៧ កន្លែងដែលភ្ញៀវទេសចរមិនគួរមើលរំលងខេត្តកំពង់ធំ
- 2015-01-24 16:57:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧ កន្លែងដែលភ្ញៀវទេសចរមិនគួរមើលរំលងខេត្តកំពង់ធំ
ចន្លោះមិនឃើញ
ចំងាយប្រមាណជា ១៦៨ គីឡូម៉ែត្រ ពីភ្នំពេញដោយចេញតាមបណ្តោយផ្លូវជាតិលេខ ៦ ឆ្លងកាត់ខេត្តពីរ គឺ កណ្តាល និង ខេត្តកំពង់ចាម។ បើនិយាយពី រមណីយដ្ឋាននៅក្នុងខេត្តមួយនេះវិញ កំពង់ធំមានរមណីយដ្ឋានបែបធម្មជាតិ ប្រវត្តិសាស្ត្រ និង សិប្បនិមិត្តដែលរួមមានដូចជា រមណីយដ្ឋានបែបប្រវត្តិសាស្ត្រ ប្រាសាទគុហនគរ រមណីយដ្ឋានបែបធម្មជាតិ និង ប្រវត្តិសាស្ត្រ ភ្នំសន្ទុក រមណីយដ្ឋានសប្បនិមិត្ត បឹងសំរិទ្ធិ រមណីយដ្ឋានទំនប់បង្ហៀរទឹក ១ មករា រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុក និងរមណីដ្ឋានធម្មជាតិស្ទឹងព្រៃប្រស់ជាដើម។
ប្រាសាទគុហនគរ រមណីយដ្ឋានបែបប្រវត្តិសាស្ត្រប្រាសាទគុហនគរមានចង្ងាយ ៩៦ គីឡូម៉ែត្រពីភ្នំពេញ។ បើគិតចាប់ពីព្រំប្រទល់កំពង់ធំ-កំពង់ចាមនោះយើងធ្វើដំណើរប្រហែលជា ៤០ នាទីទៀតយើងនឹងឃើញ បដាធំមួយនៅស្តាំដៃ សរសេរថា "ស្វាគមន៍រមណីយដ្ឋានប្រវត្តិសាស្រ្ត ប្រាសាទគុហនគរ" ហើយបត់ឆ្វេងតាមខ្លោងទ្វាវត្តគុហនគរយើងនឹងឃើញប្រាសាទនៅខាងស្តាំដៃ។ ប្រាសាទគុហនគរ ស្ថិតក្នុងភូមិត្រដក់ ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានផ្ទៃក្រលា ៤០០០០ម៉ែត្រការ៉េ ដែលប្រាសាទនេះមានទ្រង់ទ្រាយប្រហាក់ ប្រហែលនឹងប្រាសាទ ទន្លេបាទី ដែលបានស្ថាបនាឡើងអំពីថ្មបាយក្រៀម ក្នុងសតវត្សទី ១១ រជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី១។ បណ្តោយប្រវែង ៤៥ ម៉ែត្រ និង ទទឹងប្រវែង ៣៥ ម៉ែត្រ ព័ទ្ធជុំវិញដោយរបងថ្មបាយក្រៀមដែលមានកម្ពស់ ៣ម៉ែត្រ បែងចែកជាបីផ្នែកធំៗ។
បឹងសំរីទ្ធ រមណីយដ្ឋានបែបសប្បនិមិត្តមួយនេះទើតែបង្កើតឡើងស្ថិតក្នុងភូមិ ចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានផ្លូវចូលពីថ្នល់ជាតិលេខ ៦ ប្រមាណ ៣ គីឡូម៉ែត្រ។ ក្នុងរមណីយដ្ឋានគេបានសាងសង់ជាកន្លែងកម្សាន្តជាច្រើនដូចជា ភ្នំចំឡង ម៉ូតូទឹក ទូកកូនទា និង ទោងទឹកចេញពីកំពូលភ្នំទម្លាក់ចូលបឹង ការជិះខ្សែរ៉កទម្លាក់ខ្លួនពីកំពូលភ្នំ និង មានម្ហូបអាហារជាច្រើនលក់គ្រប់មុខរង់ចាំភ្ញៀវជាតិ និង អន្តរជាតិចូលមកទស្សនាកម្សាន្ត។
