១០​យ៉ាង ដែល​អ្នក​នឹង​ភ្ញាក់​ផ្អើល​ចំពោះ​មង្គលការ ម៉ារីម៉ា

  • 2015-01-05 15:58:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មង្គលការ​គូស្នេហ៍​ជា​តារា​សម្ដែង​ដ៏​ល្បី​ប្រចាំ​ប្រទេស​ហ្វីលីពីន Marian Rivera និង Dingdong Dantes បាន​ធ្វើ​ឲ្យ​កក្រើក​សារព័ត៌មាន​កម្សាន្ត​ធំ​ៗ​ក្នុង​លោក។ បន្ទាប់​ពី​សាង​ស្នេហ៍​ដ៏​ស្អិត​ល្មួត​រយៈ​ពេល​ជាង ៥​ឆ្នាំ​រួច​មក អ្នក​ទាំង​ពីរ បាន​ភ្ជាប់​ចំណង​​អាពាហ៍ពិពាហ៍​ផ្លូវ​ការ កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​ធ្នូ ឆ្នាំ​២០១៤ កន្លង​ទៅ។

 

 

ខាង​ក្រោម​នេះ គឺ​ជា​រឿង​រ៉ាវ​ពិត ១០​យ៉ាង​ទៀត ដែល​លោក​អ្នក​អាច​មិន​ទាន់​បាន​ដឹង និង​ភ្ញាក់​ផ្អើល​ចំពោះ​អាពាហ៍ពិពាហ៍​របស់​ពួក​គេ៖

 

១. អាពាហ៍ពិពាហ៍​តារា​ល្បី​ទាំង​ពីរ ត្រូវ​បាន​បណ្ដាញ​សារព័ត៌មាន​ធំ​ៗ​ទាំង​ក្នុង​ស្រុក និង​អន្តរជាតិ យក​ទៅ​ចុះ​ផ្សាយ ហើយ​​មាន​អ្នក​មើល​ច្រើន​បំផុត ក្លាយ​ជា​ប្រធាន​បទ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ។ ចំណែក​នៅ​លើ​បណ្ដាញ​សង្គម ដូច​ជា Twitter និង Facebook វិញ ក៏​មាន​អ្នក​ចែកចាយ​រូបថត​អាពាហ៍ពិពាហ៍ ព្រម​ទាំង​បញ្ចេញ​មតិយោបល់​ច្រើន​ផង​ដែរ។

 

២. ផ្កាអ័រគីដេ ផ្កា​កុលាប ​​តុបតែង​ក្នុង​ព្រះវិហារ និង​កន្លែង​ទទួល​ភ្ញៀវ ដែល​មាន​ទាំង​នៅ​ក្នុង​ប្រទេស បូក​រួម​ទាំង​នាំ​ចូល​ពី​ក្រៅ​ប្រទេស​ផង មាន​តម្លៃ​សរុប ២​លាន​ប៉េសូ(ប្រហែល ៤៤៥៦០​ដុល្លារ)។

 

៣. រថយន្ត​ដែល​ប្រើ​ក្នុង​អាពាហ៍ពិពាហ៍​នោះ គឺ​ជា​រថយន្ត​ស៊េរី​ចាស់​ម៉ាក Mercedes Benz ផលិត​ឆ្នាំ​១៩៧៦។

 

៤. កន្លែង​ទទួល​ភ្ញៀវ ត្រូវ​ប្រារព្ធ​ឡើង​នៅ​អគារ Mall of Asia Arena ដែល​ជា​ពហុ​កីឡដ្ឋាន​មាន​ដំបូល​ដ៏​ធំ​មួយ​របស់​ប្រទេស​ហ្វីលីពីន និង​មាន​ភ្ញៀវ​ចូលរួម​រាប់ពាន់​នាក់។ ​​

 

​៥. តារា​ល្បី​ៗ និង​អ្នក​នយោបាយ​ជា​ច្រើន បាន​ចូល​រួម​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ដ៏​កក្រើក​របស់​គូស្នេហ៍​ទាំង​ពីរ ហើយ​ក្នុង​នោះ​មាន​ទាំង​ប្រធានាធិបតី​ហ្វីលីពីន លោក Benigno Aquino III ផង​ដែរ។

 

៦. ​នំ​អាពាហ៍ពិពាហ៍​ដ៏​ធំ ៥​ជាន់ ​​មាន​កម្ពស់​​រហូត​ដល់​ទៅ ១,៨ម៉ែត្រ និង​លើក​ដោយ​មនុស្ស​ជិត ១០នាក់ ព្រម​ទាំង​ចំណាយ​ពេល ១​ខែ ដើម្បី​ធ្វើ​ឡើង។

 

៧. រ៉ូប​កូន​ក្រមុំ​ដែល Marian Rivera ពាក់​ក្នុង​ថ្ងៃ​រៀបការ ត្រូវ​បាន​រចនា​ឡើង​ដោយ​អ្នក​ច្នៃ​ម៉ូដ​ហ្វីលីពីន ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ លោក Michael Cinco មាន​តម្លៃ ២​លាន​ប៉េសូ(ប្រហែល ៤៤៥៦០​ដុល្លារ)។

 

៨. ចិញ្ចៀន​ភ្ជាប់​ពាក្យ​របស់ Marian Rivera គឺ​ជា​ចិញ្ចៀន​រចនា​ឡើង​ដោយ​អ្នក​ច្នៃ​ម៉ូដ​ពេជ្រ​ដ៏​ល្បី​ឈ្មោះ​លើ​លោក Harry Wiston ដែល​ស្លាប់​តាំង​ពី​ឆ្នាំ១៩៧៨។

 

៩. អាពាហ៍ពិពាហ៍​របស់ Marian Rivera និង Dingdong Dantes គឺ​ជា​ព្រឹត្តិការណ៍​ធំ​បំផុត​នៅ​ក្នុង​ព្រះវិហារ​មួយ​នោះ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៣ មក។

 

១០. នៅ​ក្នុង​អាពាហ៍ពិពាហ៍​របស់​តារាភាពយន្ត​ល្បី​ឈ្មោះ​​ទាំង​ពីរ​ដួង មាន​ការ​ចូល​រួម​ពី​សង្ឃរាជ ៨​អង្គ និង​អាចារ្យ ៧​នាក់ ដែល​ជា​ចំនួន​ដ៏​ច្រើន​មួយ នៅ​ក្នុង​ពិធី​បែប​នេះ៕

 

វីដេអូ​ច្បាស់​​ត្រជាក់​ភ្នែក​ ពី​មង្គលការ ម៉ារីម៉ា៖ សូម​ចុចទីនេះ

 

ដោយ៖ គង់ វិសាល

ប្រភព៖ បរទេស​​