ភាពយន្ត​រឿង "ភ្លើង" ដាក់​បញ្ចាំង​ក្រោយ​ថត​ជាង​១​ឆ្នាំ

  • 2014-12-24 18:07:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​ខ្នាត​ធំ​របស់​ផលិតកម្ម Rock រឿង "ភ្លើង" ប្រភេទ​បាញ់​ប្រហារ​មនោសញ្ចេតនា​ស៊ី​ជម្រៅ បាន​បើក​សម្ពោធ​ដាក់​បញ្ចាំង​ហើយ នៅ​រោងភាពយន្ត​លុច្ស​នា​ព្រឹក​នេះ បន្ទាប់​ពី​ចំណាយ​ពេល​ថត​ដល់​ទៅ​ជាង​១​ឆ្នាំ។ នេះ​បើ​តាម​លោក យឹម សុសត្យា នាយក​គ្រប់​គ្រង​ផលិតកម្ម Rock បញ្ជាក់។

 

 

“រឿង​ហ្នឹង​ចំណាយ​ពេល​យូរ​ណាស់​ដល់​ទៅ​ជាង​១​ឆ្នាំ​ឯណោះ ឯ​វិល​មក​ការ​ចំណាយ​ក៏​ចំណាយ​ច្រើន​ដែរ គឺ​ដល់​ទៅ​ជាង ១០​ម៉ឺន​ដុល្លារ រឿង​ផ្សេង​ៗ​អស់​តែ​ពីរបី​ម៉ឺន​អី​ទេ។ គិត​មើល​ថា​ម៉េច​បាន​អស់​ច្រើន គឺ​យើង​ទៅ​ថត​ដល់​តំបន់​ឆ្ងាយ និង​កៀរគរ​មនុស្ស​ជា​ច្រើន មាន​ទាំង​ប៉ូលិស​កម្លាំង​អី​ច្រើន​ទៀត ដែល​មាន​សម្រប​សម្រួល​ពី​ឯកឧត្តម​អគ្គ​ទៀត"។

 

វិល​មក​សាច់​រឿង "ភ្លើង" ដែល​ដើម​ឡើង​មាន​ចំណង​ជើង​ថា "មាស​សុទ្ធ" វិញ អ្នក​គ្រប់​គ្រង​រូប​នេះ ថ្លែង​ថា "ភ្លើង" គឺ​ជា​ដើម​ហេតុ​ដែល​បង្កើត​ឲ្យ​មាន​ពន្លឺ ឲ្យ​មាន​កម្ដៅ​ផ្ដល់​ភាព​កក់ក្ដៅ​សុខដុមរមនា​ ងាក​មក​ភាពយន្ត "ភ្លើង" ក៏​ដូច​គ្នា គឺ​មាន​គ្រប់​រសជាតិ ក្នុង​នោះ​ភ្លើង​ដែល​ផ្ដល់​ភាព​កក់​ក្ដៅ​តំណាង​ក្រុម​សមត្ថកិច្ច ឯ​ភ្លើង​កិលេស តំណាង​ជន​ចិត្ត​អាក្រក់។

 

 

លោក យឹម សុសត្យា នាយក​គ្រប់​គ្រងការផលិត​របស់​ផលិតកម្ម Rock

 

“ប៉ូលិស យើង​តំណាង​ឲ្យ​ភ្លើង​ដែល​ផ្ដល់​ពន្លឺ ផ្ដល់​សេចក្ដី​សុខ​ដល់​ប្រជាពលរដ្ឋ ពួក​គាត់​បាន​ខិត​ខំ​ធ្វើ​ការ​កម្ចាត់​ពួក​ចិត្ត​អាក្រក់​ដែល​តំណាង​ដោយ​ភ្លើង​កិលេស។ ដូច្នេះ​ហើយ​ទើប​កើត​ជា​រឿង "ភ្លើង" ហើយ​សាច់​រឿង​យ៉ាង​ណា សូម​តាម​ដាន​ទាំង​អស់​គ្នា!”។

