែល​ក្រុមហ៊ុន​នេះ​នឹង​យក​ទៅ​​បម្រើ​ឲ្យ​សង្វាក់​ផលិត​កម្ម​ថាមពល​​អគ្គិសនី និង​សកម្មភាព​ជំនួញ​នានា។ ​​

 

សារព័ត៌មាន​ដដែល​បាន​បញ្ជាក់​ទៀត​ថា គម្រោង​នេះ នឹង​នាំ​ឲ្យ​តម្លៃ​អគ្គិសនី​វៀតណាម ស្មើ​អត្រា​តម្លៃ​អគ្គិសនី​នៃ​ប្រទេស​ជិត​ខាង​ក្នុង​តំបន់ និង​រក​ចំណូល​បាន​កាន់​តែ​ច្រើន​ពី​វិនិយោគិន​នានា។ បើ​តាម​សេចក្ដី​សម្រេច​ថ្មី​នេះ អគ្គិសនី​នឹង​ត្រូវ​លក់​ក្នុង​តម្លៃ​ជា​មធ្យម​ចន្លោះ​ពី ១៤៣៧​ដុង (ប្រហែល ២៧២​រៀល) ទៅ ១៨៣៥​ដុង ​(ប្រហែល ៣៤៧​រៀល) ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង ដោយ​មិន​ទាន់​គិត​បញ្ចូល​ពន្ធ។ ទោះ​យ៉ាង​ណា មន្ត្រី​មួយ​ចំនួន បាន​សម្ដែង​ក្ដី​បារម្ភ និង​បញ្ជាក់​ថា​ការ​បង្កើន​តម្លៃ​នេះ គួរ​ធ្វើ​ឡើង​នៅ​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ​ក្រោយ។ ​ បទ​បញ្ជា​ផ្ទៃ​ក្នុង​​វៀតណាម បាន​បញ្ជាក់​ថា ការ​កំណត់​តម្លៃ​​អគ្គិសនី​ថ្មី​ត្រូវ​មាន​គម្លាត​គ្នា​យ៉ាង​តិច ៦​ខែ។ តម្លៃ​អគ្គិសនី​បច្ចុប្បន្ន ១៥០៨,៨៥​ដុង ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​នេះ ត្រូវ​កំណត់​តាំង​ពី​ថ្ងៃ​ទី០១ ខែ​សីហា ឆ្នាំ​២០១៣ ដែល​រហូត​មក​ដល់​ពេល​នេះ មាន​រយៈពេល ១៦​ខែ​ហើយ។ ដូច​នេះ ការ​កំណត់​តម្លៃ​អគ្គិសនី​សាជាថ្មី គឺ​អាច​ធ្វើ​ទៅ​បាន ដោយ​មិន​ខុស​នឹង​លក្ខន្តិកៈ​ឡើយ។

 

បញ្ជាក់៖ តម្លៃ​ខាង​លើ​គិត​តាម​អត្រា​ប្តូរ​ប្រាក់​ថ្ងៃ​នេះ ១០០០០​ដុង=១៨៩០​រៀល

 

ចុចអាន៖ អាជីវករ​ដូរ​លុយ​​បង្ហើប​តិចនិក​មើល​​​ក្រដាស​​​១០០​ដុល្លារ​​ក្លែង​ក្លាយ

 

ចុចអាន៖ អង្ករ​​​ខ្មែរ​ និង​​ថៃ​​ ទទួល​​ជយលាភី​អង្ករ​ល្អបំផុត​លើ​​ពិភពលោក​​

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ vietnamnews

អត្ថបទថ្មី