អគ្គលេខាធិការសហព័ន្ធ E-Sport កម្ពុជា រំពឹងជោគជ័យពីការប្រកួត MATIC 2015
- 2014-12-25 15:47:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគ្គលេខាធិការសហព័ន្ធ E-Sport កម្ពុជា រំពឹងជោគជ័យពីការប្រកួត MATIC 2015
ចន្លោះមិនឃើញ
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sport) នឹងបញ្ជូនអត្តពលិកចំនួន១៥នាក់ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកអន្តរជាតិ Mission Against Terror International Championships 2015 លើកទី៤ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមករា ឆ្នាំ២០១៥នៅផ្សារទំនើប HuaFa ShangDu ខេត្តZhuHai ប្រទេសចិន។
លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានប្រាប់ថា យុទ្ធនាការប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិ MATIC 2015 មានប្រទេសចំនួន៧ចូលរួមការប្រកួតគឺម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, សិង្ហបុរី, ថៃ, តៃវ៉ាន់, កម្ពុជា និងម្ចាស់ផ្ទះចិនដែលជាក្រុមមានចំនួន២០ និងមានអត្តពលិកចំនួន១០០នាក់។ សម្រាប់ការប្រកួតនេះមានប្រភេទកីឡាអេឡិចត្រូនិក AK Online ដែលត្រូវបានបែងចែកជា២វិញ្ញាសាគឺការប្រកួតជាក្រុម និងឯកត្តជន។
«កីឡាករទាំង២០ក្រុមមកពីប្រទេសទាំង៧ ត្រូវប្រជែងគ្នាដណ្ដើមប្រាក់រង្វាន់ជាច្រើន ហើយកម្ពុជាយើងក៏បញ្ជូនអត្តពលិក៣ក្រុមដែរគឺក្រុម Secret, NeverCare និង MD ដែលក្នុងមួយក្រុមមានសមាជិក៥នាក់។ ក្រៅពីអត្តពលិកចំនួន១៥នាក់ យើងមានថ្នាក់ដឹកនាំ៥នាក់ទៀតក្នុងនោះក៏មានលោកប្រធានសហព័ន្ធរួមដំណើរផងដែរ»។ លោក លន់ សាមឌីបាននិយាយ។
លោកបានបញ្ជាក់ថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាទើបតែបានបង្កើតឡើងផ្លូវការកាលពីប៉ុន្មានខែមុននេះទេ ប៉ុន្តែនេះជាកិត្តិយសមួយដែលបានបញ្ជូនអត្តពលិកទៅចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិនៅក្រៅប្រទេស។ «កន្លងមកព្រឹត្តិការណ៍ធ្លាប់រៀបចំការប្រកួតហើយកម្ពុជាយើងធ្លាប់បញ្ជូនកីឡាករទៅប្រកួត និងធ្វើជាម្ចាស់ផ្ទះថែមទៀត តែពេលនោះនៅជាលក្ខណៈឯកជន ប៉ុន្តែពេលនេះរៀបចំជាផ្លូវការដោយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាដោយមានការយល់ព្រមពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)»។
«យើងសង្ឃឹមថា ក្រុមកីឡាករកម្ពុជាយើងនឹងទទួលបានលទ្ធផលល្អ ពីព្រោះកន្លងមកយើងទទួលបានជយលាភីជាហូរហែ ទោះជាមិនបានលេខ១ ក៏យើងបានត្រឹមលេខ២ដែរ»។ លោក លន់ សាមឌីបង្ហាញភាពជឿជាក់។
លោកអគ្គលេខាធិការបានឲ្យដឹងទៀតថា សម្រាប់ការចូលរួមប្រកួតនេះមានលក្ខណៈពិសេសជាងការប្រកួតកីឡាផ្សេងៗ ពីព្រោះអ្នកដែលទទួលបានជយលាភីមិនត្រឹមតែទទួលបានមេដាយប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងទទួលបានប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ផ្សេងទៀត។ គណៈកម្មការប្រកួតអន្តរជាតិ MATIC 2015 បានកំណត់ចំនួនទឹកប្រាក់៣ម៉ឺនដុល្លារអាមេរិកសម្រាប់ជារង្វាន់ដល់ជយលាភី។ ក្រុមជយលាភីលេខ១នឹងទទួលបានប្រាក់រង្វាន់១៥០០០ ដុល្លារអាមេរិក លេខ២បាន៧០០០ ដុល្លារអាមេរិក លេខ៣បាន ៤០០០ ដុល្លារអាមេរិក និងក្រុមចំណាត់ថ្នាក់លេខ៤បាន២០០០ ដុល្លារអាមេរិក។
សម្រាប់ជយលាភីប្រកួតឯកត្តជនវិញ លេខ១ទទួលបានប្រាក់រង្វាន់៥០០ ដុល្លារអាមេរិក លេខ២បាន៤០០ ដុល្លារអាមេរិក លេខ៣បាន៣០០ដុល្លារអាមេរិក លេខ៤បាន២០០ ដុល្លារអាមេរិក និងលេខ៥បាន១០០ដុល្លារអាមេរិក។
សម្រាប់កីឡាករទាំង៣របស់កម្ពុជាសុទ្ធតែជាកីឡាករជើងខ្លាំងដែលមានបទពិសោធន៍ក្នុងព្រឹត្តិការណ៍MATIC នេះដោយកាលឆ្នាំ២០១៣ ក្រុម NeverCare ទទួលបានជយលាភីលេខ២នៅប្រទេសថែដែលធ្វើជាម្ចាស់ផ្ទះ ហើយក្រុមមួយនេះក៏ទទួលបានចំណាត់លេខ២ទៀតនៅឆ្នាំ២០១៤ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ២០១៤ចំណាត់ថ្នាក់លេខ១បានទៅជើងខ្លាំងមកពីប្រទេសថៃ ខណៈលេខ៣ លេខ៤ ក៏បានមកកម្ពុជា៕
អត្ថបទ៖ ជាន ចាន់រ៉ា