ជិត៣​ពាន់​នាក់​តម្រៀប​គ្នាជា​ដើម​ណូអែល​ធំ​ជាង​គេ​លើ​លោក

  • 2014-12-25 16:19:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ដើម​ខែ​ធ្នូ​នេះ ប្រទេស​ហុងឌុយរ៉ាស់​បាន​បំបែក​កំណត់​ត្រា​របស់​ស្ថាប័ន Guinness បន្ទាប់​ពី​មនុស្ស ២៩៤៥នាក់ តម្រៀប​គ្នា​ជា​ដើម​ណូអែល​ធំ​បំផុត នៅ​ទីលាន​ប្រជាធិបតេយ្យ​នៃ​សេតវិមាន​ប្រធានាធិបតី ក្នុង​រដ្ឋធានី Tegucigalpa។ ​​​​

 

 

កម្មវិធី​នេះ បាន​ទទួល​កិត្តិយស​ចូលរួម​ពី​ប្រធានាធិបតី​ហុងឌុយរ៉ាស់ លោក Orlando Hernandez ដែល​ជា​អ្នក​ជំរុញ​ឲ្យ​មាន​ព្រឹត្តិការណ៍​នេះ​ឡើង រួម​និង​​កូន​ស្រី​ទាំង​​ពីរ​នាក់ ប្រធាន​សភា លោក Mauricio Oliva ព្រម​ទាំង​មន្ត្រី​ជាច្រើន​រូប​ទៀត។ លោក Hernandez បាន​និយាយ​នៅ​ក្នុង​ឱកាស​នោះ​ថា "ហុងឌុយរ៉ាស់​ស្រលាញ់​សន្តិភាព ហើយ​ចង់​រស់​នៅ​ក្នុង​សន្តិភាព"។

 

អ្នក​ចូល​រួម​ទាំង ២៩៤៥​នាក់ បាន​ស្លៀក​សំលៀក​បំពាក់​ពណ៌​បៃតង ក្រហម លឿង ខ្មៅ ឈរ​តម្រៀប​គ្នា​រយៈពេល ៦​នាទី បង្កើត​ជា​ទស្សនីយភាព​ដើម​ណូអែល​ដ៏​អស្ចារ្យ​មួយ។ ប្រធានាធិបតី​គឺ​ជា​អ្នក​ទទួល​លិខិត​បញ្ជាក់​កំណត់​ត្រា​ដោយ​ផ្ទាល់ និង​បាន​ថ្លែង​អំណរ​គុណ​ដល់​អ្នក​ចូល​រួម​ទាំង​អស់ ដែល​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​នេះ​កើត​ឡើង ដើម្បី​អបអរ​បុណ្យ​ណូអែល​នៅ​សេតវិមាន។

 

 

អ្នក​តំណាង​ស្ថាប័ន Guinness ម្នាក់​បាន​និយាយ​ថា កំណត់ត្រា​ចាស់​ក្នុង​ការ​តម្រៀប​គ្នា​ជា​ដើម​ណូអែល កាន់​កាប់​ដោយ​សហគមន៍​មួយ​ក្នុង​ប្រទេស​អាហ្សង់ទីន ដោយ​មាន​អ្នក​ចូល​រួម​សរុប ១៩៨២​នាក់៕

 

 

 

ចុចអាន៖ ​ដឹង​ថា ​​កន្លែង​ផលិត​កាដូ​ Christmas ​​​ធំ​បំផុត​នៅ​ឯណា​ទេ?

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ foxnews

អត្ថបទថ្មី