កំពូល​ស្ត្រី​វ័យ​ក្មេង​ជើង​ខ្លាំង​ខាង​ជំនួញ​ទាំង ៥រូប របស់​អាស៊ាន

  • 2014-10-01 18:51:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​ មាន​អ្នក​ជំនួញ​ជា​ច្រើន បាន​លេច​មុខ​មាត់​ឡើង​ជា​បន្តបន្ទាប់ ដែល​ភាគ​ច្រើន​បុគ្គល​ទាំង​នោះ​គឺ​ជា​បុរស។ គេ​កម្រ​ឃើញ​មនុស្ស​ស្រី​ជា​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ធំៗ​ណាស់ ប៉ុន្តែ​ស្ត្រី​មួយ​ចំនួន​ក៏​ជា​អ្នក​មាន​គំនិត​រកស៊ី​មិន​ធម្មតា​ដែរ​។ ទស្សនាវដ្ដី Forbes របស់​សហរដ្ឋអាមេរិក​ បាន​បង្ហាញ​ពី​ស្ត្រី​ជើង​ខ្លាំង​ខាង​ជំនួញ ១២រូប​របស់​អាស៊ី ដែល​ក្នុង​នោះ​​ក៏​មាន ៥​រូប​នៅ​អាស៊ាន​ផង​ដែរ។ ស្រ្ដី​​វ័យ​ក្មេង​ទាំង​៥រូប​នោះ មាន​ដូច​ខាង​ក្រោម៖ ​

​​

១. Rita Nguyen វ័យ ៣៧ឆ្នាំ (ជនជាតិវៀតណាម-កាណាដា)

 

លោក​ស្រី Rita Nguyen ជា​ជនជាតិ​វៀតណាម-កាណាដា ដែល​កំពុង​ធ្វើ​ជំនួញ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ ស្ត្រី​ជើង​ខ្លាំង​ខាង​ជំនួញ​រូប​នេះ បាន​កាន់​កាប់​ផ្នែក​ហ្គេម​ទូរសព្ទ និង​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ ដែល​ជួយ​ពន្លឿន​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​អ៊ីនធឺណិត​នៅ​មីយ៉ាន់ម៉ា។ កាល​ពី​ខែ​ឧសភា​ឆ្នាំ​មុន Nguyen បាន​បើក​ដំណើរ​ការ​បណ្ដាញ​ទំនាក់​ទំនង​សង្គម Squar ដែល​ប្រើ​ភាសា​មីយ៉ាន់ម៉ា និង​មាន​ទិស​ដៅ​ទាញ​យក​អ្នក​ប្រើប្រាស់ ១,៥លាន​នាក់​ក្នុង​ដំណាច់​ឆ្នាំ២០១៤ នេះ។ ទស្សនវិស័យ​របស់ Nguyen គឺ​ចង់​ផ្ដល់​សេវា​ទំនាក់​ទំនង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដោយ​បង្កើត​បច្ចេកវិទ្យា​ដែល​ស្រប​នឹង​វប្បធម៌​ក្នុង​តំបន់។

​​​​​​​​​​​​​​​​

២. Roongchat Boonyarat វ័យ ២៨​ឆ្នាំ (ជនជាតិ​ថៃ)

 

Roongchat Boonyarat ​បាន​កាន់​កាប់​ផ្នែក​លក់ និង​ទីផ្សារ នៃ​ក្រុមហ៊ុន Malee Sampran ដែល​ផលិត​ និង​ចែកចាយ​ទឹក​ផ្លែឈើ​កំប៉ុង។ Boonyarat បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច​ពី​​មហាវិទ្យាល័យ Bowdoin នៅ​សហរដ្ឋអាមេរិក និង​ថ្នាក់​អនុបណ្ឌិត​ពី​សាកលវិទ្យាល័យ​​ជូឡាឡុងកន។ ម្ដាយ​របស់ Boonyarat គឺ​ជា​ប្រធាន​ក្រុមហ៊ុន ដែល​មាន​ចំណូល​ប្រចាំ​ឆ្នាំ​២០១២ ប្រហែល ១៩២លាន​ដុល្លារ។

