​មហា​សេដ្ឋី​លំដាប់​ពិភព​លោក​ទាំង​៥ ​ដែល​មាន​​ប្រវត្តិ​តោកយ៉ាក​បំផុត​​

  • 2014-10-01 19:09:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

វាសនា​មនុស្ស​រាល់​គ្នា​ពិត​ជា​មិន​អាច​ដឹង​មុន​បាន​នោះ​ទេ។ ថ្ងៃ​នេះ​លំបាក​ថ្ងៃ​ស្អែក​​តោក​យ៉ាក​តែ​អនាគត​បែរ​ជា​ដេក​លើ​គំនរ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ក៏​មាន។ ជាក់ស្ដែង​ដូចជា​មហា​​សេដ្ឋី​ជា​ច្រើន​​នៅ​លើ​ពិភព​លោក​សុទ្ធ​តែ​កើត​ចេញ​ពី​ត្រកូល​គ្រួសារ​ក្រី​ក្រ​ហើយ​ពុំ​ទទួល​បាន​ការ​អប់​រំ​បាន​ខ្ពង់​ខ្ពស់​ដូច​អ្នក​ដទៃ​ឡើយ​។ តែ​ដោយសារ​ពួក​​គាត់​​មាន​ភាព​វៃ​ឆ្លាត ​និង​ការ​តស៊ូ​ជម្នះ​រាល់​ឧបសគ្គ​ ​ទើប​​ក្លាយ​ទៅ​ជា​មហា​សេដ្ឋី​មាន​ប្រាក់​ចាយ​​បបូរហូរហៀរ។ ខាង​ក្រោម​គឺ​ជា​ប្រវត្តិ​តស៊ូ​​កំពូល​សេដ្ឋី ៥ ​រូប​​​ដែល​តស៊ូ​ទាំង​ពី​បាត​ដៃ​ទទេ​រហូត​ដល់​ក្លាយ​ជា​មហាសេដ្ឋី​មាន​ប្រាក់​រាប់​ពាន់​លាន​​ដុល្លារ៖

 

១. Jack Ma ពី​​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​​​ក្នុង​​គ្រួសារ​ក្រីក្រ​ ក្លាយ​ជា​មហា​សេដ្ឋី​មាន​ទ្រព្យសម្បត្តិ​ ២០,២ពាន់​លាន​​ដុល្លារ​​​​​​​

រូបភាព​ផ្ដល់​សិទ្ធិ AFP

​​លោក ​Ma កើត​នៅ​ក្នុង​ទីក្រុង​Hangzhou ​ប្រទេស​ចិន​ដែល​មាន​ប្រវត្តិ​គ្រួសារ​ក្រី​ក្រ​។ មាន​ពេល​មួយ​នោះ​លោក​បាន​ទៅ​សុំ​ការ​ងារ​ធ្វើ​នៅ​ក្នុង​ហាង ​​KFC (ប្រទេស​ចិន) តែ​ត្រូវ​បាន​គេ​បដិសេធ​​។ មុន​ពេល​លោក​ក្លាយ​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ Maបាន​បរាជ័យ​ចំនួន​ពីរ​ដង ​(ប្រឡង​ធ្លាក់) ចំពោះ​ការ​ប្រឡង​ចូល​សាកលវិទ្យាល័យ​។ នៅ​ក្នុង​ឆ្នាំ​១៩៩៥ Jack Ma បាន​ធ្វើ​ដំណើរ​​ទៅ​កាន់​សហរដ្ឋអាមេរិក​ជា​​លើក​ដំបូង​ ​ដែល​ជា​ពេល​​លោក​បាន​ឃើញ​បណ្ដាញ​អ៊ីនធឺណិត​យ៉ាង​ទូលំទូលាយ​នៅ​ទី​នោះ។ ​​​​ដោយ​ឃើញ​បែប​នេះ​ លោក​Ma ក៏​មាន​គំនិត​មួយ​ដោយ​បាន​បង្កើត​វិបសាយ​ដំបូង​គេ​នៅ​ចិន​ តែ​ត្រូវ​ដួល​រលំ​។ ទី​បំផុត​នៅ​ឆ្នាំ ១៩៩៩​ អតីត​គ្រូ​បង្រៀន​អង់គ្លេស​ដ៏​មាន​ឥទ្ធិពល​រូប​នេះ​បាន​បង្កើត​ក្រុមហ៊ុន​លក់​​ទំនិញ​ Online មួយ​មាន​ឈ្មោះ​ថា​ Alibaba ដែល​​បច្ចុប្បន្ន​មាន​ភាគហ៊ុន​សរុប​ច្រើន​ជាង​Amazon ដល់​ទៅ​ពីរ​ដង។ Jack Ma បាន​ក្លាយ​ជា​អ្នក​មាន​បំផុត​នៅ​ចិន​​ ក្រោយ​ពេល​ដែល​Alibaba បាន​​ប្រឡូក​ចូល​​ទី​ផ្សារ​មូលបត្រ​កាល​ពី​ថ្ងៃ​ទី​១៩​កញ្ញា​កន្លង​ទៅ​នេះ។

