៤ ថ្ងៃទៀត អត្តពលិកកម្ពុជាហោះទៅដណ្ដើមពានអន្តរជាតិ MATIC នៅចិនហើយ
- 2015-01-12 19:00:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ ថ្ងៃទៀត អត្តពលិកកម្ពុជាហោះទៅដណ្ដើមពានអន្តរជាតិ MATIC នៅចិនហើយ
ចន្លោះមិនឃើញ
នៅសល់តែរយៈពេល ៤ ថ្ងៃទៀតប៉ុណ្ណោះ ក្រុមកីឡាករ E-Sports កម្ពុជារួមមានក្រុម Secret, NeverCare និង MD ដែលជាក្រុមកីឡាករពោរពេញទៅដោយបទពិសោធន៍ប្រយុទ្ធអនឡាញនៅលើឆាកប្រកួតក្នុងស្រុក និងអន្តរជាតិ នឹងធ្វើដំណើរហោះហើរទៅប្រទេសមហាអំណាចចិន ដើម្បីចូលរួមដណ្ដើមពានរង្វាន់កីឡាអេឡិចត្រូនិកអន្តរជាតិ MATIC 2015 ដែលមានប្រាក់រង្វាន់ម៉ឺនដុល្លារ។
ព្រឹត្តិការណ៍ប្រកួតអន្តរជាតិប្រចាំឆ្នាំនេះនឹងធ្វើឡើងនៅថ្ងៃទី ១៧ និង ១៨ ខែមករា ឆ្នាំ ២០១៥ ក្នុងផ្សារទំនើប HuaFa ShangDu ខេត្ត ZhuHai ប្រទេសចិន ដោយក្នុងនោះជើងខ្លាំងកម្ពុជាទាំង ៣ ក្រុមនឹងត្រូវប្រឈមមុខជាមួយជើងខ្លាំង E-Sports អន្តរជាតិ ១៧ ក្រុមផ្សេងទៀត (សរុប ២០ក្រុម) ដែលមកពីចិន (ម្ចាស់ផ្ទះ) ៨ ក្រុម, ម៉ាឡេស៊ី ២ ក្រុម, សិង្ហបុរី ២ ក្រុម, ឥណ្ឌូណេស៊ី ២ ក្រុម, ថៃ ២ ក្រុម និងតៃវ៉ាន់ចំនួន ១ ក្រុម។
អាន៖ ជើងខ្លាំង AK កម្ពុជា ប្តេជ្ញានាំពានអន្តរជាតិ MATIC 2015 ជូនជាតិ
កីឡាករអេឡិចត្រូនិកកម្ពុជានៅលើឆាកប្រកួត E-Sports អន្តរជាតិ MATIC 2015 នេះ គឺរៀបចំឡើងដោយ "សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports Federation Cambodia)" ហៅកាត់ថា EFC ដែលបង្កើតឡើង ក្រោមអធិបតីភាពឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ ដើម្បីឆ្លើយតបតាមគោលនយោបាយកីឡាជាតិ និង គោលការណ៍កីឡា E-Sports អន្តរជាតិ ដែលចូលរួមឧបត្ថម្ភដោយ Sabay។
នេះជាលើកទី ៤ ហើយសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិ MATIC (Mission Against Terror International Championships) កើតមានឡើង បើរាប់បញ្ចូលទាំងឆ្នាំ២០១៥នៅប្រទេសចិនខាងមុខនេះ ខណៈ ៣ ឆ្នាំកន្លងទៅជើងខ្លាំងកម្ពុជាធ្លាប់ទទួលបានចំណាត់ថ្នាក់ជើងឯករង ២ សម័យជាប់គ្នា គឺ MATIC 2013 នៅប្រទេសថៃ និង MATIC 2014 ដែលកម្ពុជាជាម្ចាស់ផ្ទះផ្ទាល់តែម្ដង៕
អាន៖ អគ្គលេខាធិការសហព័ន្ធ E-Sport កម្ពុជា រំពឹងជោគជ័យពីការប្រកួត MATIC 2015
អត្ថបទ៖ ភិឆាយ