រមណីយដ្ឋានទំនប់បង្ហៀរទឹក១មករា ទំនប់បង្ហៀរទឹក១មករាស្ថិតនៅក្នុងភូមិតាភោក ឃុំបល្ល័ង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ គេកសាង ឡើងក្នុងគោលបំណងផ្តោតទៅលើប្រព័ន្ធស្រោចស្របដំណាំកសិកម្មនៅក្នុងស្រុកសន្ទុក និង ស្រុកបារាយណ៍ដែលមានកន្លែងទំនប់បង្ហៀរទឹកប្រវែង ៧៥០ ម៉ែត្រ។ រមណីយដ្ឋានដ៏គួរឲ្យគយគន់នេះ ស្ថិតនៅពីផ្លូវបំបែកកំពង់ថ្មប្រមាណ ៤ គីឡូម៉ែត្រ។ គ្រាន់តែកន្លែងទំនប់បង្ហៀរទេ តែឥឡូវកំពុងតែជាកន្លែងពេញនិយមសម្រាប់ប្រជាជនក្នុងតំបន់ជាពិសេសយុវវ័យមកងូតទឹកលេង និង មកញុំអាហារបែបស្រុកស្រែដែលមានរសជាតិឈ្ងុយឆ្ងាញ់ទៀតផង។
ភ្នំសន្ទុក
និយាយពីភ្នំសន្ទុកសឹងស្រក់ទឹកមាត់ភ្លាមតែម្ដងនឹកឃើញមាន់ដុត ក្តៅៗ ដែលល្បីស្ទើរពេញទាំង ខេត្ត មាន់ដុតនៅទីនោះឆ្ងាញ់ផ្អែមជាប់មាត់តែម្តង។ ភ្នំសន្ទុក ស្ថិតបណ្តោយផ្លូវជាតិលេខ ៦ ក្នុងភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ចំងាយ ១៧គី ឡូម៉ែត្រពីទីរួមខេត្ត។
មធ្យោបាយធ្វើដំណើរឡើងរមណីយដ្ឋានបែបធម្មជាតិ និង ប្រវត្តិសាស្ត្រមួយនេះ អាចឡើងតាមម៉ូតូ រថយន្តតាមផ្លូវក្រាលបេតុងក៏បាន ឬតាមថ្មើរជើងក៏បាន ដែលមានកាំជណ្តើរប្រមាណ ៨០៩ កាំពីជើងភ្នំ។ ពេលឡើងភ្នំយើងនឹងឃើញព្រះវិហារនៅជាប់នឹងកាំជណ្តើរឡើង កន្លែងទម្លាក់កាក់ អាស្រមអ្នកតា ថ្មអណ្តែត រូបព្រះបាទជាន់ទុក និង មើលឃើញទេសភាពខៀវស្រងាត់ខ្យល់អាកាសបរិសុទ្ធជុំវិញបឹងទន្លេសាប។ ចំពោះអ្នកទៅលេងនៅទីនោះ ភាគច្រើនទៅលេងនៅពេលថ្ងៃឈប់សំរាកចុងសប្តាហ៍ និង មានពិធីបុណ្យផ្សេងៗលក្ខណៈ ជាក្រុមគ្រួសារ ឬមិត្តភក្ដិ។
ស្ទឹងសែន (ទីរួមខេត្ត) "ទឹកអើយទឹកហូរ ហូរមិនចេះដាច់ ឲ្យខ្ញុំមិនភ្លេច អនុស្សាវរីយ៍ ស្ទឹងសែនតែមួយ ពុំដែលមានពីរ ស្ទឹងសែនប៉ារីស ក៏មិនដូចដែរ" នេះជាអត្ថន័យមួយឃ្លាក្នុងបទ "ស្ទឹងសែនប៉ារីស" របស់អ្នកចម្រៀងអ្នកស្រី សូ សាវឿន ដែលបានច្រៀងរៀបរាប់ពីសម្រស់ និង ប្រវត្តិស្នេហ៏ដែលបានសាងស្ទឹងដែលមានប្រវែង វែងជាងគេនៅកម្ពុជា។ ស្ទឹងសែន ជាក្រុងនៃខេត្តកំពង់ធំ បើអ្នកស្រុកទៅទីនោះ ទំលាប់ហៅថា ទីរួមខេត្ត ដែលមានរូបសំណាកដំរីជាន់ខ្លាជារូបខេត្តកំពង់ធំនៅម្តុំជាប់នឹងផ្លូវជាតិលេខ ៦ តែម្តង។ កន្លែងដែលមានចំណីអាហារហើយគេនិយមជិះកម្សាន្តនៅខេត្តនេះ មានដូចជា (បាញ់ឆែ) ស្រែមួយរយ (សាច់គោ) បល្ល័ង (ត្នោតជូរ) ស្រយ៉ូវ (ពោះគោទឹកប្រហុក) ព្រៃតាហ៊ូ (បង្អែម) ផ្សារក្រឡុក (បបរស) អរុណរះ (ពងទាកូន) មុខព្រហ្ម។ ចំណែកកន្លែងស្នាក់នៅមាន សណ្ឋាគារអរុណរះ ចេនឡា វីលេក និង សណ្ឋាគារស្ទឹងសែន ព្រមទាំងមាន ផ្ទះសំណាក់ជាច្រើនទៀតផងដែរ។
