ប័ណ្ណ​​បើកបរ​ចាស់​ត្រូវ​ប្ដូរ ​ជំនួសដោយ​​ប័ណ្ណ​ថ្មី​មាន​សុពល​ភាព​​ ១០ ឆ្នាំ

  • 2015-01-09 13:00:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក​ថ្មី បាន​កំណត់​អំពី​សុពលភាព​ នៃ​ប័ណ្ណ​បើកបរ​ត្រឹម​រយៈពេល​ ១០ ឆ្នាំ។ ដូច្នេះ​ប័ណ្ណ​បើកបរ​ចាស់​ត្រូវ​ប្ដូរ​ទាំង​អស់​​ ក្រោយ​ពី​ច្បាប់​ថ្មី​ចូល​ជាធរមាន​​បន្ទាប់​ពី​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម ​សីហ​មុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ឡាយ​ព្រះហស្តលេខា។  នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​ លោក ពៅ ម៉ាលី អគ្គលេខាធិការ​រង​ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ប្រាប់​ Sabay កាល​ពី​រសៀល​ថ្ងៃ​ទី ៨ ខែ​មករា ម្សិលមិញ​នេះ។

 

លោក ពៅ ម៉ាលី បាន​និយាយ​ថា ច្បាប់​ចរាចរណ៍​ជើង​គោក​ថ្មី​បាន​កំណត់​អំពី​សុពលភាព​ប័ណ្ណបើកបរ ​គឺ​មាន​រយៈពេល​ ១០ ឆ្នាំ។ ម្យ៉ាង​​ប័ណ្ណ​ថ្មី​នេះ គឺ​អាច​ប្រើប្រាស់​បាន​​ទាំង​រថយន្ត និង ម៉ូតូ ដោយ​មិន​ចាំ​បាច់​មាន​ប័ណ្ណ​ពីរ ដូច​មុន​ គឺ​មាន​ទាំង​ប័ណ្ណ​បើកបរ​ម៉ូតូ​ផង និង ប័ណ្ណបើកបរ​ឡាន​ផង។ "ខ្ញុំ​ជម្រាប​ជូន​ថា អ្នក​បើកបរ​ម្នាក់​ មាន​ប័ណ្ណ​មួយ​ គឺ​បើក​បាន​ទាំង​ឡាន និង ម៉ូតូ ហើយ​ទទួល​បាន​ប័ណ្ណ​ពិន្ទុ​ផងដែរ"។

 

ច្បាប់​ថ្មី​ដែល​មាន​ ១២ ជំពូក និង ៩២ មាត្រា ដែល​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ កាល​ពី​ថ្ងៃ​ទី ៥ ធ្នូ ឆ្នាំ ២០១៤ ដោយ​មាន​សំឡេង​គាំទ្រ ១០៣ លើ ១០៦ សំឡេង ដែល​ច្បាប់​នេះ​​​បង្កើត​ឡើង​ក្នុង​គោល​បំណង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរ​ ដោយ​បន្ថែម​ទោសធ្ងន់​ជាង​ច្បាប់​ចាស់​ ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​កាល​ពី​ឆ្នាំ ២០០៧​ ។

 

លោក​ ពៅ ម៉ាលី បាន​បញ្ជាក់​ថា សេចក្ដី​ព្រាង​ច្បាប់​ចរាចរណ៍​ថ្មី ដែល​ទើប​អនុម័ត​ពី​រដ្ឋសភា និង ទើប​ឆ្លង​ផុត​ពី​​ព្រឹទ្ធសភា ហើយ​ឥឡូវ​កំពុង​រង់​ចាំ​ការ​ចុះ​ហត្ថលេខា​ពី​ប្រមុខ​រាជរដ្ឋាភិបាល និង ចុង​ក្រោយ​ឡាយ​ព្រះហស្តលេខា​ពី​ព្រះ​មហាក្សត្រ​ គឺ ច្បាប់​នេះ​នឹង​ចូល​ជា​ធរមាន។ "នៅ​ពេល​ច្បាប់​ចូល​ជាធរមាន​ហើយ​នោះ យើង​នឹង​ធ្វើ​ការ​បោះពុម្ព​ជា​សៀវភៅ​ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​ទៅ​កាន់​សាធារណជន ដូច្នេះ យើង​មិន​មែន​ចេញ​ច្បាប់​ភ្លាម​យើង​អនុវត្ត​ភ្លាម​ទេ គឺ​យើង​ផ្សព្វផ្សាយ​សិន"។ ​