 

២. លោក ​Jan Koum ​ធ្លាប់​ធ្វើ​ការ​ឲ្យ​គេ​ដោយ​គ្រាន់​តែ​ដូរ​យក​បាយ​ហូប​ បាន​ក្លាយ​ទៅ​ជា​ស្ថាបនិក​ និង​ជាCEO ក្រុមហ៊ុន WhatsApp ដែល​មាន​​​ទ្រព្យសម្បត្តិ​ ៧,៧ពាន់​លាន​ដុល្លារ

បុរស​រូប​នេះ​បាន​ចាក​ចេញ​ពី​ប្រទេស​អ៊ុយក្រែន​ពេល​លោក​មាន​អាយុ​១៦​ឆ្នាំ។ កាល​នោះ​​លោក ​និង​គ្រួសារ​រស់​នៅ​យ៉ាង​លំបាក​ដោយ​ធ្វើ​ការ​ឲ្យ​គេ​ល្មម​តែ​ដូរ​បាយ​ហូប​តែ​ប៉ុណ្ណោះ​។ នៅ​ឆ្នាំ​២០០៩ លោក​ និងBrian Acton (ក៏​ជា​ស្ថាបនិក​WhatsApp) បាន​បង្កើត​​កម្មវិធី​សម្រាប់​ផ្ញើ​សារ​លើ​ទូរសព្ទ​ "តាម​រយៈ​អ៊ីនធឺណិត" ​មាន​ឈ្មោះ​ថា ​WhatsApp។ ​Jan Koum​បាន​ក្លាយ​ជា​មហាសេដ្ឋី​បន្ទាប់​ពី ​​Facebook បាន​ទិញ​ក្រុមហ៊ុន​របស់​លោក​ក្នុង​ទឹក​ប្រាក់​សរុប​១៩ពាន់​លាន​ដុល្លារ។

 

៣. Ingvar Kamprad​ ពី​កសិករ​កម្សត់​ ក្លាយ​ទៅ​ជា​ម្ចាស់​ក្រុមហ៊ុន​ IKEA និង​មាន​​​ទ្រព្យសម្បត្តិ​សរុប ៣,៩ពាន់​លាន​ដុល្លារ​​

​លោក Kamprad ​កើត​ចេញ​ពី​គ្រួសារ​កសិករ​​​​ក្រខ្សត់​​មួយ​។ ពេល​មាន​អាយុ​៧ឆ្នាំ អតីត​កសិករ​រូប​នេះ​តែង​តែ​ដើរ​លក់​ឈើ​គូស​​ដល់​អ្នក​ជិត​ខាង​របស់​ខ្លួន​។ បន្ទាប់​ពី​លក់​ឈើ​គូស​​មិន​សូវ​កាក់​កប ​​Kamprad ក៏​ប្ដូរ​ទៅ​លក់​ខ្មៅ​ដៃ លិខិត​ជូន​ពរ (Greeting Card) និង​គ្រឿង​សម្រាប់​តុប​តែង​ផ្សេង​ៗ​សម្រាប់​ថ្ងៃ​បុណ្យ​ណូអែល​។ នៅ​អាយុ​ ១៧ ឆ្នាំ​លោក​បាន​បង្កើត​ ​IKEA ជា​ក្រុមហ៊ុន​​ផលិត​គ្រឿង​សង្ហារឹម​ឈ្មោះ​កាត់​មក​ពី Ingvar Kamprad (ឈ្មោះ​របស់​លោក​ផ្ទាល់) បូក​ជា​មួយ Elmtaryd (ឈ្មោះ​ទីកន្លែង​ដែល​លោក​កើត) និង Agunnaryd (ឈ្មោះ​​​តំបន់​មួយ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ស្វីស)។ បច្ចុប្បន្ន​​IKEA មាន​ហាង​ចំនួន​៣៤០កន្លែង​ក្នុង​ ៤២ប្រទេស​ហើយ​ក្នុង​មួយ​ឆ្នាំ​ៗ​ក្រុមហ៊ុន​នេះ​រក​ប្រាក់​ចំណូល​សរុប​​ចំនួន​៣៦ពាន់​លាន​ដុល្លារ។ សព្វ​ថ្ងៃ ​Ingvar Kamprad មាន​អាយុ​​៨៨ឆ្នាំ​ ហើយ​​លោក​ជា​មនុស្ស​​​ដែល​មិន​ចូល​ចិត្ត​ការ​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​​​​ទេ លើក​លែង​​តែ​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​ជំនួញ​ប៉ុណ្ណោះ។

