មហិច្ឆតាសម្បើម De5inite របស់​ខ្មែរ​ធ្វើ​តែ​បទចម្រៀង​ចំណាយ​ចាប់​ពី​៥ពាន់​ដុល្លារ​ឡើង​ទៅ!

  • 2014-10-02 17:54:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​លោក ចាន់ណា រ៉ូណាន ប្រធាន​ក្រុម​តារា​ចម្រៀង De5inite បាន​ឲ្យ​ដឹង​ថា លោក​នឹង​ចំណាយ​ទុន​ខ្ពស់​ចាប់​ពី ៥០០០ដុល្លារ​ឡើង​ទៅ​ឯណោះ​សម្រាប់​ផលិត​វីដេអូ​ចម្រៀង​មួយ​បទ ដោយ​ផ្ដោត​ខ្លាំង​លើ​គុណភាព​តែ​ម្ដង។

 

តួ​លេខ​នេះ បើ​តាម​ការ​ខ្សឹប​ប្រាប់​ពី​ប្រភព​ម្នាក់ គឺ​ខ្ពស់​ជាង​គេ ខណៈ​ផលិតកម្ម​ផ្សេង​ទៀត ចំណាយ​ខ្ទង់ ១០០០​ដុល្លារ ឬ​ខ្ពស់​ជាង​នេះ​បន្តិច​បន្តួច​ប៉ុណ្ណោះ លើ​ការ​ធ្វើ​វីដេអូ​ចម្រៀង​មួយ​បទ។ បទ "Photo” គឺ​ជា​ឧទាហរណ៍​ជាក់​ស្ដែង​មួយ ដែល​តាម​លោក រ៉ូណាន គឺ​បាន​ប្រើ​ប្រាស់​ការ​ចំណាយ​ខ្ទង់​៥០០០ដុល្លារ​នេះ​រួច​ហើយ។ បទ​នេះ ជា​ប្រភេទ​បទ​ញាក់ និយាយ​អំពី​ភាព​សំខាន់ ក៏​ដូច​ជា​គុណ​ប្រយោជន៍​របស់ "រូប​ថត" ឬ "Photo” ហើយ​ត្រៀម​ចេញ​ក្នុង​រយៈ​ពេល​មិន​យូរ​ខាង​មុខ។

 

តាម​លោក រ៉ូណាន បទ​នេះ​ឆ្លុះ​បង្ហាញ​ច្រើន​សម័យ​កាល មាន​ទាំង​បច្ចុប្បន្ន សម័យ​ឧត្ដុង្គ លង្វែក ជាដើម រួម​ទាំង​ជួល​អ្នក​រាំ​ដែល​មាន​ជំនាញ​ច្បាស់​លាស់​ល្អ​ៗ ចំណាយ​លើ​សម្ភារ​ផ្សេង​ៗ និង​ចំណាយ​លើ​ការ​ប្រើ​បច្ចេកទេស​ទំនើបៗ​ច្រើន​ទៀត ទើប​ធ្វើ​ឲ្យ​ការ​ចំណាយ​អស់​ច្រើន​ដូច្នេះ។

 

យ៉ាង​ណា សិល្បករ​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​រូប​នេះ ប្រាប់​ថា មិន​ជា​បញ្ហា​ឡើយ ដោយ​សារ​ថា ពួក​លោក​រក​បាន​អ្នក​ឧបត្ថម្ភ​ធំ​ៗ​មួយ​ចំនួន​សម្រាប់​ដាក់​ក្នុង​បទ​ចម្រៀង​នេះ​រួច​ហើយ សម្រាប់​ជួយ​ទ្រ​ទ្រង់​លើ​ការ​ចំណាយ។

 

 

 ក្រុម​ De5init (រូប​ថត Facebook Rich Kids Media)

ជាមួយ​នឹង​ការ​តាំង​ចិត្ត​មុត​មាំ​លើ​ការ​ផលិត​បទ​ចម្រៀង​មាន​គុណភាព​នេះ លោក ចាន់​ណា រ៉ូណាន ប្រាប់​បន្ថែម​ថា ចាប់​ពី​ពេល​នេះ​ទៅ ក្រុម De5inite របស់​លោក​នឹង​ធ្វើ​តែ​បទ Original ប៉ុណ្ណោះ ហើយ​ក៏​មិន​ធ្វើ​ដែរ​ក្នុង​១​ឆ្នាំ។ "ដូច​នៅ​ស្រុក​គេ​អីចឹង យើង​អត់​ធ្វើ​ច្រើន​ទេ គឺ​ធ្វើ​តែ​មួយ​បទ​ចំណាយ​ទុន​ខ្ពស់ ហើយ​ធ្វើ​យក​គុណភាព​ល្អ​តែ​ម្ដង"។

 

De5inite គឺ​ក្រុម​តារា​ចម្រៀង​របស់​ផលិតកម្ម Rich Kids Media ដែល​មាន​សាខា​នៅ​ប្រទេស​ម៉ាឡេស៊ី ថៃ និង​កម្ពុជា។ មិន​ត្រឹម​តែ​បទ​ចម្រៀង ផលិតកម្ម​ថ្មី​មួយ​នេះ មាន​ផែន​ការ​ផលិត​ភាពយន្ត​មាន​គុណភាព​បន្ថែម​ទៀត​ដែរ៕

 

 អត្ថបទស្ដី​ពី​តន្ត្រីជាតិ​ផ្សេង​ៗ​ទៀត មាន​នៅ​ទី​នេះ...!!!

តាម​ដាន​ព័ត៌មាន​ពី​សកម្មភាព​តារា​ជាតិ​ផ្សេង​ទៀត មាន​នៅ​ទី​នេះ…!

 

អត្ថបទ៖ ទារិកា

 

 

 

 

 

 

 

 

 

 

អត្ថបទថ្មី