នៅ​ក្នុង​អំឡុង​ពេល​ផ្សព្វផ្សាយ​​ពន្យល់​ពី​ច្បាប់​ចរាចរណ៍​ថ្មី គឺ​ប័ណ្ណ​បើកបរ​ចាស់​នៅ​តែ​អាច​ប្រើប្រាស់​បាន​ដដែល​ ប៉ុន្តែ ផុត​កាល​កំណត់​រយៈពេល​ផ្សព្វផ្សាយ​ គឺ​ផ្ដើម​ការ​អនុវត្ត​ច្បាប់​ ហើយ​អ្នក​មិន​បាន​ធ្វើ​ការ​ប្ដូរ​ប័ណ្ណ​បើកបរ​ទេ​គឺ​នឹង​ទទួល​ទោស​តាម​ច្បាប់។ "យើង​មិន​ទាន់​កំណត់​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ ខែ ដើម្បី​ធ្វើ​សេចក្ដី​ប្រកាស​ និង ពន្យល់​ទេ គឺ​យើង​រង់​ចាំ​ច្បាប់​នោះ​ចេញ​ជាធរមាន​សិន រួច​ហើយ​យើង​នឹង​ប្រជុំ​ បន្ទាប់​មក​យើង​កំណត់​ពេល​វេលា​ជាក់​លាក់​មួយ ចាំ​សិន​អូន យើង​មិន​ទាន់​និយាយ​​បាន"។

 

តាម​ពិត​ទៅ​ទម្រាំ​ដល់​ពេល​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ គឺ​ប័ណ្ណ​បើកបរ​ចាស់​ដែល​មាន​រយៈពេល​ ៥ ឆ្នាំ​ គឺ​ផុត​សុពល​ភាព​ល្មម ហើយ​ពួកគាត់​នឹង​ត្រូវ​ទៅ​ធ្វើ​ថ្មី​តែម្ដង។ "ខ្ញុំ​សូម​លើក​ឧទាហរណ៍​ថា កាល​ពី​ពួកគាត់​ធ្វើ​ប័ណ្ណ​ ៥ ឆ្នាំ ហើយ​ខ្លះ​នៅ​សល់​ពេល​ពី​ ២-៣ ឆ្នាំ​អីហ្នឹង ហើយ​ទម្រាំ​ដល់​ចប់​ការ​ផ្សព្វផ្សាយ​អប់រំ​ពីច្បាប់​ចរាចរណ៍​ថ្មី គឺ​ពួកគាត់​អស់​សុពល​ភាព​ល្មម ហើយ​ត្រូវ​មក​ធ្វើ​​ប័ណ្ណ​ថ្មី គឺ​ប័ណ្ណ​ថ្មី​មាន​រយៈពេល​ ១០ឆ្នាំ សម្រាប់​ឡាន​តូច ឯ​ឡាន​ធំ គឺ​មាន​រយៈពេល​ ៥​ ឆ្នាំ​ប៉ុណ្ណោះ"។ លោក​ ពៅ ម៉ាលី និយាយ។

 

ដើមឡើយ​អ្នក​បើកបរ​បាន​កាន់​ប័ណ្ណ​បើកបរ​អចិន្រ្ដៃយ៍​ បន្ទាប់​មក​ប័ណ្ណ​​ដែល​គិត​ចាប់​ពី​ពេល​ធ្វើ​រហូត​ដល់អាយុ​ ៦០ ឆ្នាំ ទើប​ផុត​កំណត់​ ប៉ុន្ដែ​ប័ណ្ណ​ទាំង​នោះ​ក្រសួង​បាន​​ស្នើ​ឲ្យ​មក​ធ្វើ​ថ្មីមាន​រយៈពេល​ ៥ ឆ្នាំ។ ប៉ុន្ដែ ប័ណ្ណចាស់​ដែល​កាន់​អចិន្ដ្រៃយ៍ និង ប័ណ្ណ​អស់​សុពល​ភាព​ត្រឹម​អាយុ ៦០ ឆ្នាំ រហូត​មកទល់​នឹង​ពេល​នេះ គឺ​មានមនុស្ស​តិចតួច​មក​​ផ្លាស់ប្ដូរ​ប័ណ្ណ។ នេះ​បើតាម​ការ​លើក​ឡើង​របស់ ​លោក ពៅ​ ម៉ាលី។

 