 

៤. Larry Ellison​​ (អតីត​​CEO ក្រុមហ៊ុន​Oracle) បោះ​បង់​ចោល​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ បន្ទាប់​ពី​​ម្ដាយ​ចិញ្ចឹម​​ទទួល​មរណភាព​ហើយ​ក៏​​ទៅ​ធ្វើ​ការ​​ដែល​ទទួល​បាន​កម្រៃ​ទាប​បំផុត តែ​បច្ចុប្បន្ន​លោក​មាន​​​ទ្រព្យសម្បត្តិ​សរុប ៤៨ពាន់​លាន​ដុល្លារ​

រូបភាព​ផ្ដល់​សិទ្ធិ AFP

បន្ទាប់​ពី​ម្ដាយ​ចិញ្ចឹម​របស់​លោក​បាន​បាត់​បង់​ជីវិត​​ Ellison ​ឈប់​រៀន​ពី​​សាកលវិទ្យាល័យ​នៅ​ទីក្រុង​New York ហើយ​ក៏​ផ្លាស់​ទី​លំនៅ​ទៅ​រដ្ឋ California ​ជាមួយ​ឪពុក​ចិញ្ចឹម​​​ដើម្បី​រក​ការ​ងារ​ធ្វើ​។ Ellison​ធ្វើ​ការ​​មិន​រើស​មុខ​នោះ​ទេ​ហើយ​​លោក​តែង​តែ​ប្ដូរ​ការ​ងារ​ពី​មួយ​ទៅ​មួយ​ ​ដើម្បី​បាន​លុយ​ទិញ​អាហារ​បន្តិច​បន្តួច​​សម្រាប់​តែ​ចម្អែត​ក្រពះ​ប៉ុណ្ណោះ។ នៅ​ក្នុង​ឆ្នាំ ១៩៧៧​ បុរស​កម្សត់​ និង​កំព្រា​ឪពុក​ម្ដាយ​រូប​នេះ​បាន​បង្កើត​ក្រុមហ៊ុន​ផលិត​ Software សម្រាប់​កុំព្យូទ័រ​​មួយ​ឈ្មោះ​​Oracle។ បច្ចុប្បន្ន​Larry Ellison ជា​មហាសេដ្ឋី​ទី​៣​នៅ​អាមេរិក​(បន្ទាប់​ពី​Bill Gates)។ ថ្មី​ៗ​នេះ​លោក​បាន​លាលែង​ពី​តំណែង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Oracle តែ​បុរស​ចំណាស់​រូប​នេះ​នៅ​តែ​រស់​នៅ​ក្នុង​ជីវិត​ដ៏​អស្ចារ្យ។

 

៥. Do Won Chang ពី​អ្នក​យាម​ទ្វា​​រ​ បុគ្គលិក​ចាក់​សាំង​ និង​អ្នក​បម្រើ​នៅ​ហាង​កាហ្វេ​ ក្លាយ​ជា​មហាសេដ្ឋី​ជន​ជាតិ​កូរ៉េ​មាន​ទ្រព្យសម្បត្តិ​សរុប ​៥,២ពាន់​លាន​ដុល្លារ

បន្ទាប់​ពី​ Do Won Chang ផ្លាស់​ទី​លំនៅ​ពី​កូរ៉េ​ទៅ​​​កាន់​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ ១៩៨១ លោក​​ត្រូវ​ធ្វើ​ការ​ងារ​បី​ (អ្នក​យាម​ទ្វារ​ បុគ្គលិក​ចាក់​សាំង​ និង​អ្នក​បម្រើ​នៅ​ហាង​កាហ្វេ​)ក្នុង​ពេល​តែ​មួយ​ដែល​បាន​កម្រៃ​ទាប​បំផុត​។ នៅ​ក្នុង​ឆ្នាំ ១៩៨៤​ លោក​និង​ភរិយា​Jin Sook បាន​ចាប់​ដៃ​គ្នា​បង្កើត​ហាង​លក់​សំលៀក​បំពាក់​​ Online នៅ​រដ្ឋ​California មួយ​ឈ្មោះ​ថា Forever 21។ បច្ចុប្បន្ន​​ក្រុមហ៊ុន​នេះ​មាន​សាខា​ចំនួន ៤៨០​ នៅ​ជុំវិញ​ពិភព​លោក​ដែល​រក​ចំណូល​បាន​៣ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ចុច​អាន៖ អ្នក​មាន​បំផុត​នៅ​ចិន ​Jack Ma ​​​​ចែក​រំលែក​ដំបូន្មាន​ដើម្បី​​ជីវិត​ជោគជ័យ

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ businessinsider

​ ​​​​​​​​​