តារា​សម្ដែង ឌី សូនីតា គ្រួសារ​ដឹក​ចូល​ពេទ្យ​ភ្លាម​ៗ

  • 2014-12-18 17:47:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ចម្រៀង​កញ្ញា ឌី សូនីតា ត្រូវ​ក្រុម​គ្រួសារ​ដឹក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​កាល​ពី​ពីរ​ថ្ងៃ​មុន បន្ទាប់​ពី​នាង​លេច​ចេញ​ស្ថានភាព​ឈឺ​ជំងឺ​ចម្លែក​នឹក​ស្មាន​មិន​ដល់​មួយ​។

 

អ្នក​មីង​របស់​កញ្ញា ឌី សូនីតា ដែល​ជា​អ្នក​លើក​ទូរសព្ទ​ជំនួស ប្រាប់​ថា មក​ទល់​ពេល​នេះ​ក្មួយ​ស្រី​របស់​គាត់​ស្ថិត​ក្នុង​មន្ទីរ​ពេទ្យ​នៅ​ឡើយ ហើយ​ក្រុម​គ្រូពេទ្យ​កំពុង​តាម​ដាន​ស្ថានភាព​ជំងឺ។ "ពេទ្យ​អត់​ទាន់​កំណត់​បាន​ជំងឺ​អី​ទេ គ្រាន់​តែ​ប្រាប់​ថា​ឈាម​ស​ឡើង​លើស​ឈាម​ក្រហម​ខ្លាំង និង​ប្រាប់​ទៀត​ថា វា​ធ្វើ​ទុក ដោយ​សារ​វា​ធ្វើការ​ច្រើន​លើស​កំលាំង​ខ្លាំង​ពេក"។

 

នៅ​ក្នុង​មន្ទីរ​ពេទ្យ​ព្រឹក​នេះ នីតា បាន​ភ្ញាក់​ដឹង​ខ្លួន​ពី​ជំងឺ កញ្ញា​បាន​ឆ្លើយ​ទូរសព្ទ​ជាមួយ​ក្រុមការងារ​យើង​ទាំង​សំឡេង​ខ្សាវ​ៗ​ពី​សភាព​ជំងឺ​នាង​ថា "ពី​ក្បាល​ព្រលប់​មិន​អី​ទេ គឺ​ធម្មតា...លុះ​ជិត​ភ្លឺ ស្រាប់​តែ​មាន​អារម្មណ៍​កាន់​តែ​មិន​ស្រួល​ខ្លាំង​ឡើង​ៗ ក៏​ចុះ​ទៅ​ដាស់​ទ្វារ​ម៉ាក់​ឲ្យ​កោសខ្យល់​ឲ្យ លុះ​ព្រឹក​ឡើង​ទៅ​ពេទ្យ​ដាក់​សេរ៉ូម។ ដោយ​សារ​គេង​ពេទ្យ​អត់​កើត ខ្ញុំ​ក៏​មក​គេង​នៅ​ផ្ទះ​វិញ"។

 

តារា​ស្រី​ដែល​បាន​ចាប់​កំណើត​លើ​ទឹក​ដី​ខេត្ត​កំពង់​ឆ្នាំង​រូប​នេះ ប្រាប់​ទៀត​ថា នៅ​យប់​ថ្ងៃ​ទី​ពីរ​នោះ គឺ​ជំងឺ​របស់​នាង ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​កាន់​តែ​ខ្លាំង​ជាង​មុន។ "មាន​អារម្មណ៍​មិន​ស្រួល​ខ្លាំង ខ្ញុំ​ក៏​ចុច​ទូរសព្ទ​ហៅ​បង​ប្អូន ម៉ាក់​អី​ឲ្យ​ជួយ ប៉ុន្តែ​ទូរសព្ទ​អត់​សេវា ខ្ញុំ​ក៏​បោច​ស៊ី​រ៉ូម​ដោយ​ខ្លួន​ឯង បន្តិច​ក្រោយ​មក សំណាង​បាន​ម៉ាក់​ឡើង​មក​មើល​ឃើញ​ខ្ញុំ​កំពុង​តែ​ញាក់​តែ​ម្នាក់​ឯង ក៏​ហៅ​បង​ប្អូន​បី​មក​ពេទ្យ​តែ​ម្ដង ព្រោះ​ពេទ្យ​ផ្ទះ​ដែរ បន្ត​ពី​នោះ​ខ្ញុំ​លែង​ដឹង​អី​ហើយ”។