ប្រាសាទសម្បូរព្រៃគុក យើងធ្វើដំណើរចេញពីទីរួមខេត្តឆ្លងស្ពានស្ទឹងសែនឆ្ពោះទៅតាមផ្លូវជាតិលេខ ៦ ដល់ផ្លូវបំបែបទៅសៀមរាប និង ព្រះវិហារ រួចជិះទៅត្រង់តាមផ្លូវជាតិលេខ ៦៤ កំពង់ធំព្រះវិហារប្រមាណជាជាង ៤០ នាទី យើងនឹង ទៅដល់រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុកជាមិនខាន។ ប្រាសាទសំបូរព្រៃគុកដែលជាសំណង់បុរាណមួយដែលកំពុងស្ថិតក្នុងការពិចារណាដាក់ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ចម្ងាយ ប្រមាណ ៣៥ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំដែលសង់លើដី រាបស្មើមាន ទំហំ ៣ ០០០ ហិកតា។ ប្រាសាទនេះសង់ពីថ្មបាយក្រៀម ឥដ្ឋតាន់ និង ថ្មភក់ ក្នុងរជ្ជកាលព្រះបាទឥ្ឍសានវរ័្មន ក្នុងគ.ស ឆ្នាំ ៦១៦-៦៣៥ នាសម័យចេនឡា ដើម្បីឧទ្ទិសថ្វាយព្រះសិវៈក្នុងលទ្ធិព្រហ្មញ្ញសាសនា។ ក្នុងបរិវេណ រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត និង ធម្មជាតិនេះ តាមអ្នកស្រាវជ្រាវបានរកឃើញថា មាន ប្រាសាទប្រហែលជាង ១២០ ប្រាសាទស្ថិតនៅជាក្រុមៗ ខណៈដែលឥឡូវប្រាសាទប្រមាណជា ៤០ ទៅ ៥០ ដែលមានរូប ឃើញតួប្រាសាទ។ ប្រាសាទដែលមានសភាពល្អជាងគេនោះ មាន ប្រាសាទតោ និង ប្រាសាទយាយព័ន្ធ។ នៅទីនោះក៏មានម្ហូបអាហារសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដែលអញ្ចើញមកទស្សនា ម្ហូបពិសេសហើយល្បីនៅទីនោះគឺមាន់ដុត។
ស្ទឹងព្រៃប្រស់ ព្រៃប្រស់ ជាស្ទឹងដែលហូរកាត់ផ្លូវជាតិលេខ៦ ដែលស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ពេល រដូវវស្សាបឹងព្រៃប្រស់ផ្ទៃទឹកថ្លាឈ្វេងគួរឲ្យចង់ងូត ទេសភាពស្រស់ត្រកាល អមដោយតូបអង្គុយ លើមាត់ទឹកតំរៀបជាជួរ រួមជាមួយអាហារកម៉្មង់តាមតម្រូវការដូចជា មាន់ដុត ត្រីដុត បុកល្ហុង ផ្លែឈើក្នុងស្រុកទៅតាមរដូវ និងភេសជ្ជៈគ្រប់ប្រភេទជាមួយសេវាកម្មរហ័សទាន់ចិត្ត។ និយាយរួមស្ទឹងព្រៃប្រស់ ស័ក្ដិសមជាកន្លែងសម្រាប់លំហែកាយជាលក្ខណៈក្រុមគ្រួសារ និង ដំណើរកំសាន្តស្រូបយកខ្យល់អាកាសបរិសុទ្ធជាប់មាត់បឹង។បន្ទាប់ពីសម្រាក និងស្រស់ស្រោបអាហារថ្ងៃត្រង់នៅទីនេះហើយអ្នកដំណើរ ភាគច្រើនគេបន្តទៅខេត្តសៀមរាបបន្តទៀត។ តំបន់ទាំង ៦ ខាងលើគ្រាន់តែជាតំបន់សំខាន់ ដែលអ្នកទេសចរក្នុងខេត្តច្រើនតែងទៅលេងតែប៉ុណ្ណោះ កំពង់ធំនៅមានកន្លែងកម្សាន្តជាច្រើនទៀតដែលកំពុង រង់ចាំអ្នកទៅទស្សនា៕
អត្ថបទ៖ លន ហ្សាឌីណា
ប្រភពៈ wikipedia.org