បរាជ័យ​ទៅ​Costa Rica ទី​បំផុតយុវជន​ខ្មែរ​ម្នាក់​​​សម្រេច​រៀន​​នៅ​​​​ប្រទេស​​​កូន​​​នាគ​​​ក្នុង​​​អា​ស៊ី

  • 2015-01-08 16:12:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​គេ​មិន​បដិសេធ​វី​សា​ទេ ម្ល៉េះ​ពេល​នេះ​ យុវជន​ខ្មែរ ឈ្មោះ ជឹម ដា​វីត ​ត្រូវ​ទៅ​រៀន​នៅ​ប្រទេស​ក្នុង​ទ្វីប​​អាមេរិច​ខាង​ត្បូង​បាត់​ទៅ​ហើយ។ តែ​ដោយ​សមត្ថភាព​ខ្លាំង​ពូកែ​របស់​ដា​វីត គេ​មិន​បាន​បោះ​បង់​សិស្ស​ជាប់អាហារូបករណ៍ ​UWC Scholarship រូប​នេះ​ចោល​ឡើយ ខាង​សាលា​បាន​ប្ដូរ​ឲ្យ​ទៅ​រៀន​នៅ​ប្រទេស​ផ្សេង ដែល​ជា​ប្រទេស​ខ្លាំង​ខាង​សេដ្ឋកិច្ច ជា​កូន​នាគ​ក្នុង​អាស៊ី​វិញ។

 

 

យុវជន​អាយុ ​២០ ​ឆ្នាំ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ពោធិ៍សាត់​ បាន​ទៅ​សិក្សា​ប្រទេស​សឹង្ហ​បុរី​តាំង​ពី​ខែ ​មករា ឆ្នាំ ​២០១៣ ​ខណៈ​ដា​វីត​នៅ​ជា​សិស្ស​វិទ្យាល័យ​រៀន​​ថ្នាក់​ទី ​១២ ​​ម្ល៉េះ។ ដា​វីត ដឹង​ដំណឹង​នេះ​​ តាម​រយៈ​លោក​នាយក​សាលា​បាន​ប្រកាស​នៅ​ពេល​គោរព​ទង់​ជាតិ​ដោយ​សារ​មាន​អង្គការ​មួយ​ឈ្មោះ​  Sustainable Cambodia មក​ផ្ដល់​ដំណឹង​អំពី​អាហារូបករណ៍​នេះ​ ដូច្នេះ​ទើប​លោក​​នាយក​សាលា​បាន​ប្រកាស​ថា សិស្សានុសិស្ស​ណា​ដែល​មាន​ចំណាប់​អារម្មណ៍​អាច​ដាក់​ពាក្យ​ប្រលង​តាម​កម្មវិធី​នេះ​បាន​ដោយ​ប្រលង​លើ​វិញ្ញាសា​​ គណិត ខ្មែរ វប្បធម៌​ ទូ​ទៅ និង ​ភាសា​អង់គ្លេស ។

 

​ចំពោះ​គណិត ខ្មែរ វប្បធម៌​ទូ​ទៅ​​ គ្មាន​បញ្ហា​សម្រាប់​ដាវីត​ទេ តែ​​ភាសា​អង់គ្លេស​ហាក់​មាន​កម្រិត។ ដាវីត​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ថា ធម្មតា​ការ​ប្រលង​យក​អាហារូបករណ៍​ទៅ​សិក្សា​ក្រៅ​ប្រទេស​តែង​មាន​ការ​លំបាក ប៉ុន្តែ​បើ​ចេះ​ត្រៀម​ខ្លួន​ និង​ ហ៊ាន​ប្រឈម​មុខ​ចំពោះ​វា​ ហើយ​មាន​ការ​ជឿ​ជាក់​លើ​ខ្លួន​ឯង​នោះ ​ភាព​ជោគជ័យ​​នឹង​ទទួល​បាន​ជាក់​ជា​មិន​ខាន។ ក្រោយ​ប្រឹង​ប្រែង​សិក្សា​ទាំង​ការ​អាន និយាយ ស្ដាប់​ និង​ សរសេរ​ដោយ​ខ្លួន​ឯង​បន្ថែម ទី​បំផុត​ដាវីត​ក៏​ប្រលង​ជាប់។ តែ​អកុសល​បែរ​ជា​ត្រូវ​គេ​បដិសេធ​ព្រោះ​វីសា​ទៅ​វិញ។