 

កញ្ញា បន្ត​ថា នាង​ស្រៀវ​ឆ្អឹង​ខ្នង និង​ចង្កេះ​ចង់​ដាច់​ពី​គ្នា ហើយ​ឈឺ​តាំង​ក្បាល​ចុង​ដល់​ជើង រួម​ទាំង​រងា​ញ័រញាក់​ទៀត។ "មក​ដល់​ឥឡូវ​គ្រូ​ពេទ្យ​ក៏​កំណត់​ជំងឺ​មិន​ទាន់​បាន វា​ដូច​ជា​ជំងឺ​ថ្មី​ម៉េច​ទេ ព្រោះ​មាន​អ្នក​ជំងឺ​ប្រមាណ៨-៩​នាក់​ទៀត ឈឺ​ដូច​ខ្ញុំ​អីចឹង​ដែរ គ្រូ​ពេទ្យ​ឆ្ងល់ និង​កំពុង​តាម​ដាន"។ សូនីតា បន្ថែម។

 

ក្រោយ​ដាក់​ស៊ីរ៉ូម​រយៈ​ពេល​ពីរ​បី​ថ្ងៃ​មក ស្ថានភាព​របស់​កញ្ញា ឌី សូនីតា បាន​វិល​មក​ភាព​ល្អ​ប្រសើរ​ច្រើន។ "គ្រូ​ពេទ្យ​ថា ខ្ញុំ​អាច​ចេញ​ពី​ពេទ្យ​ថ្ងៃ​ហ្នឹង តែ​ហាម​មិន​ឲ្យ​ធ្វើ​ការងារ​អី​ធ្ងន់​ទេ ឲ្យ​សម្រាក​ឲ្យ​បាន​ច្រើន និង​ញុំា​ឲ្យ​ទៀង​ទាត់។ ពេទ្យ​ថា ធ្វើ​អីចឹង​តែ​មួយ​រយៈ​ខ្លី​នឹង​ធម្មតា​វិញ​ហើយ!”។

 

 អត្ថបទ៖តារា​សម្ដែង ឌី សូនីតា ភ្លក្ស​រសជាតិ​ជីវិត​ជា​អ្នក​រើស​អេតចាយ

 

តារា​ចម្រៀង ទើប​អភិវឌ្ឍន៍​ខ្លួន​មក​ជា​តារា​សម្ដែង​រូប​នេះ ប្រាប់​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ នាង​ទទួល​ការងារ​សិល្បៈ​ច្រើន​ហួសហេតុ​ពេក​ទើប​នាំ​សុខ​ភាព​ទ្រុឌទ្រោម​ដូច្នេះ ក្នុង​នោះ​មាន​ទាំង​កម្មវិធី​ទូរទស្សន៍ កម្មវិធី​ច្រៀង​ក្នុង​ពិធី​ផ្សេង​ៗ និង​ស្ប៉ត​ពាណិជ្ជកម្ម​មួយ​ចំនួន។

 

"ការងារ​ដែល​ខ្ញុំ​ទទួល​គេ​ហើយ ខ្ញុំ​នឹង​ព្យាយាម​ធ្វើ តែ​ម៉ាក់​បាន​សុំ​គេ​លុប​ខ្លះ​ហើយ ខ្ញុំ​ធ្វើ​តែ​ការងារ​ដែល​ទទួល​ហើយ​ទេ ផុត​ពី​ហ្នឹង​ខ្ញុំ​សម្រាក​សិន រហូត​ដល់​ខែ​១​ខែ​២ សុខ​ភាព​រឹង​មាំ បាន​ទទួល​ទៀត!”៕

 

អត្ថបទ៖ ទារិកា