ការ​ផ្លាស់​ប្ដូរ​ប័ណ្ណ​ចាស់​មក​ជា​ថ្មី លោក ពៅ ម៉ាលី បាន​បញ្ជាក់​ថា អ្នក​បើកបរ​នឹង​រអ៊ូរទាំ​​ចំពោះ​ការ​អស់​ថវិកា​ខ្លះ​ប៉ុន្តែ លោក​​បាន​ស្នើ​ឲ្យ​មាន​ការ​យោគយល់​ និង ចូលរួម​ទាំង​អស់​គ្នា​ ក្នុង​ការ​អនុវត្ត​ច្បាប់។ ដើម្បី​ផ្លាស់​ប្ដូរ​ប័ណ្ណ គឺ​ ម្ចាស់​ប័ណ្ណ​គ្រាន់​តែ​ភ្ជាប់​ប័ណ្ណ​ចាស់​របស់​ខ្លួន និង សំបុត្រ​ពេទ្យ​បញ្ជាក់​អំពី​សុខភាព​ហើយ​ទៅ​កាន់​មន្ទីរ​ខេត្ត-ក្រុង ឬ អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ ទី​ដែល​ធ្លាប់​ធ្វើ និង ចេញ​ប័ណ្ណ​ ដើម្បី​ស្នើ​សុំ​ផ្លាស់ប្ដូរ​ប័ណ្ណ​គឺជា​ការ​ស្រេច។ "ចំពោះ​ថវិកា​អស់​ប៉ុន្មាន​ខ្ញុំ​មិន​បាន​ចាំ​ទេ គ្រាន់តែ​ខ្ញុំ​ដឹង​ថា វា​​មិន​អស់​ច្រើន​ដូច​ពេល​​រៀន​ និង ប្រឡង​យក​ប័ណ្ណ​បើកបរ​នោះទេ​ មួយ​ទៀត​​នៅ​ទី​តាំង​ទាំង​នោះ​បាន​ភ្ជាប់​សេវា​តម្លៃ​រួច​ជាស្រេច"។ លោក​ ពៅ ម៉ាលី បន្ថែម។

 

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ធ្វើ​ប័ណ្ណ​បើកបរ​ថ្មី គឺ​ងាយ​ស្រួល​នៅ​ក្នុង​ការ​គ្រប់គ្រង​​​ក៏ដូចជា អនុវត្តន៍​ច្បាប់ ព្រោះ​ប័ណ្ណ​ថ្មី​នេះ គឺ​ប្រើប្រាស់​តែ​មួយ​ដោយ​មិន​បាច់​មាន​ប័ណ្ណ​បើកបរ​ម៉ូតូ។ "ខ្ញុំ​លើក​ឧទាហរណ៍​កន្លង​​ទៅ​ នគរបាល​​ចរាចរណ៍​បាន​ផាក​ ឬ ព្យួរ​ទុក​​ប័ណ្ណ​បើកបរ​ម៉ូតូ​ទៅ​តាម​ទោស​កំហុស ប៉ុន្តែ ពួកគេ​មាន​ប័ណ្ណ​បើកបរ​ឡាន​ គឺ​នៅ​តែ​ធ្វើ​ចរាចរណ៍​ដដែល"។ ម៉្លោះ​ហើយ​ប័ណ្ណ​ថ្មី​នេះ គឺ​គ្រាន់​តែ​ព្យួរ​ទុក​មួយ​រួច​ជា​ការ​ស្រេច​ ដោយ​អ្នក​បើកបរ​មិន​អាច​បើក​បាន​នោះ​ទេ។

 

យ៉ាង​ណាមិញ​​គេ​នៅ​មិនទាន់​ដឹង​ថា ច្បាប់​ចរាចរណ៍​ថ្មី នឹង​ដាក់​ទោស​ទៅ​លើ​​អ្នក​បើកបរ​​យាន​ជំនិះ​គ្មាន​ប័ណ្ណ ឬ ក្នុង​រយៈពេល​ព្យួរ​ទុក​នៅ​ឡើយ​ទេ ប៉ុន្ដែ បើ​យោង​តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ឆ្នាំ ២០០៧ ចាស់ គឺ នៅ​ត្រង់​មាត្រា ៧៤ ចែង​ថា ជន​ណា​បើកបរ​​​យាន​ដោយ​​គ្មាន​ប័ណ្ណ​បើកបរ ឬ ក្នុង​រយៈពេល​​ដែល​ប័ណ្ណ​​បើកបរ​​ត្រូវ​ដក​ហូត​ព្យួរ​ទុក ឬ ទុក​ជាមោឃៈ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​​ពី​ប្រាំ​មួយ​ថ្ងៃ (៦) ថ្ងៃ ទៅ​មួយ (១) ខែ ឬ/ និង ពិន័យ​ជា​ប្រាក់​ពី​ ពីរម៉ឺន​ប្រាំពាន់​រៀល (២៥.០០០) រៀល ទៅ​ម្ភៃម៉ឺន​ (២០០.០០០) រៀល។

 

ក្នុង​ឆ្នាំ ២០១៣ កន្លងទៅ អ្នកបើកបរ​បាន​មក​​រៀន និង​ ប្រឡង​យក​ប័ណ្ណ​បើកបរ​សរុប​ចំនួន ២ សែន ៨ ម៉ឺន នាក់។ ក្នុង​ចំណោម​ តួលេខ​នេះ មាន​ ១០ %  ទទួល​បាន​ប័ណ្ណ​បើកបរ​ម៉ូតូ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ លោក ពៅ ម៉ាលី  អគ្គលេខាធិការ​រង​ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ប្រាប់​ឲ្យ​ដឹង។ តួលេខ​​ឆ្នាំ ២០១៤ លោក ពៅ ម៉ាលី បាន​បញ្ជាក់​ថា នៅ​មិន​ទាន់​បូក​សរុប​នៅ​ឡើយ៕

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា