គន្លឹះ​ក្នុង​ការ​ថែរក្សា​ Flash ​មិន​ឆាប់​ខូច​ ​ប្រើ​បាន​យូរ

  • 2015-01-05 16:16:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Flash គឺ​ជា​ឧបករណ៍​សម្រាប់​រក្សា​ទុក​ទិន្នន័យ​មួយ​ដ៏​សំខាន់ ​ដែល​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ​នា​ពេល​បច្ចុប្បន្ន​មិន​អាច​ខ្វះ​បាន។ ដូច្នេះ​អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​មិន​ចង់​ឲ្យ​ឧបករណ៍​ផ្ទុក​ទិន្នន័យ​នេះ​ងាយ​ខូច​ដោយ​ប្រការ​ណា​មួយ​នោះ​ទេ។ ដូច្នេះ​ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​មួយ​ចំនួន​ដែល​អាច​ជួយ​ការ​ពារ​ Flash  ​ពី​ការ​ខូច​​ដោយ​ចៃដន្យ។

 

 

១. ជៀសវាង​​ដាក់​វា​នៅ​ក្នុង​ហោប៉ៅ ការ​ទុក​ Flash​ នៅ​ក្នុង​ហោប៉ៅ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​អេឡិចត្រូនិក​​ ដែល​បង្ក​ឡើង​ដោយ​សំណើម​ និង​បង្ក​ឲ្យ​កើត​​ច្រែះ ​និង​ធ្វើ​ឲ្យ​វា​លែង​មាន​ដំណើរ​ការ។ ម្យ៉ាង​ទៀត​នោះ​វា​អាច​មាន​ធូលី​ចូល​នៅ​ក្នុង​ក្បាល​​ Flash ​ដែល​អាច​ធ្វើ​ឲ្យ​វា​ខូច​ក្បាល​ Flash​ និង​ដោត​ទៅ​កុំព្យូទ័រ​​មិន​ស្គាល់។

 

២. កុំ​ដោត​ចោល​នៅ​នឹង​កុំព្យូទ័រ ការ​ដោត​ Flash​ ចោល​ដោយ​ពុំ​បាន​ដក​វា​ចេញ​យូរ​អាច​ធ្វើ​ឲ្យ​វា​មាន​បញ្ហា​ដូចជា ​អត់​ស្គាល់​ពេល​ដោត​វា​ទៅ​កុំព្យូទ័រ​ជា​ដើម។

 

៣. ជៀសវាង​បើក​​កម្មវិធី​ផ្ទាល់​នៅ​ក្នុង​ Flash មាន​អ្នក​ប្រើ​ប្រាស់​ចូល​ចិត្ត​បើក​កម្មវិធី​ដោយ​ផ្ទាល់​នៅ​ក្នុង​ Flash​ ដូច​ជា​ បើក​ចម្រៀង​ វីដេអូ​ រូបភាព​ កែ​ប្រែ​ទិន្នន័យ​នៅ​ក្នុង​កម្មវិធី​មួយ​ចំនួន​ ឬ​ក៏​ដំឡើង​កម្មវិធី​ជា​ដើម។ ទង្វើ​ទាំង​នេះ​អាច​បណ្ដាល​ឲ្យ​​ Flash ​ជួប​បញ្ហា​ដែរ​ ព្រោះ​ Flash​ ជា​ឧបករណ៍​មួយ​ប្រើ​សម្រាប់​រក្សា​ទុក​ទិន្នន័យ​ ដូច្នេះ​គួរ​ជៀស​វាង​ចំណុច​នេះ។ គួរ​កូពី​ទិន្នន័យ​ណា​ ដែល​ចង់​បើក​​ទៅ​ក្នុង​ PC​ ហើយ​ចាំ​ដំណើរ​ការ​គឺ​ជា​ជម្រើស​ល្អ​ជាង។

 

៤. ដក​ Flash ឲ្យ​បាន​ត្រឹម​ត្រូវ ការ​ដក​ Flash​ ដោយ​មិន​បាន​បិទ​ (Eject ) ​​វា​ឲ្យ​បាន​ត្រឹម​ត្រូវ​ពី​កម្មវិធី​កុំព្យូទ័រ​ជាមុន​ ឬ​ក៏​បិទ​កុំព្យូទ័រ​ហើយ​ចាំ​​ដក ​វា​អាច​បង្ក​ឲ្យ​ Flash​ ឆាប់​ខូច​ ឬ​បាត់​បង់​ទិន្នន័យ​ឯកសារ​របស់​អ្នក​ជាដើម។

 

 

 

 

៥. ស្កែន ​Flash ឲ្យ​បាន​ទៀងទាត់ ទម្លាប់​ល្អ​ដែល​ជួយ​ឲ្យ​ Flash មាន​ដំណើរ​ការ​បាន​ល្អ ​គឺ​គួរ​តែ​ស្កែន​វា​ឲ្យ​​បាន​ទៀង​ទាត់​ ព្រោះ​ជួន​កាល​វា​មាន​ផ្ទុក​មេរោគ​ ដែល​អាច​ធ្វើ​ដំណើរ​ការ​របស់​វា​មាន​ភាព​យឺត​ និង​ធ្វើ​ឲ្យ​វា​មាន​ការ​បាត់​បង់​​ទិន្នន័យ។

 

៦. គួរ​ជៀសវាង​ Format​ ញឹក​ញាប់​ពេក តាម​បទពិសោធន៍​ផ្ទាល់ ​ការ​ Format ​Flash ញឹក​ញាប់​ពេក​វា​ក៏​អាច​បង្ក​ឲ្យ​ឧបករណ៍​ផ្ទុក​ទិន្នន័យ​មួយ​នេះ​ប្រើ​ការ​លែង​កើត​ និង​មាន​ការ​បាត់​បង់​ទំហំ​ជា​ដើម។

 

៧. រក្សា​ទុក​នៅ​កន្លែង​​ស្អាត​ និង​ស្ងួត បើ​ទោះ​បី​ជា​មាន​Flash មួយ​ចំនួន​អាច​ធន់​នឹង​ការ​ជ្រាប​ទឹក​ក៏​ដោយ​ តែ​យល់​ល្អ​គួរ​តែ​ជៀសវាង​រក្សា​វា​អោយ​ឆ្ងាយ​ពី​ទឹក ​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​មាន​ការ​ស្ដាយ​ក្រោយ​ដោយ​សារ​តែ​ការ​បាត់​បង់​ទិន្នន័យ​ និង​របស់​មាន​តម្លៃ​របស់​អ្នក៕

 

-អាន​អត្ថបទ៖ អស់​កង្វល់​រឿង​ឆ្លង​មេរោគ​ចូល​កុំព្យូទ័រ​ពេល​​ដោត​ Flash ​

 

ដោយ​៖ សំនៀង

ប្រភព៖ flashdrivepros