 

ដា​វីត បញ្ជាក់៖ "ដំបូង​ប្រទេស​ដែល​ខ្ញុំ​ត្រូវ​ទៅ​គឺ ​Costa Rica។ នៅ​កម្ពុជា​គ្មាន​ស្ថាន​ទូត Costa Rica ទេ ជា​ហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​យ៉ាង​ខ្លាំង​លើ​រត់​ការ​ធ្វើ​សំណុំ​ឯក​សារ។ ប្រទេស​កម្ពុជា​យើង​មិន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​នោះ​ទេ ដូច​នេះ​ខ្ញុំ​ត្រូវ​បាន​បដិសេធ​វី​សា​ទៅ​ប្រទេស​នោះ។ តែ​ក្រោយ​មក គេ​បាន​បង្វែរ​ខ្ញុំ​ឲ្យ​ទៅ​រៀន​នៅ​សឹង្ហបុរី​វិញ"។

សាលា​ដែល​ដាវីត​រៀន​មាន​ឈ្មោះ​ថា United World College of South East Asia East campus ។ ក្នុង​សាលា​ទាំង​មូល​មាន​ខ្មែរ​តែ​ ៩​នាក់​ទេ ហើយ​សុទ្ធ​តែ​រៀន​ថ្នាក់​ផ្សេង​ៗ​ពី​ដា​វីត។ បញ្ហា​ចម្បង​ពេល​រៀន​នៅ​ទី​នោះ​ដំបូង ​គឺ​ភាសា​អង់គ្លេស​ ព្រោះ​គ្រា​នោះ​ដា​វីត​មិន​ទាន់​ស្ទាត់​លើ​ការ​និយាយ​ទេ ម្ល៉ោះ​ហើយ​ពិត​ជា​លំបាក​ក្នុង​កា​សិក្សា​​​​​ និង ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​មនុស្ស​នៅ​ទី​នោះ​យ៉ាង​ខ្លាំង។ លុះ​ត្រា​តែ​ជួប​ខ្មែរ​ដូច​គ្នា​ទើប​និយាយ​ភាសា​ខ្មែរ តែ​យ៉ាង​ណា​ពេល​ខ្លះ​ពួក​គេ​និយាយ​ភាសា​អង់គ្លេស​ដែរ​ព្រោះ​ចង់​ពង្រឹង​ភាសា។

 

​ដាវីត​ត្រូវ​រៀន​ថ្នាក់​ទី​ ១២ ​ម្ដង​ទៀត​នៅ​ទី​នោះ។ តែ​ដាវិត​យល់​ថា នេះ​មិន​មែន​ជា​ការ​រៀន​ឡើង​វិញ​ឡើយ ព្រោះ​អ្វី​ដែល​យុវជន​រូប​នេះ​ទទួល​បាន ​គឺ​សុទ្ធ​តែ​ថ្មី​ៗ ល្អ ​និង ​ប្លែក​សម្រាប់​ខ្លួន​ព្រោះ​ការ​សិក្សា​ពិត​ជា​មាន​លក្ខណៈ​ខុស​ពី​នៅ​ខ្មែរ​គឺ​សិក្សា​តាម​កម្រិត​ស្តង់​ដា​អន្តរជាតិ ដែល​ត្រូវ​បាន​គេ​ហៅ​ថា បាក់​ឌុប​អន្តរជាតិ ( IB = International Baccalaureate )។ គ្រប់​មុខ​វិជ្ជា​ទាំង​អស់​ត្រូវ​បង្រៀន​ជា​ភាសា​អង់គ្លេស។ សិស្ស​មិន​ត្រឹម​តែ​រៀន​តាម​សៀវភៅ​ប៉ុណ្ណោះ​ទេ តែ​តម្រូវ​ឲ្យ​ធ្វើ​ពិសោធន៍​ផ្ទាល់​ៗ​បន្ទាប់​ពី​រៀន​ទ្រឹស្ដី​រួច​រាល់ និង​បង្កើត​ពី​របៀប​ពិសោធន៍​ផង​ដែរ។ ក្រៅ​ពី​នេះ​សិស្ស​ត្រូវ​ធ្វើ​ការងារ​សង្គម​ ដើម្បី​ជា​ទុន​អភិវឌ្ឍន៍​បំណិន​ជីវិត​ក្រៅ​ពី​ការ​សិក្សា​នៅ​ក្នុង​សាលា។