 

៣. Tipa Nawawattanasub វ័យ ៣៣​ឆ្នាំ (ជនជាតិ​ថៃ)​​​

 

លោក​ស្រី Tipa Nawawattanasub នាយក​ប្រតិបត្តិ YLG Bullion & Futures ដែល​ជា​ក្រុមហ៊ុន​ធ្វើ​ជំនួញ​មាស​ធំជាង​គេ​បំផុត​របស់​ប្រទេស​ថៃ។ ស្ត្រី​រូប​នេះ បាន​បញ្ចប់​ការសិក្សា​ថ្នាក់​អនុ​បណ្ឌិត​ពាណិជ្ជកម្ម​ពី​សាកលវិទ្យាល័យ Kent របស់​ចក្រភព​អង់គ្លេស និង​អនុបណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​ពី​សាកលវិទ្យាល័យ Ramkhamhaeng របស់​ប្រទេស​ថៃ។ ​​​

 

៤. Angelica Widjaja វ័យ ៣២​ឆ្នាំ (ជនជាតិ​ឥណ្ឌូណេស៊ី)

 

 

លោក​ស្រី Angelica Widjaja ជា​ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​កាហ្វេ Warung Tinggi Coffee។ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៨៧៨ ដោយ​តា​ទួត ហើយ​បន្ត​គ្រប់​ជំនាន់​មក​ដល់​ឪពុក​លោកស្រី។ កាល​ពី​ជាង ១ ទសវត្សរ៍​កន្លង​ទៅ លោក​ស្រី​បាន​ស្នង​ក្រុមហ៊ុន​នេះ​ពី​ឪពុក និង​ពង្រីក​ជំនួញ​លក់​បោះ​ដុំ។ ពេល​នេះ លោក​ស្រី​កំពុង​មាន​បំណង​បើក​ហាង​កាហ្វេ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី និង​ប្រទេស​ផ្សេងៗ​ទៀត។ អ្នក​ជំនួញ​ដ៏​មាន​ឥទ្ធិពល​រូប​នេះ ក៏​កំពុង​មាន​បំណង​លក់​សិទ្ធិ​ចែកចាយ​កាហ្វេ​ជា​លក្ខណៈ​អន្តរជាតិ ដែល​មាន​គោល​ដៅ​តម្រង់​ទៅ​ប្រទេស​សិង្ហបុរី និង​ហុងកុង។

 

​​​​​​​៥. Linda Suryasari Wijaya Limantara វ័យ ៣២ឆ្នាំ (ជនជាតិ​ឥណ្ឌូណេស៊ី)

 

លោក​ស្រី Linda Suryasari Wijaya Limantara ជា​ប្រធាន​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Asia Pulp & Paper ដែល​ផលិត​ក្រដាស​ម៉ាក APP។ អ្វី​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​មាន​មុខមាត់​ខ្លាំង គឺ​ការ​អនុវត្ត​គោល​នយោបាយ​បៃតង ដោយ​ប្ដូរ​ពី​ប្រើ​ផលិត​ផល​ធម្មជាតិ​មក​ផលិត​ក្រដាស ទៅ​ជា​ការ​ដាំដំណាំ​ខ្លួន​ឯង​ធ្វើ​ជា​ប្រភព​ធាតុ​ដើម​វិញ។ ​នារី​ដែល​ជោគ​ជ័យ​ក្នុង​ជំនួញ​ទាំង​វ័យក្មេង​នេះ បាន​សិក្សា​ផ្នែក​វិស្វកម្ម​ឧស្សាហកម្ម​នៅ​សាកលវិទ្យាល័យ Michigan និង​មាន​សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែក​វិស្វកម្ម​ហិរញ្ញវត្ថុ​ពី​សាកលវិទ្យាល័យ Columbia រដ្ឋ​ញីវយ៉ក សហរដ្ឋអាមេរិក។ ​​​

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ forbes

អត្ថបទថ្មី