បញ្ចេញរបាយការណ៍ ចំនួនអ្នករកស៊ីផ្លូវភេទនៅវៀតណាម
- 2014-12-22 22:01:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ចេញរបាយការណ៍ ចំនួនអ្នករកស៊ីផ្លូវភេទនៅវៀតណាម
ចន្លោះមិនឃើញ
សារព័ត៌មាន Thanhnien News បានចុះផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញនេះថា វៀតណាមគឺជាជម្រករបស់អ្នករកស៊ីផ្លូវភេទ ១១២៤០នាក់ ប៉ុន្តែចំនួនពិតប្រាកដអាចមានច្រើនលើសពីនេះ។
របាយការណ៍ផ្លូវការបានបង្ហាញថា រដ្ឋធានីហាណូយមានអ្នករកស៊ីលក់ខ្លួន ៣៦៧៣នាក់ ចំណែកក្រុងសេដ្ឋកិច្ចភាគខាងត្បូង ហូជីមិញ មានអ្នកប្រកបរបរនេះ ៣២០០នាក់។ គណៈកម្មការជាតិផ្នែកបង្ការជំងឺអេដស៍ និងទប់ស្កាត់ពេស្យាចារ ដែលជាអ្នករៀបចំកិច្ចប្រជុំរួមគ្នាជាមួយក្រសួងកិច្ចការសង្គម កំពុងត្រួតពិនិត្យឡើងវិញចំពោះផលប៉ះពាល់ នៃបញ្ញត្តប្រឆាំងនឹងឧស្សាហកម្មសិចថ្មីដែលចូលជាធរមានតាំងពី ឆ្នាំ២០០៣។
អំឡុងកិច្ចប្រជុំនៅក្រុងហាណូយ កាលពីថ្ងៃសុក្រ អ្នកស្រាវជ្រាវ និងក្រុមមន្ត្រីរដ្ឋាភិបាលវៀតណាម បានទទួលស្គាល់ព្រមគ្នាថា បញ្ហាពេស្យាចារបានវាយលុកខ្លាំងនៅរដ្ឋធានីហាណូយ ក្រុងហូជីមិញ និងតំបន់នៅជុំវិញនោះ។ មន្ត្រីវៀតណាមបាននិយាយថា បញ្ហានេះមិនត្រឹមតែ បង្កើនហានិភ័យក្នុងការឆ្លងមេរោគអេដស៍ និងជំងឺកាមរោគផ្សេងៗទេ ប៉ុន្តែថែមទាំងធ្វើឲ្យការជួញដូរកុមារ និងស្ត្រីកើនឡើងផងដែរ។
លោក Nguyen Trong Dam ដែលជាអនុប្រធានកិច្ចការសង្គមជនពិការ និងពលកម្ម បាននិយាយថា អាជីវកម្មមួយនេះកំពុងលូតលាស់តាមរបៀបជាច្រើនដែលច្បាប់មិនអាចដោះស្រាយបាន ដោយក្នុងនោះរួមមាន ទេសចរណ៍សិច អ្នករកស៊ីផ្លូវភេទជាជនបរទេស បុរសលក់ខ្លួន និងសេវាកម្មសិចភេទដូចគ្នាជាដើម។ លោក Dam បានបន្តទៀតថា អាជីវកម្មសិចបានចាក់ឫសយ៉ាងជ្រៅតាមបណ្ដាញអ៊ីនធើរណិត ជាពិសេសបណ្ដាញទំនាក់ទំនងសង្គម Facebook។
សេវាកម្មផ្លូវភេទបានរីកដុះដាលកាន់តែខ្លាំង ហើយថែមទាំងមានការផ្សាយតាមប្រព័ន្ធអ៊ីនធើណិត និងសារផ្សេងៗដែលស្ថិតនៅក្រៅការគ្រប់គ្រងរបស់មន្ត្រីមានសមត្ថកិច្ច។ រូបភាពនៃការរកស៊ីផ្លូវភេទ ពេលនេះបានធ្វើឡើងនៅតាមហាងកាហ្វេ កន្លែងកាត់សក់ និងកន្លែងម៉ាស្សាជាដើម។ ចំណែកឯការលក់ខ្លួនតាមទីសាធារណៈ ដូចជាសួនច្បារ និងតាមដងផ្លូវ ក៏កំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរផងដែរ។ កាលពីដំណាច់ឆ្នាំមុន មន្ត្រីវៀតណាមកំណត់បានទីតាំងលក់ខ្លួនសាធារណៈ ៥៨ កន្លែងក្នុងក្រុងហូជីមិញ និងហាងរាប់ពាន់កន្លែងទៀត ដែលបង្កប់សេវារកស៊ីផ្លូវភេទ។
ពេស្យាចារនៅវៀតណាមក៏ដូចនៅកម្ពុជាដែរ គឺជាអំពើខុសច្បាប់ ដែលនឹងត្រូវផ្ដន្ទាទោស ទាំងអ្នកប្រព្រឹត្ត និងអ្នកផ្ដល់សេវា។ អ្នកជួញដូរផ្លូវភេទ ត្រូវប្រឈមមុខក្នុងការពិន័យពី ៣០០០០០ដុង(១៤.២ដុល្លារ)សម្រាប់ការប្រព្រឹត្តលើកទីមួយ ដល់ ៥លានដុង(២៣៤ដុល្លារ) ប្រសិនបើមិនរាងចាល។ ចំណែកឯអ្នកទទួលសេវាផ្លូវភេទវិញ ត្រូវពិន័យពី ៥០០០០០ដុង ដល់ ៥លានដុង អាស្រ័យលើស្ថានភាពជាក់ស្ដែង៕
ចុចអាន៖ តម្លៃសេវាផ្លូវភេទគ្រប់លំដាប់ត្រូវបានទម្លាយ
ចុចអាន៖ ប្លុកខារ៉ាអូខេថ្មីមហាធំនៅភ្នំពេញប្លែកភ្នែកបើមិនធ្លាប់ទៅដល់
ចុចអាន៖ ដឹងតារាប្រុសៗចូលខារ៉ាអូខេឲ្យលុយធីបនាងៗប៉ុន្មានអត់?
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ thanhniennews