Jack Ma ​​​យក​អង្គរក្ស​​​​​សុទ្ធ​តែ​​​​គ្រូ​​​​គុន​ថៃ ជី​ល្បី​ឈ្មោះ​​​

  • 2014-12-31 15:00:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​ ​ស្ថាបនិក​ក្រុមហ៊ុន​ Alibaba ​លោក​ Jack Ma ​​បាន​ឡើង​លើ​មហាសេដ្ឋី Li Ka-shing ​ជា​បុរស​មាន​បំផុត​នៅ​អាស៊ី​ជាមួយ​ទ្រព្យសម្បត្តិ​ ២៨,៣ ​ពាន់​លាន​ដុល្លារ។ ​តែ​លើក​នេះ​ បណ្ដាញ​ផ្សព្វផ្សាយ​ផ្ដោត​ចំណាប់អារម្មណ៍​ទៅ​លើ​​អង្គរក្ស​កំពូល​អ្នក​មាន​នេះ​វិញ​​ម្ដង​ ដោយសារ​បុរស​រូប​នោះ​​​​ជា​គ្រូ​បង្វឹក​ក្បាច់​គុន​ ថៃ ជី ​​​​ក្នុង​ទីក្រុង​ Hangzhou ​ប្រទេស​ចិន។

 

អ្នក​ការពារ​រូប​នេះ​​មាន​កម្ពស់​ ១,៧ ​ម៉ែត្រ ​ទម្ងន់​ ៨៥ ​គីឡូក្រាម ​និង​ហ្វឹកហាត់​ក្បាច់​ថៃ ជី​តាំង​ពី​អាយុ​ ៨ ​ឆ្នាំ​មក​ម្ល៉េះ។ ​​​​លោក​មាន​ឈ្មោះ​ថា ​Li Tianjin ​កើត​ក្នុង​​ភូមិ​​ Chenjiagou ​សង្កាត់​ Wen ​ខេត្ត​ Henan ​​ដែល​ជា​កន្លែង​កំណើត​ក្បាច់គុន​ថៃ ជី​តែ​ម្ដង។

 
 

​Li Tianjin (ទី ១ ​រាប់​ពី​ឆ្វេង) ​ពេល​ការពារ​ Jack Ma ​ឡើង​រថយន្ត

 

​​Li ​ជា​ប្អូនប្រុស​ពៅ​ក្នុង​ចំណោម​បងប្អូន​ប្រុស​ ៥ ​នាក់​ តែ​​​ជា​អ្នក​ដែល​មាន​ជំនាញ​ក្បាច់​គុន​ខ្លាំង​ជាង​គេ​។ ​ហ្វឹកហាត់​ពី​អាយុ ៨ ​ឆ្នាំ​ដល់​អាយុ​ ១៤ ​ឆ្នាំ​លោក​បាន​ក្លាយ​ជា​កូនសិស្ស​របស់​​លោក​ Wang Xian ​​គ្រូ​​គុន​ថៃ ជី​ដ៏​ល្បី​ល្បាញ។ ​

 

​​ក្នុង​ឆ្នាំ ​១៩៩៨ ​ពេល​អាយុ ១៩ ​ឆ្នាំ​ ​លោក​បាន​ឈ្នះ​ពានរង្វាន់​ការ​ប្រកួត​ក្បាច់​គុន​ថៃ ជី​ជា​លើក​ដំបូង​ និង​បន្ត​ឈ្នះ​ការ​ប្រកួត​ថ្នាក់​ជាតិ​ជា​ច្រើន​ទៀត​នៅ​ឆ្នាំ​បន្តបន្ទាប់។

 