 

លោក យឹម សុសត្យា អះអាង​ទៀត​ថា "ភ្លើង" គឺ​ជា​រសជាតិ​ថ្មី និង​ប្លែក​ជា​ប្រភេទ​បាញ់​ប្រហារ​ស៊ើប​អង្កេត​ដើម្បី​តាម​ចាប់​ពួក​ឧក្រិដ្ឋជន។ យ៉ាង​ណា លោក ក៏​មិន​ហ៊ាន​អះអាង​ដែរ​ចំពោះ​ភាព​ជោគជ័យ​ដោយ​ហេតុ​ថា វា​ជា​រសជាតិ​ថ្មី​មួយ ខណៈ​ទស្សនិកជន​នៅ​ដក់​ជាប់​រឿង​បែប​កំប្លែង​សើច​សប្បាយ​នៅ​ឡើយ។ លោក បន្ត​ថា លោក​ធ្វើ​រឿង​នេះ គឺ​ដើម្បី​ឲ្យ​ភាពយន្ត​ខ្មែរ មាន​គ្រប់​រសជាតិ។

 

“ភ្លើង" ចូល​រួម​សម្ដែង​ដោយ​តារា​ល្បី​ៗ​ជា​ច្រើន មាន​លោក ទេព រិនដារ៉ូ អ្នក​នាង ចន ច័ន្ទ​លក្ខិណា កញ្ញា សៀក ស័ក្ដិរុណា លោក លាង ឧត្តម លោក ប៉ែន ចិន្ដា និង​តារា​ជា​ច្រើន​រូប​ទៀត។ លោក ទេព រិនដារ៉ូ សម្ដែង​ជា​តួអង្គ​ចិត្ត​អាក្រក់​លើក​ដំបូង​ក្នុង​ប្រវត្តិ​ប្រឡូក​សិល្បៈ​ជិត​២០​ឆ្នាំ ថ្លែង​ថា លោក​ទទួល​ការ​លំបាក​បំផុត។ "ដូច​ដឹង​ហើយ​ខ្ញុំ​ធ្លាប់​តែ​លេង​តួ​អង្គ​មនុស្ស​ល្អ ដល់​រឿង​នេះ តួ​កាច ចិត្ត​អាក្រក់ អីចឹង​ពិបាក​ណាស់ ត្រូវ​ប្រើ​ទឹក​មុខ និង​ស្រែក​គំហក​ខ្លាំង​អី​ជា​ដើម និយាយ​ទៅ​ពិបាក​ណាស់!”។

 

 

លោក ដារ៉ូ រំពឹង​ថា ភាពយន្ត​នេះ នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន។ ឯ​អ្នក​នាង ចន ច័ន្ទ​លក្ខិណា ក៏​រំពឹង​ដូច​គ្នា ភាពយន្ត​ស្នាដៃ​ថ្មី​មួយ​របស់​អ្នក​នាង ទទួល​ជោគជ័យ។

 

បន្ទាប់​បើក​សម្ពោធ ភាពយន្ត​ខ្នាត​ធំ "ភ្លើង" នឹង​មាន​ដាក់​បញ្ចាំង​នៅ​រោងភាពយន្ត​លុច្ស​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ។ ឯ​ភាពយន្ត​ទំនើប​ទាំង​អស់​រួម​មាន Major Cineplex By Cellcard, Platinum Cineplex និង Legend Cinema ទាំង​បី​សាខា( City Mall, TK Avenue និង Steung Meanchey Market) ក៏​នឹង​ដាក់​បញ្ចាំង​ស្រប​គ្នា​ទៀត ចាប់​ពី​ថ្ងៃ​ទី ២៩ ធ្នូ ២០១៤៕

 

 

លោក លៀក លីដា ចាងហ្វាង​ផលិតកម្ម LD Picture

 

 

 

 

លោក ហេង ដារី

 

 

លោក លាង ឧត្តម និង​កញ្ញា ហេង ស្រី​ពេជ្រ ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ ៥

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី