ជើង​ខ្លាំង AK កម្ពុជា ប្តេជ្ញា​​នាំ​ពានអន្តរជាតិ​ MATIC 2015 ​ជូន​ជាតិ​

  • 2014-12-23 17:44:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើងខ្លាំង AK តំណាង​កម្ពុជា​ទាំង ៣ ក្រុមរបស់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​​(EFC)​​ដែល​នឹង​ត្រូវ​ចូលរួម​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​កីឡា​អេឡិចត្រូនិក E-Sports អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍ MATIC 2015 នៅ​ឯ​ប្រទេស​ចិន នៅ​ពាក់​កណ្ដាល​ខែ​មករា ឆ្នាំ ២០១៥ នេះ បាន​ប្រកាស​ក្ដែងៗ​ប្រាប់​ អ្នក​គាំទ្រ​ ​តាម​រយៈ​វីដេអូ​ខាង​ក្រោម​នេះ​ថា នឹង​ធ្វើ​ឲ្យ​ក្រុម​កម្ពុជា​ក្លាយ​ជា​ជើងឯក MATIC 2015 ឲ្យ​ទាល់តែ​បាន។

 

 

ក្រៅ​ពី​សន្យា​ថា នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​នាំ​ពាន​ជើង​ឯក​ MATIC 2015 ជូន​ជាតិ​ ក្រុម​ជើងខ្លាំង​ទាំង ៣ ​ថែម​ទាំង​បាន​​លួច​បង្ហើប​ពី​ដៃគូ​ប្រកួត​ដែល​ពួកគេ​ចង់​ជួប និង​ចង់​បំបាក់​​ដែល​​​ក្នុង​នោះ​ម្ចាស់​ជើងឯក CCC Final 2014 ក្រុម Secret ថា ​ចង់​ជួប​ក្រុម​ម្ចាស់ផ្ទះ​ចិន​ជាង​គេ ព្រោះ​ពួកគេ​បាន​ស្គាល់ និង​ប្រើប្រាស់​សព្វាវុធ​ថ្មីៗ ទំនើបៗ មុន​គេ ដូច្នេះ Secret អាច​នឹង​ទទួល​បាន​យុទ្ធសាស្ត្រ និង​តិចនិក​ប្រយុទ្ធ​ល្អៗ​ជាច្រើន​បន្ទាប់​ពី​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ។

 

 

ចំណែក​ក្រុម NeverCare និង MD (YouWillKnow) វិញ ហាក់​ដូច​មិន​ទាន់​ភ្លេច​នូវ​លទ្ធផល​ដ៏​ជូរចត់​ក្រោម​ថ្វីដៃ​ក្រុម ReBirth របស់​ប្រទេស​​ថៃ​ក្នុង​ព្រឹត្តិការណ៍ MATIC 2014 នៅ​ឡើយ​​នោះ​ទេ ដោយ​ជើងខ្លាំង​ទាំង ២ នេះ​កំពុង​ទន្ទឹម​រង់ចាំ និង​ចង់​ជួប​ជើងខ្លាំង​មក​ពី​ប្រទេស​ថៃ​មែនទែន។

 

 Blue-X បាន​បញ្ជាក់​ទៀត​ថា សម្រាប់​ជំនួប​ប្រកួត​ជាមួយ​ជើងខ្លាំង​ប្រទេស​ថៃ​ឆ្នាំ​នេះ អាច​ជា​ការ​សងសឹក​យក​ជ័យជម្នះ​ពី​ប្រទេស​ថៃ​វិញ ហើយ​វា​ក៏​អាច​ជា​ការ​បាក់​មុខ​ម្ដង​ទៀត​របស់​ក្រុម​គេ​ផ្ទាល់​ផង​ដែរ ព្រោះ​យើង​មិន​អាច​ដឹង​លទ្ធផល​មុន​បាន​ឡើយ ទាល់​តែ​ប្រកួត​ចប់​ទើប​ដឹង។

 

ចង់​ដឹង​កាន់តែ​ច្បាស់​ពី​មហិច្ឆតា​ជើងខ្លាំង​កម្ពុជា​យើង សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

 

http://youtu.be/kaJXxPQLkkA

 

និយាយ​ចឹង! ក្នុង​វីដេអូ​ខាង​លើ​នេះ ប្រិយមិត្ត​គិត​ថា Style របស់ JaLerm ប៉ុណ្ណឹង Cute អ្ហេ៎?

 

ការ​បញ្ជូន​កីឡាករ​ទៅ​ប្រកួត​ដណ្ដើម​ពាន MATIC 2015 នៅ​ប្រទេស​ចិននេះ​ គឺ​រៀបចំ​ឡើង​ដោយសហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា (EFC)​ដែល​ទើប​បង្កើត​ជា​ផ្លូវ​ការ​កាល​ពី​ពេល​ថ្មី​ៗ​នេះ និង​​ទទួល​ស្គាល់​ដោយ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា(NOCC)ដែល​​​ចូលរួម​ឧបត្ថម្ភ​ដោយ Sabay៕

 

អត្ថបទ៖ ភីឆាយ