​ក្នុង​ឯកសារ​ជីវប្រវត្តិ​របស់​ Jack Ma ​ក៏​មាន​និយាយ​រៀបរាប់​ពី​អង្គរក្ស​រូប​នេះ​ដែរ។ ​​​អត្ថបទ​នោះ​បាន​រៀបរាប់​ដូចនេះ៖ "ពេល​ Ma ​និង​សមាជិក​ក្រុម​អភិរក្ស​ធម្មជាតិ​​ទៅ​កាន់​វាលស្មៅ​ Hulun Buir ​​តំបន់​ស្វយ័ត​ម៉ុងហ្គោលី​​ដើម្បី​​សិក្សា​ ​ពួកគេ​បាន​ជួប​​នឹង​អ្នក​ចំបាប់​ម៉ុងហ្គោលី​ម្នាក់​ដែល​​ដាក់​សំណើ​ថា ​"អ្នក​ឯង​បី​នាក់​អាច​រើស​ម្នាក់​ក្នុង​ចំណោម​ពួក​យើង​មក​សាក​កម្លាំង​គ្នា"។ ​ពេល​​នោះ​ Li Tianjin ​​បាន​ក្រោក​ឡើង​ហើយ​សួរ​ទៅ​វិញ​ថា ​"នរណា​ខ្លាំង​​ជាង​គេ​ក្នុង​ចំណោម​អ្នក​ឯង? ​ចេញ​មក​ ហើយ​វ៉ៃ​ជាមួយ​ខ្ញុំ”។ ​​​ចុង​ក្រោយ​ ជើង​ខ្លាំង​ចំបាប់​ម៉ុងហ្គោលី​​ត្រូវ​បាន​ Li ​វាយ​​បំបាក់។

 
 

​Li Tianjin បង្ហាញ​ក្បាច់​ថៃ ជី

 

​​​​​ថៃ ជី​ប្រៀប​បាន​នឹង​កីឡា​ដែល​យឺត ​និង​ទន់ភ្លន់​​ដែល​មនុស្ស​វ័យ​ចាស់​ហាត់​ដើម្បី​សុខភាព​ ​តែ​ Li ​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្លឺ​ភ្នែក​ថា ​វា​​ក៏​ជា​អាវុធ​សម្រាប់​ការពារ​ខ្លួន​ដ៏​ល្អ​ដែរ។

 

​Jack Ma ​​គឺ​ជា​អ្នក​ចូលចិត្ត​វិជ្ជា​គុន​ថៃ ជី​​ម្នាក់​​ ដែល​បាន​យក​មូលដ្ឋានគ្រឹះ​នៃ​ក្បាច់​ប្រយុទ្ធ​នេះ​​ទៅ​អនុវត្ត​ក្នុង​ជំនួញ​​ខ្លួន​ឯង​ដែរ។ ​​​លោក​ថា ​ថៃ ជី​អាច​សង្ខេប​បាន​បី​ម៉ាត់។ ​​ទី​មួយ​គឺ​ "​ស្ងប់" ​មិន​ថា ​មាន​អ្វី​កើត​ឡើង។ ​ទី ២ ​"តាម​ចាប់" ​​ក្រោយ​ដឹង​ចំណុច​ខ្លាំង​ត្រូវ​តាម​ចាប់​ចំណុច​នោះ​​ជាប់​ជានិច្ច ​និង​ចុងក្រោយ​គឺ ​"លែង" ​​លែង​អ្វី​ដែល​​ដាក់​បន្ទុក​ចោល។

 

បើ​សិន​ជា​បាន​ឃើញ​គ្រូ​ក្បាច់​គុន​នេះ​បញ្ចេញ​​មួយ​ក្បាច់​ពីរ​ ពេល​ប្រយុទ្ធ​ផ្ទាល់​មិន​ដឹង​ល្អ​ភ្នែក​យ៉ាង​ណា​ទេ៕

 
 

 ​Li Tianjin បង្ហាញ​ក្បាច់​ថៃ ជី

 

អាន៖ Jack Ma៖​ ខ្ញុំ​ពិបាក​​ចិត្ត​​ណាស់​​​​​ពេល​​​​ក្លាយ​​​ជា​​មហា​សេដ្ឋី​

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖​ shanghaiist