សំឡឹង​បក​ក្រោយ សិល្បករ-សិល្បការិនីខ្មែរ មួយ​ចំនួន​ខាត​បង់​រាប់​ពាន់​ម៉ឺន​ដុល្លារ

  • 2015-01-12 17:39:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​២០១៥ ទើប​បាន​ឈាន​ជើង​ចូល​មក​បាន​ប៉ុន្មាន​ថ្ងៃ មិន​ទាន់​មាន​អ្វី​កើត​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​លើ​សិល្បករ សិល្បការិនី​ឡើយ។ ប៉ុន្តែ​ក្រឡេក​ទៅ​ឆ្នាំ​ចាស់ ២០១៤ ដែល​ទើប​អូស​ជើង​ផុត​នេះ មាន​សិល្បករ សិល្បការិនី​យើង​ខ្លះ​ជួប​គ្រោះ​ចោរកម្ម​អស់​ប្រាប់​រាប់​រយ​រាប់​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក។ តើ​ពួក​គេ​មាន​នរណា​ខ្លះ​...តោះ​តាម​ដាន​៖

 

 

លោក បញ្ញា​សិទ្ធ ៖ តារា​ចម្រៀង​រូប​នេះ បាន​បើក​ឆាក​ករណី​បាត់​បង់​ទ្រព្យ​មុន​គេ​ក្នុង​ចំណោម​សិល្បករ​ក្នុង​ឆ្នាំ​២០១៤​កន្លង​ទៅ។ លោក បញ្ញា​សិទ្ធ បាន​បាត់បង់​រថយន្ត​របស់​ខ្លួន​កាល​ពី​ថ្ងៃទី​១៧ កក្កដា ពេល​ដែល​ចត​ចោល​នៅ​មុខ​ផ្ទះ​របស់​លោក មាន​អាសយដ្ឋាន​នៅ​សង្កាត់​ទឹកល្អក់​២ ខ័ណ្ឌ​ទួលគោក ម្តុំ​សាលារៀន​សន្ធរម៉ុក។

 

រថយន្ត​របស់​លោក បញ្ញា​សិទ្ធ ដែល​ត្រូវ​ចោរលួច​គាស់​សោ​យក​ទៅ​បាត់​នោះ ម៉ាក​ឆ្លាម ពណ៌​ខ្មៅ ស៊េរី ៩៩ មាន​ស្លាក​លេខ ២H ៧២៩៨​៕

 

វី ជីវ័ន៖ តារា​សម្ដែង​សក់​សំពោង​រូប​នេះ ជា​បុគ្គល​បន្ទាប់​ក្នុង​ជួរ​សិល្បករ​ដែល​ជួប​គ្រោះ​ចោរកម្ម។ កាល​ពី​យប់​ថ្ងៃ​ទី ២៧ ខែ​សីហា កន្លង​ទៅ​នៅ​សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ​ សែន​សុខ។ គ្រា​នោះ លោក ជីវ័ន បាន​ស្រវឹង​យ៉ាង​ខ្លាំង ក្រោយ​ចូល​រួម​ពិធី​ជប់​លៀង​របស់​មិត្តភ័ក្ដិ​ហើយ​បាន​ទទួល​ទាន​ស្រា​ពីរ​បី​កែវ។ លោក​បើក​បរ​រថយន្ត​មក​ឈប់​នៅ​លើ​ផ្លូវ​ក្នុង​ភូមិ​សាស្ត្រ​ខាង​លើ ហើយ​ក៏​បាន​លង់លក់​ទៅ។ បន្ទាប់​ពី​នោះ មាន​ជន​មិន​ស្គាល់​មុខ​បាន​បើក​ទ្វារ​រថយន្ត​លួច​យក​សម្ភារ​របស់​លោក​រួម​មាន ទូរសព្ទ​ដៃ​ពីរ​គ្រឿង iPad មួយ​គ្រឿង និង​ឯកសារ​មួយ​ចំនួន​ទៀត សរុប​ជា​ទឹក​ជាង​១ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក។

 

តារា​សម្ដែង​រូប​នេះ​ដាក់​ការ​សង្ស័យ​ថា ទំនង​ជា​មាន​អ្នក​ដាក់​ថ្នាំ​​សណ្ដំ​ក្នុង​កែវ​ស្រា​ចង់​ធ្វើ​បាប​​ ទើប​ធ្វើ​ធ្វើ​ឱ្យ​លោក​បាត់បង់​ស្មារតី​​ដូច្នេះ ខណៈ​​រាល់​ដង​លោក​លើក​ឡើង​ថា ញ៉ាំ​ស្រា​ច្រើន​ជាង​នេះ​ពីរ​ទៅ​បី​ដង​ទៀត ប៉ុន្តែ​មិន​ដែល​មាន​បញ្ហា​ឡើយ។

 

ពេជ្រ អាវីហ្សា ៖ កញ្ញា ពេជ្រ អាវីហ្សា បាន​បិទ​ទំព័រ​ឆ្នាំ ២០១៤ ក្នុង​នាម​ជា​បុគ្គល​ក្នុង​សង្គម​សិល្បៈ​ចុង​ក្រោយ​គេ​ដែល​ជួប​រឿង​ចោរកម្ម។ កញ្ញា បាន​បាត់​រថយន្ត​ម៉ាក​ឡិច​ស៊ីស RX300 មួយ​គ្រឿង កាល​ពី​ថ្ងៃ​ទី ១៣ តុលា នៅ​មុខ​ហាង​ស៊ុប​យីហោ​"ស៊ុប​គោ​៤០" ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ ។ នៅ​ថ្ងៃ​នោះ ប្អូន​ប្រុស​កញ្ញា ពេជ្រ អាវីហ្សា បាន​បើក​រថយន្ត ម៉ាក​ឡិចស៊ីស RX300របស់​នាង​ដឹក​ក្រុម​គ្រួសារ​ទៅ​ទទួល​ទាន​ស៊ុប​នៅ​ហាង​ស៊ុប​ខាង​លើ ដោយ​ចត​រថយន្ត​នៅ​ចិញ្ចើម​ផ្លូវ​ទល់​មុខ​ហាង លុះ​ចេញ​មក​វិញ ក៏​បាន​រថយន្ត​តែ​ម្ដង។

 

អាវីហ្សា បាន​ដាក់​ពាក្យ​បណ្ដឹង​ភ្លាម​ទៅ​សមត្ថកិច្ច​ដើម្បី​ជួយ​រក​រថយន្ត​របស់​នាង​វិញ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ រថយន្ត​ទំនើប​របស់​នាង​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ៕

 

អត្ថបទ៖ ទារិកា