យុវវ័យនិយាយពីក្រុមដែលមានឱកាសឆក់យកតំណែងជើងឯក MATIC 2015
- 2015-01-16 15:38:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវវ័យនិយាយពីក្រុមដែលមានឱកាសឆក់យកតំណែងជើងឯក MATIC 2015
ចន្លោះមិនឃើញ
ទន្ទឹមនឹងមហាព្រឹត្តិការណ៍ប្រកួតដ៏កក្រើកប្រចាំឆ្នាំរវាងជើងខ្លាំង AK Online កម្ពុជា និងជើងខ្លាំងអន្តរជាតិ ៦ តំបន់ផ្សេងទៀតជិតមកដល់ពោលគឺ ២ ថ្ងៃទៀត យុវវ័យសម័យបច្ចេកវិទ្យាទំនើបដែលចូលចិត្តតាមដានព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកបាននាំគ្នានិយាយ និងពិភាក្សាគ្នាឥតឈប់ឈរពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ជាពិសេសគឺរឿងដណ្ដើមតំណែងជើងឯក MATIC 2015 តែម្ដង ដោយអ្នកគាំទ្រកម្ពុជាជាច្រើនបានលើកឡើងយ៉ាងមានជំនឿចិត្តថា កម្ពុជាយើងមានឱកាសច្រើនក្នុងការលើកពាន MATIC 2015 នេះ។
ជាក់ស្ដែងយុវជន Dada ដែលធ្លាប់បានបង្ហាញវត្តមានស្ទើរតែគ្រប់ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកនៅទីក្រុងភ្នំពេញដែលរៀបចំដោយ Sabay បាននិយាយថា៖ "ខ្ញុំនៅតែមានជំនឿចិត្តលើក្រុមកម្ពុជាយើងដដែលហ្នឹងបង ជាពិសេសគឺ NeverCare តែម្ដង ព្រោះពួកគាត់(NeverCare) នៅតែមានសមត្ថភាព និងយុទ្ធសាស្ត្រប្រយុទ្ធខ្លាំងដដែល ហើយថែមទាំងព្យាយាមហ្វឹកហាត់ធ្វើសមប្រយុទ្ធជាក្រុមទៀតផងក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ"។
អាន៖ ជិតដល់ថ្ងៃឡើងជ្រញ់ កីឡាករ AK កម្ពុជាបន្តការហ្វឹកហាត់កាន់តែខ្លាំង
ចំណែក ឈុនឡេង អ្នកកម្សាន្ត ហើយក៏ជាអ្នកតាមដានការប្រកួត AK កន្លងទៅក៏មានជំនឿលើសមត្ថភាពក្រុមកម្ពុជាផងដែរ ដោយបាននិយាយថាកម្ពុជាថា ពាន MATIC 2015 នេះមិនអាចរំលងផុតពីដៃកីឡាករកម្ពុជាយើងឡើយ។
"មើលទៅពានឆ្នាំនេះពិបាកនឹងរួចផុតពីដៃកីឡាករកម្ពុជាយើងណាស់ ដោយសារតែកម្ពុជាយើងធ្លាប់ជាជើងឯករង ២ ឆ្នាំជាប់គ្នាហើយ ដូច្នេះកម្លាំងចិត្តនៃការដណ្ដើមយកលេខ ១ នៅឆ្នាំនេះប្រាកដជាខ្លាំងឡើងៗជាក់ជាមិនខាន ខណៈដែលសមត្ថភាព និងយុទ្ធសាស្ត្រប្រយុទ្ធកីឡាករកម្ពុជាយើងទាំង ៣ ក្រុមមានរួចរាល់អស់ទៅហើយ"។
មិនសូវហ៊ានសង្ឃឹមច្រើនថាកម្ពុជានឹងលើកពាន ព្រោះតែម្ចាស់ផ្ទះចិនមានរហូតដល់ទៅ ៨ ក្រុម យុវជន សីហា អ្នកកម្សាន្ត AK មួយរូបបាននិយាយថា៖ "វាហាក់ដូចជាពិបាកបន្តិចហើយសម្រាប់កីឡាករ AK កម្ពុជាក្នុងការដណ្ដើមយកពាន MATIC 2015 មកកម្ពុជា ព្រោះថាម្ចាស់ផ្ទះចិនដែលជាអ្នករៀបចំការប្រកួតឆ្នាំនេះមានរហូតដល់ទៅ ៨ ក្រុមឯណោះដើម្បីចូលរួម ដូច្នេះខ្ញុំគិតថា យ៉ាងហោចណាស់ក៏មានក្រុមប្រទេសចិនចំនួន ២ ក្រុមដែរដែលអាចឈានជើងចូលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
និស្សិតឆ្នាំទី ២ ជំនាញ IT មកពីសាកលវិទ្យាល័យន័រតុនរូបនេះបានបន្តទៀតថា៖ "ដូចដែលបងដឹងហើយ សម្រាប់ប្រភេទកីឡាទាំងអស់ មិនថាកីឡាបាល់ទាត់ ឬកីឡាអេឡិចត្រូនិកទេ ឲ្យតែម្ចាស់ផ្ទះដឹងតែមានប្រៀបជាងហើយ ព្រោះសំឡេងហ៊ោគាំទ្រខ្លាំងៗអាចបំបាក់ទឹកចិត្តគូប្រកួតបានដោយមិនដឹងខ្លួនផងដែរ"។
ជាចុងក្រោយ សីហា ក៏បានជូនពរ និងផ្ដាំដល់កីឡាករកម្ពុជាយើងផងដែរថា៖ "មិនត្រូវបាក់ទឹកចិត្តដោយសំឡេងហ៊ោទាំងនោះឡើយ ចូរព្យាយាមបង្វែរសំឡេងហ៊ោគាំទ្រទាំងនោះថាជាសំឡេងហ៊ោរបស់អ្នកគាំទ្រកម្ពុជាយើង ព្រោះនៅទីនេះយើងនឹងតាមដាន និងគាំទ្ររាល់ការប្រកួតរបស់អ្នកទាំងអស់គ្នាជានិច្ច បើសិនជាមានការផ្សាយផ្ទាល់"។
អាន៖ ២ ថ្ងៃទៀត អត្តពលិកកម្ពុជាហោះទៅដណ្ដើមពានអន្តរជាតិ MATIC នៅចិនហើយ
ចុះប្រិយមិត្តវិញ? គិតថាក្រុមណានឹងគ្រងតំណែងជើងឯក MATIC 2015 នេះដែរ?
អត្ថបទ៖ ភីឆាយ