គន្លឹះសុំឡើងប្រាក់ខែដ៏មានប្រសិទ្ធភាពសម្រាប់អ្នកធ្វើការក្នុងឆ្នាំថ្មីនេះ
- 2015-01-14 17:46:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះសុំឡើងប្រាក់ខែដ៏មានប្រសិទ្ធភាពសម្រាប់អ្នកធ្វើការក្នុងឆ្នាំថ្មីនេះ
ចន្លោះមិនឃើញ
យ៉ាងហោចណាស់មានបុគ្គលិកម្នាក់ក្នុងចំណោមបីនាក់ដែលមានគម្រោងរកការងារថ្មី ប្រសិនបើពួកគេមិនបានទទួលទទួលការដំឡើងប្រាក់ខែក្នុងឆ្នាំថ្មី។ បន្ថែមពីនេះ ជិត៥០ភាគរយនៃអ្នកធ្វើការតែងមានជំនឿថាពួកគេនឹងអាចរកបានការងារថ្មីមួយក្នុងរយៈពេល៦ខែ។ ប៉ុន្តែ មានបុគ្គលិកប្រហែលជា១៣ភាគរយ តែងភ័យខ្លាចត្រូវគេបញ្ឈប់ពីការងារក្នុងរយៈពេល៦ខែនោះ។ នេះបើតាមការវាស់ស្ទង់កម្រិតភាពជឿជាក់របស់បុគ្គលិករបស់ស្ថាប័ន Glassdoor សហរដ្ឋអាមេរិក។
កុំអង្គុយរង់ចាំរហូតដល់ថ្ងៃដែលចៅហ្វាយដំឡើងប្រាក់ខែឲ្យអ្នក៖
សម្រាប់អ្នកដែលចាប់ផ្ដើមការងារដំបូង កុំគ្រាន់តែអង្គុយរង់ចាំអ៊ុតមើលថាតើអ្នកនឹងត្រូវបានគេដំឡើងប្រាក់ខែ ហើយក៏ត្រូវរកការងារថ្មីភ្លាមៗ បើសិនគេមិនបានឡើងប្រាក់ខែឲ្យ។ នៅក្រុមហ៊ុន ស្ថាប័នមួយចំនួនត្រូវការឲ្យបុគ្គលិកមានភាពក្លាហានដើម្បីសុំដំឡើងប្រាក់ខែ។ វាអាចជារឿងស្មើភាព ឬមិនស្មើភាពចំពោះមនុស្សមួយចំនួន តែវាមិនសមទាល់តែសោះដែលអ្នកត្រូវដើរចេញពីការងារដែលអ្នកពេញចិត្ត ហើយគ្រាន់តែមិនបានឡើងប្រាក់ខែនោះ។ យកល្អ គួរតែពិភាក្សាជាមួយចៅហ្វាយពីរឿងនេះជាមុន មុននឹងសម្រេចចិត្តចាកចេញ។
រកពេលវេលាស័ក្ដិសម៖
ការស្វែងរកពេលវេលាដើម្បីសុំឡើងប្រាក់ខែ គឺជាគំនិតដ៏ឆ្លាតវៃមួយ។ ដំបូង ពេលល្អដែលអ្នកអាចនិយាយរឿងនេះបានគឺពេលដែលអ្នកគិតថាអ្នកមានអ្វីមួយស្ថិតស្ថេរក្នុងកិច្ចការដែលអ្នកទទួលបន្ទុកហើយ។ ការដំឡើងប្រាក់ខែ គឺជាការទទួលស្គាល់ថាអ្នកបានរួមចំណែកក្នុងការធ្វើឲ្យក្រុមហ៊ុន ឬស្ថាប័ននោះមានការរីកចម្រើនបានច្រើនជាងពេលដែលអ្នកទទួលបានប្រាក់ខែដើម។ ដូច្នេះ អ្នកចង់ឲ្យច្បាស់ថាវាជាការពិត ហើយអាចបង្ហាញវាទៅកាន់ចៅហ្វាយអ្នកបាន។
