កីឡាករ E-Sports កម្ពុជា១៥នាក់ទៅប្រកួត MATIC នៅប្រទេសចិនព្រឹកមិញ
- 2015-01-16 16:41:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករ E-Sports កម្ពុជា១៥នាក់ទៅប្រកួត MATIC នៅប្រទេសចិនព្រឹកមិញ
ចន្លោះមិនឃើញ
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC)បានបញ្ជូនកីឡាករអេឡិចត្រូនិករបស់ខ្លួនចំនួន៣ក្រុមដែលក្នុងមួយក្រុមមានសមាជិក៥រូបទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកអន្តរជាតិMATIC 2015 (Mission Against Terror International Championships)លើកទី៤នៅប្រទេសចិន ពីថ្ងៃទី១៧-១៨ ខែមករា ឆ្នាំ២០១៥។
កីឡាករអេឡិចត្រូនិកកម្ពុជាទាំង៣ក្រុមរួមមាន Secret, NeverCare និង MD សុទ្ធតែជាជម្រើសជើងឯកពីការប្រកួតទូទាំងប្រទេសកម្ពុជាកន្លងទៅដែលសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបញ្ជូនទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ MATIC 2015ដែលមានប្រាក់រង្វាន់៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក នៅខេត្ត Zhuhai ប្រទេសមហាអំណាចចិន។
ក្រុម Secret
ក្រុម NeverCare
ក្រុម MD
ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកធំប្រចាំតំបន់ដែលរៀបចំធ្វើឡើងមួយឆ្នាំម្តងនេះមានការចូលរួមប្រកួតប្រជែងពីក្រុមកីឡាករអេឡិចត្រូនិកចំនួន២០ក្រុមមកពី៧ប្រទេសផ្សេងគ្នាគឺកម្ពុជាមាន៣ក្រុម ចិន (ម្ចាស់ផ្ទះ)៨ក្រុម, ម៉ាឡេស៊ី ២ ក្រុម, សិង្ហបុរី ២ ក្រុម, ឥណ្ឌូណេស៊ី ២ ក្រុម, ថៃ ២ ក្រុម និងតៃវ៉ាន់ចំនួន ១ ក្រុម។
អាន៖ យុវវ័យនិយាយពីក្រុមដែលមានឱកាសឆក់យកតំណែងជើងឯក MATIC 2015
វត្តមានផ្លូវការរបស់កីឡាអេឡិចត្រូនិកកម្ពុជានៅលើឆាកប្រកួតអន្តរជាតិ MATIC 2015 នេះ រៀបចំឡើងដោយ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា(EFC)ដែលទើបត្រូវបានបង្កើតឡើងជាផ្លូវការក្រោមអធិបតីភាពឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ ដើម្បីឆ្លើយតបតាមគោលនយោបាយកីឡាជាតិ និង គោលការណ៍កីឡា E-Sports អន្តរជាតិ ដែលចូលរួមឧបត្ថម្ភដោយ Sabay។
នេះជាលើកទី ៤ ហើយសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិ MATICកើតមានឡើង បើរាប់បញ្ចូលទាំង MATIC 2015 នៅប្រទេសចិនលើកនេះ ខណៈ ៣ ឆ្នាំកន្លងទៅក្រុមកីឡាករអេឡិចត្រូនិកកម្ពុជាបានចូលរួមការប្រកួត និងទទួលបានចំណាត់ថ្នាក់ជើងឯករង ២ ឆ្នាំជាប់គ្នាពោលគឺMATIC 2013 នៅប្រទេសថៃ និង MATIC 2014 ដែលកម្ពុជាជាម្ចាស់ផ្ទះផ្ទាល់តែម្ដង។
ការចេញដំណើរចេញទៅប្រកួតពានរង្វាន់ MATIC 2015 នៅប្រទេសចិនរបស់កីឡាករកម្ពុជាព្រឹកមិញនេះលោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងអគ្គលេខាធិការរងលោក ជាន ចាន់រ៉ា ក៏បានជូនដំណើរកីឡាករដោយផ្ទាល់នៅអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ ខណៈប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាលោក ជី សិលា នឹងធ្វើដំណើរទៅចូលរួមទស្សនាព្រឹត្តិការណ៍ប្រកួត MATIC 2015 នេះនៅប្រទេសចិនផ្ទាល់តែម្ដង បន្ទាប់ពីលោកបំពេញបេសកកម្មនៅប្រទេសជប៉ុនរួច៕
តើលទ្ធផលរបស់កីឡាករអេឡិចត្រូនិកកម្ពុជាក្នុងព្រឹត្តិការណ៍ MATIC 2015 នឹងទៅជាយ៉ាងណា? ចង់ដឹងច្បាស់កុំភ្លេចតាមដានជាមួយ Sabay តាមរយៈ news.sabay.com.kh៕
អត្ថបទ៖ ភីឆាយ