ចិន​​សម្រេច​ចោទ​ប្រកាន់​កូន​ប្រុស​ ឈិន​ ឡុង រឿង​​គ្រឿងញៀន

  • 2014-12-23 18:32:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ចន្ទ​នេះ​ រដ្ឋ​​អាជ្ញា​នៃ​តុលាការ​ប្រទេស​ចិន​ បាន​សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់​​​ទៅ​លើ​កូន​ប្រុស​របស់​តារា​​ភាព​យន្ត​ហូលីវូដ​​ដ៏​​ល្បី​ Jackie Chan (ឈិន​ ឡុង) ​គឺ​ Jaycee Chan​ ​ពាក់ព័ន្ធ​ការ​ផ្ដល់​កន្លែង​ឲ្យ​គេ​ប្រើប្រាស់​គ្រឿងញៀន​។​ ការ​ចោទ​ប្រកាន់​ពី​តុលាការ​នេះ​​ គឺ​ជាង​​៤​ ​ខែ​ ក្រោយ​​​ពី​ Jaycee Chan ត្រូវ​បាន​គេ​ឃុំ​ខ្លួន។

 

Jaycee Chan

 

​Jaycee Chan ​មាន​អាយុ​ ៣២​ ឆ្នាំ ​ជា​តារា​ភាពយន្ត​ម្នាក់​ ក្នុង​ចំណោម​តារា​ជា​ច្រើន​រូប​ផ្សេង​ទៀត​ ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​ ទាក់​ទង​ការ​សេព​គ្រឿង​ញៀន​ និង​ការ​​អនុញ្ញាត​ឲ្យ​មាន​ការ​ជួញ​ដូរ​ផ្លូវ​ភេទ។ ចំពោះ​ករណី​ទាំង​ពីរ​នេះ​ ក្រុង​ប៉េកាំង​​កំពុង​​ចាត់​វិធានការ​​តឹង​រ៉ឹង​បំផុត​ ដើម្បី​សម្អាត​អំពើ​អសន្តិសុខ​សង្គម​​ឲ្យ​មាន​របៀប​រៀប​រយ​ឡើង​វិញ។

 

​បទ​ល្មើស​របស់​ Jaycee Chan លើក​នេះ​ ពិត​ជា​ធ្វើ​ឲ្យ​ ឈិន ឡុង​ ដែល​ជា​ឪពុក​មាន​ភាព​អាម៉ាស់​មុខ​ចំពោះ​អ្នក​គាំទ្រ​រូប​លោក​មិន​ស្ទើរ​ទេ ខណៈ​​ Jackie Chan ក៏​ត្រូវ​បាន​ប្រទេស​ចិន​សម្រេច​តែង​តាំង​ជា ឯក​អគ្គ​រដ្ឋ​ទូត​ប្រឆាំង​នឹង​គ្រឿងញៀន​​កាល​ពី​ឆ្នាំ ​២០០៩​ កន្លង​ទៅ​ទៀត​នោះ។

 

កាល​ពី​ពេល​កន្លង​មក​ ​ក្រុម​​ភ្នាក់ងារ​ប៉ូលិស​​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ភ្លាម​នៅ​ក្នុង​ Apartment មួយ​កន្លែង ​នៅ​ក្រុង​​ប៉េកាំង​ បន្ទាប់​ពី​ដឹង​ Jaycee Chan និង​មិត្តភ័ក្ដិ​ម្នាក់​ទៀត​ជាតារា​​សម្ដែង​តៃវ៉ាន់​ Ko Kai កំពុង​សម្ងំ​ប្រើប្រាស់​កញ្ឆា​។ ​ទាំង​ពីរ​នាក់​នេះ​ ត្រូវ​បាន​ក្រុម​អ្នក​ជំនាញ​ធ្វើ​តេស្ត​ ហើយ​ពិត​ជា​រក​ឃើញ​ថា​ពួក​គេ​សេព​គ្រឿងញៀន​មែន។ ​បរិមាណ​ថ្នាំ​ញៀន​ ដែល​ពួក​គេ​ប្រើប្រាស់​មាន​ជាង​ ១០០​ ក្រាម​ ដោយ​បាន​យក​មកពី​​​ផ្ទះ​ Jaycee Chan។

 

 

រដ្ឋ​អាជ្ញា​​ក្រុង​ប៉េកាំង​​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ពាក់ព័ន្ធ​ការ​ចោទ​ប្រកាន់​កូន​ប្រុស​លោក​ Jackie Chan ​ហើយ​ ប៉ុន្តែ​មិន​ទាន់​កំណត់​ពេល​វេលា​សវនាការ​​នៅ​ឡើយ​ទេ។

 

​Jaycee Chan ​កើត​នៅ​ ហុង កុង និង​បាន​ក្លាយ​ជា​តារា​ភាពយន្ត​​ និង​ចម្រៀង។ លោក​ធ្លាប់​​មាន​វត្តមាន​លើ​ខ្សែ​ភាពយន្ត​អន្តរជាតិ​ជា​ច្រើន​ និងបាន​ចេញ​​អាល់ប៊ុម​ចម្រៀង​ពីរ​បី​ដែរ៕

 

 

ចុចអាន មិន​ធម្មតា! Sukollawat សម្ដែង​ជិត​​​១០​ឆ្នាំ ក្ដាប់តំណែង​តួឯក​រហូត

ចុចអាន កុំកុំ​ម៉ាស្សា​ឲ្យ​ប្រពន្ធ​​យ៉ាង​រីករាយ

 

ប្រែ​សម្រួល​៖​ សែម សុធារិទ្ធ ​ប្រភព៖ ​dailymail