លើសពីនេះ ចៅហ្វាយនាយភាគច្រើនមិនដំឡើងប្រាក់ឲ្យបុគ្គលិកច្រើនលើសពីមួយដងក្នុងមួយឆ្នាំទេ លើកលែងតែក្នុងករណីចាំបាច់ណាមួយ។ ហេតុនេះ បើអ្នកទើបតែបានឡើងប្រាក់ខែក្នុងរយៈពេល១១ខែមុន ឬអ្នកមិនទាន់ធ្វើការបានគ្រប់មួយឆ្នាំ អ្នកប្រហែលជាត្រូវរង់ចាំបន្តិចសិនហើយ។
ចំណុចនេះ អ្នកក៏ត្រូវតែមានភាពវៃឆ្លាតក្នុងការរកពេលវេលានិយាយផងដែរ។ កុំទៅពិភាក្សារឿងនេះជាមួយចៅហ្វាយអ្នក ក្នុងពេលដែលគាត់អារម្មណ៍មិនល្អ ពេលគាត់រវល់ ឬពេលដែលអ្នកទើបតែបានធ្វើកំហុសអ្វីមួយក្នុងការងារ។
បង្ហាញមូលហេតុសមរម្យថាអ្នកពិតជាសមនឹងបានប្រាក់ខែច្រើនជាងមុន៖
នៅពេលដែលអ្នកចង់សុំឡើងប្រាក់ខែ អ្នកចាំបាច់បង្ហាញហេតុផលច្បាស់លាស់ ថាហេតុអ្វីអ្នកចង់បានប្រាក់ឡើងបែបនេះ? មានន័យថា អ្នកគួរតែឆ្លុះបញ្ចាំងឲ្យឃើញពីសមិទ្ធិផលការងារក្នុងឆ្នាំចាស់ និងចំណុចល្អៗដែលអ្នកមានចំពោះក្រុមការងារ និងស្ថាប័នទាំងមូល។
ប្រាកដក្នុងចិត្តថាអ្នកដឹងច្បាស់ពីកាំប្រាក់បៀវត្សរ៍ក្នុងទីផ្សារការងារ៖
ជាញឹកញាប់ បុគ្គលិកភាគច្រើនស្នើសុំឡើងប្រាក់ខែ ដោយមិនបានដឹងច្បាស់ថាក្នុងតួនាទីរបស់ខ្លួនត្រូវទទួលបានតម្លៃការងារប៉ុន្មានក្នុងទីផ្សារការងារជាក់ស្ដែង។ អ្នកនឹងមិនអាចទទួលបានប្រាក់ខែឡើងឡើយ ប្រសិនបើការទាមទារនោះច្រើនជាងកាំប្រាក់បៀវត្សរ៍ទូទៅក្នុងទីផ្សារ។ ដូច្នេះ មុននឹងមានគម្រោងស្នើនេះ អ្នកចាំបាច់ស៊ើបឲ្យដឹងពីតម្លៃប្រាក់ខែពិតក្នុងទីផ្សារការងារជាមុនសិន។
ប៉ុន្តែគ្មានវិធីចំៗដើម្បីស្វែងរកព័ត៌មានទាក់ទងតម្លៃទីផ្សារការងារនោះទេ។ គេហទំព័រការងារជាច្រើន អាចជាជំនួយក្នុងបញ្ហានេះ បើទោះបីមិនមានការចែងពីតម្លៃប្រាក់ខែដូចៗគ្នាក៏ដោយ តែអ្នកអាចយកមកប្រៀបធៀប ហើយកំណត់យកតម្លៃសមរម្យមួយ។ តើមិត្តអ្នកអានយល់យ៉ាងណាចំពោះវិធីខាងលើ? បើអាច គួរតែសាកល្បងសិន ដើម្បីចង់ដឹងថាវាអាចជួយបានកម្រិតណា?
ចុចអាន ៨សំណួរដែលអ្នកចៀសមិនផុត ពេលទៅសម្ភាសការងារ
ដោយ៖ សរ សុគន្ធី ប្រភព៖ usnews, time