Facebook សុំទោសអ្នកប្រើប្រាស់ចំពោះមុខងារថ្មី “Year in Review”
- 2014-12-29 18:14:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Facebook សុំទោសអ្នកប្រើប្រាស់ចំពោះមុខងារថ្មី “Year in Review”
ចន្លោះមិនឃើញ
ថ្មីៗនេះក្រុមហ៊ុន Facebook បញ្ចេញមុខងារ “Year in Review” ដែលបានបង្ហាញរូបភាពផ្សេងៗដែលអ្នកលេងបណ្តាញសង្គមដ៏ធំមួយនេះបានបង្ហោះតាំងពីដើមឆ្នាំ ២០១៤ ដើម្បីជាការរំលឹកអនុស្សាវរីយ៍ចុងឆ្នាំ។ ប៉ុន្តែក្រោយមកមិនទាន់បានប៉ុន្មានមានមនុស្សមួយចំនួនមិនពេញចិត្ត ចំពោះមុខងារថ្មីនេះ ព្រោះវាបានបង្ហោះរូបភាពទុក្ខសោករបស់ពួកគេរួមនឹងប្រយោគជាភាសាអង់គ្លេស "It's been a great year! Thanks for being a part of it” ឲ្យមនុស្សរាល់គ្នាក្នុង Facebook បានឃើញ។
ជាក់ស្ដែងអ្នកលេង Facebook មួយរូបឈ្មោះ Eric Meyer ដែលបានបាត់បង់កូនស្រីដោយសារជំងឺមហារីកខួរក្បាលកាលពីដើមឆ្នាំ ២០១៤ បានបញ្ចេញអារម្មណ៍មិនពេញចិត្តចំពោះមុខងារ Year in Review ដែល Facebook ទើបបង្កើតថ្មីៗនេះ។ លោកបានសរសេរឃ្លាបង្ហោះលើ Blog ផ្ទាល់ខ្លួនកាលពីថ្ងៃ ២៤ ធ្នូដូច្នេះថា៖ "សម្រាប់អ្នកមានទុក្ខសោកដូចពួកយើងដែលបាត់បង់មនុស្សជាទីស្រឡាញ់ មានអ្នកខ្លះកំពុងសម្រាកក្នុងមន្ទីរពេទ្យ អ្នកខ្លះលែងលះគ្នា និងអ្នកខ្លះទៀតបាត់បង់ការងារ និងអ្នកមានវិបត្តិរាប់ជំពូក គឺមិនចង់ឲ្យអ្នកដទៃបានឃើញពីអតីតកាលដ៏សែនឈឺចាប់របស់ពួកយើងឡើយ"។
Year in Review មានរូបកូនស្រីរបស់លោក Meyer
ដែលបានបាត់បង់ជីវិតកាលពីដើមឆ្នាំ២០១៤
ចំណែកឯលោក Jonathan Gheller ជាអ្នកគ្រប់គ្រងគម្រោងបង្កើតមុខងារ "Year in Review” និងជាតំណាងឲ្យក្រុមហ៊ុន Facebook ទាំងមូលបានប្រាប់ទៅសារព័ត៌មាន Washington Post ថា ខាងលោកបានទាក់ទងបុរសខាងលើ (លោក Meyer) ដើម្បីសុំទោសចំពោះអ្វីដែលក្រុមការងារបានធ្វើឲ្យ Meyer កាន់តែឈឺចាប់។
Gheller បាននិយាយជាចុងក្រោយថា "មុខងារមួយនេះគឺពិតជាអស្ចារ្យសម្រាប់អ្នកលេង Facebook ទូទៅ តែក្នុងករណីដូចជា Meyer យើងបែរជាធ្វើឲ្យគាត់ឈឺចាប់ជាជាងការរីករាយទៅវិញ"៕
ចុះចំពោះប្រិយមិត្តវិញ មានអ្នកណាខ្លះមិនពេញចិត្តចំពោះមុខងាររំលឹកអនុស្សាវរីយ៍ចុងឆ្នាំ (Year in Review) ដែល Facebook ទើបបង្កើតនេះដែរឬទេ?
អាន៖ Facebook នឹងបញ្ចេញមុខងារថ្មីឲ្យអ្នករំលឹកអនុស្សាវរីយ៍ចុងឆ្នាំ
ប្រែសម្រួល៖ ប៉ែត ផាន់និត ប្រភព៖ meyerweb, hollywoodreporter