 

យុវជន​រូប​នេះ​រៀប​រាប់​ទាំង​សប្បាយ​រីករាយ​ថា៖ "នេះ​ជា​អាហារូបករណ៍​បរទេស​ទី​មួយ​របស់​ខ្ញុំ​ ហើយ​វា​ពិត​ជា​មាន​ន័យ​ណាស់​។ ខ្ញុំ​មាន​អនុស្សាវរីយ៍​ជា​ច្រើន​នៅ​ទី​នោះ​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​ក្នុង​ជីវិត​ ដូច​ជា​ធ្វើ​ការងារ​ជា​ក្រុម​ជាមួយ​មិត្តភ័ក្ដិ​។ យើង​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​សកម្ម។ ពិសេស​ឆ្នាំ​មុន ខ្ញុំ​ត្រូវ​បាន​សាលា​ចាត់​ជា​តំណាង​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​បរិស្ថាន​មួយ​នៅBali ប្រទេស​ឥណ្ឌូណេស៊ី។ ខ្ញុំ​បាន​ទទួល​ចំណេះដឹង​ជា​ច្រើន​និង​ស្គាល់​មនុស្ស​ថ្មី​ៗ​ជា​ច្រើន​ទៀត"។

 

 

ឆ្នាំ ​២០១៥ ខែ​ឧសភា​ខាង​មុខ​ ជឹម ដាវិត​ នឹង​បញ្ចប់​ការ​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី។ ថ្មី​ៗ​នេះ យុវជន​រូប​​នេះ​បាន​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​ដើម្បី​ទៅ​សិក្សា​បន្ត​នៅ​សាកលវិទ្យាល័យ​នា​ប្រទេស​អាមេរិច ហើយ​ក៏​បាន​ទទួល​ដំណឹង​មក​វិញ​ហើយ​ថា​​បាន​ជាប់។ មុខ​ជំនាញ​ដែល​ត្រូវ​រៀន​នៅ​កម្រិត​បរិញ្ញាបត្រ​ គឺ​វិស្វករ​គីមី។

 

ដា​វីត​អះ​អាង​ទាំង​ជឿ​ជាក់​ថា៖ "មូល​ហេតុ​ដែល​ខ្ញុំ​ជ្រើស​យក​ជំនាញ​នោះ គឺ​ខ្ញុំ​សម្រេច​ចិត្ត​តាម​អ្វី​ដែល​ខ្ញុំ​ស្រលាញ់​ចូល​ចិត្ត​និង​មហិច្ឆតា​របស់​ខ្ញុំ។​ តាំង​ពី​រៀន​នៅ​ខ្មែរ​រហូត​ដល់​​សឹង្ហបុរី​ មុខ​វិជ្ជា​ដែល​ខ្ញុំ​ស្រលាញ់ ​និង ​ចូល​ចិត្ត​បំផុត ​គឺ​គីមី និង ​គណិតវិទ្យា។ ​គណិតវិទ្យា ជា​មុខ​វិជ្ជា​ដែល​ខ្ញុំ​ពូកែ​ និង ​ចូល​ចិត្ត​ផ្នែក​នេះ។ ដូច្នេះ​ខ្ញុំ​ជឿ​ថា​មុខ​ជំនាញ​ដែល​ខ្ញុំ​បាន​ជ្រើស​រើស​សម្រាប់​រៀន​នៅ​សាកលវិទ្យាល័យ​គឺ​ត្រឹម​ត្រូវ​ទៅ​នឹង​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត​និង​ចង់​រៀន​ស្រប​ទៅ​តាម​សតិសម្បជញ្ញៈ​របស់​ខ្លួន​ខ្ញុំ​ផ្ទាល់"៕

 

 

 

 

សូមអាន៖ កូន​អ្នក​លក់​បាយ​នៅ​ម្តុំ​ស្តុប​ទេព​ផន​ ​តស៊ូ​រហូត​បាន​​​រៀន​​​​សាលា​​ថ្លៃ​បំផុត​​នៅ​ស្រុក​ខ្មែរ

 

អត្ថបទ៖ លឹម​​ សុ​នា​