តារា​ឯក​ស្រី​ថៃ​ម្នាក់​នេះ ធ្វើ​ឲ្យ​កក្រើក​​រោងភាពយន្ត Major Cineplex by Cellcard យប់​មិញ!

  • 2015-01-11 18:31:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា Ice និង​អ្នក​ដឹក​នាំ​រឿង "I Fine...Thank you...Love You” បាន​ធ្វើ​ឲ្យ​បរិវេណ​រោងភាពយន្ត Major Cineplex by Cellcard នៅ​​ផ្សារ​ទំនើប ​AEON Mall ពោរពេញ​ដោយ​មនុស្សម្នា​ជា​ច្រើន​កាល​ពី​ល្ងាច​មិញ​នេះ។

 

 

កម្មវិធី​ជំនួប​តារា​ថៃ រៀបចំ​ឡើង​ដោយ Westec Media Limited ដើម្បី​ពូក​គេ​មាន​ឱកាស​បាន​ជួប​ទស្សនិកជន ​និង​​អ្នក​គាំទ្រ​ទាំង​ឡាយ ព្រម​ទាំង​​ផ្សព្វផ្សាយ​​ពី​ស្នាដៃ​​ភាពយន្ត​ថ្មី​របស់​ពូក​គេ​ដែល​យក​មក​​ចាក់​បញ្ចាំង​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា។ គេ​សង្កេត​ឃើញ​ថា មាន​ Fans យ៉ាង​ច្រើន​កកកុញ​បាន​មក​រង់ចាំ​ទទួល​ស្វាគមន៍​វត្តមាន​តារា​ស្រី​រូប​នេះ និង​ថត​រូប​ជុំ​គ្នា មុន​ការ​ចាក់​បញ្ចាំង​រឿង " I Fine...Thank you...Love You” ចាប់​ផ្ដើម។

 

តារា​ឯក​ស្រី​កញ្ញា Ice និយាយ​ថា នាង​​សប្បាយ​រីករាយ​​ដែល​បាន​មក​ដល់​កម្ពុជា និង​បាន​ឃើញ​មាន​អ្នក​គាំទ្រ​ច្រើន​ដូច្នេះ។ ពាក់​ព័ន្ធ​នឹង​សាច់​រឿង​វិញ​នាង​បញ្ជាក់​ថា ​រឿង​នេះ​ស្រដៀង​​នឹង​ចរិត​ពិត​របស់​នាង ហើយ​កញ្ញា​ស្នើ​ឲ្យ​ទស្សនិកជន និង​អ្នក​គាំទ្រ​ចូលរួម​ទស្សនា​ទាំង​អស់​គ្នា។

 

ដោយ​ឡែក អ្នក​ដឹក​នាំ​រឿង Mez Tharatorn បាន​និយាយ​ថា “ I Fine...Thank you...Love You” ជា​ភាពយន្ត​បែប​កំប្លែង លាយឡំ​ដោយ​មនោសញ្ចេតនា និង​សេចក្ដី​ស្នេហា​កើត​ឡើង​ដោយ​សារ​ការ​រៀន​ភាសា​អង់គ្លេស។ មាន​ឈុត​ឆាក​កំប្លែង​ទាន់​សម័យ និង​បង្ហាញ​ពី​ស្នេហា​មិន​ចាំ​ត្រូវ​ការ​ភាព​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ឲ្យ​តែ​មាន​សេចក្ដី​ស្រលាញ់​ស្មោះ។

 

ហេតុផល​ខាង​លើ​បាន​ធ្វើ​ឲ្យ រឿង “I Fine...Thank you...Love You” រក​ចំណូល​បាន​ច្រើន​បំផុត​នៅ​ប្រទេស​ថៃ។ ហើយ​លោក​សង្ឃឹម​ថា នឹង​ទទួល​បាន​ការ​គាំទ្រ​ដូច​គ្នា ពី​ទស្សនិកជន​នៅ​ប្រទេស​កម្ពុជា។

 

កម្មវិធី​ជំនួប​តារា​ថៃ​នេះ បាន​ទទួល​ការ​ឧបត្ថម្ភ​ធំ​ពី​កម្មវិធី​ទូរសព្ទ Line Cambodia។ ក្រៅ​ពី​នេះ​ក៏​មាន​អ្នក​ចូលរួម​ឧបត្ថម្ភ​មួយ​ចំនួន​ទៀត​រួម​មាន Major Cineplex by Cellcard និង​ក្រុម​ហ៊ុន Sabay Digital Corp. ជា​ដើម។ រឿង” I Fine...Thank you...Love You” នឹង​ចាប់​ផ្ដើម​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​តាម​រោង​ភាពយន្ត​នានា​ចាប់​ពី​ថ្ងៃ​ទី​១៦​ខែ​មករា​២០១៥​តទៅ៕