៥​យ៉ាង​ ​អ្នក​គាំទ្រ​​គួរ​ដឹង​ពី​ភរិយា​​​ស្រស់​ស្អាត​របស់ Jay Chou

  • 2015-01-20 17:11:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ តារា​​ចម្រៀង និង​សម្ដែង​តៃវ៉ាន់ Jay Chou បាន​បញ្ចប់​ភាព​​កំលោះ​​របស់​ខ្លួន ដោយ​សម្រេច​ចិត្ត​រៀបការ​ជាមួយ​ភរិយា​វ័យ​ក្មេង​ជាង​ខ្លួន​១៥ឆ្នាំ គឺ​តារា​ម៉ូដែល​ Hannah Quinlivan បន្ទាប់​ពី​មើល​ចិត្ត​​គ្នា ៤ឆ្នាំ។ តើ Quinlivan ជា​នរណា? តើ​នាង​មាន​អ្វី​ដែល​អាច​ចង​ចិត្ត កំពូល​តារា​តៃវ៉ាន់​ម្នាក់​នេះ​បាន ក្រៅ​ពី​រូប​សម្រស់?

 

អ្នក​គាំទ្រ​ Jay Chou ភាគ​ច្រើន​ប្រហែល​ជា​ចង់​ដឹង​អំពី​ចម្លើយ​ទាំង​នេះ។ ដូច្នេះ​កុំ​ឲ្យ​សង្ស័យ​យូរ មក​មើល​ការ​ពិត​ពិសេស​ៗ​ទាំង ៥យ៉ាង​ពាក់ព័ន្ធ​នឹង ភរិយា​របស់ Jay Chou ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

 

១. តារា​ម៉ូដែល​វ័យ ២១ឆ្នាំ ដែល​មាន​ឈ្មោះ​ចិន​ថា Wu Yi-chen បាន​កើត​នៅ​កោះ​តៃវ៉ាន់ នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​១៩៩៣ ដោយ​មាន​ឪពុក​ជា​ជនជាតិ​អូស្ត្រាលី និង​ម្ដាយ​ជា​កូន​កាត់​កូរ៉េ - តៃវ៉ាន់។ នាង​មាន​បង​ស្រី​ម្នាក់។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ នាង​បាន​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ឯកជន Toki នៅ​តៃវ៉ាន់ ប៉ុន្តែ​បាន​ឈប់​វិញ ដោយ​សារ​តែ​រវល់​ការងារ​ច្រើន​ពេក។

 

២. នាង​បាន​បង្ហាញ​មុខ​តាម​ទូរទស្សន៍​នៅ​ឆ្នាំ​២០០៨ គឺ​តាំង​ពី​​អាយុ ១៤ឆ្នាំ ក្នុង​កម្មវិធី Guess របស់​លោក Jacky Wu។ បន្ទាប់​ពី​ចូល​ជា​សមាជិក​កម្មវិធី "Balckie Chen” Quinlivan ក៏​បាន​ក្លាយ​ជា​តារា​ម៉ូដែល។ ប៉ុន្តែ​នាង​មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មហាជន​ឡើយ រហូត​ដល់​ខែ​សីហា ឆ្នាំ​២០១១ នៅ​ពេល​ដែល​លេច​រូបថត​របស់​នាង​ជាមួយ Jay Chou។ ចាប់​ពី​ពេល​នោះ​មក​ នាង​ក៏​ក្លាយ​ជា​គោលដៅ​របស់​អ្នក​សារព័ត៌មាន។

 

៣. តារា​ម៉ូដែល​កម្ពស់ ១,៦៥ម៉ែត្រ​រូប​នេះ ចាប់​ផ្ដើម​មាន​គេ​ទាក់ទង​ឲ្យ​ចូល​ថត​រឿង​ភាគ​ នៅ​ឆ្នាំ​២០១២ រួម​មាន​រឿង "Ti Amo Chocolate” និង "The Patisserie With No Name” នៅ​ឆ្នាំ​២០១៣។​

 

៤. តាំង​ពី​ក្លាយ​ជា​សង្សារ​របស់ Jay Chou តម្លៃ​ខ្លួន​ថត​ពាណិជ្ជកម្ម​របស់ Quinlivan បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ នាង​បាន​ក្លាយ​ជា​តារា​ម៉ូដែល តំណាង​ក្រុមហ៊ុន​ផ្សារ​ទំនើប Breeze Center របស់​តៃប៉ិ តាំង​ពី​ឆ្នាំ​២០១០ ហើយ​ឥលូវ​នេះ​នាង​ទាមទារ​តម្លៃ​ខ្លួន​ក្នុង​ការ​ថត​ពាណិជ្ជកម្ម​រហូត​ដល់ ៣ម៉ឺន​ដុល្លារ ក្នុង​មួយ​ឈុត។ សារព័ត៌មាន Apple Daily បាន​ចុះ​ផ្សាយ​ថា​នាង​អាច​រក​ចំណូល​បាន​ជាង ២៥ម៉ឺន​ដុល្លារ កាល​ពី​ឆ្នាំ​មុន។

 

៥. តើ​នាង​អាច​ឆក់​យក​បេះដូង​របស់ Jay Chou បាន​ដោយ​របៀប​ណា ខណៈ​ដែល​អតីត​សង្សារ​របស់​តារា​រូប​នេះ ដូច​​ជា​តារា​ល្បី​ៗ​ Jolin Tsai និង Patty Hou សុទ្ធ​តែ​បរាជ័យ? ប្រភព​ព័ត៌មាន​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ចរិត​រម្យទម​របស់​នាង គឺ​ជា​ចំណុច​ដែល​ធ្វើ​ឲ្យ​ម្ដាយ​របស់ Jay Chou ពេញ​ចិត្ត​នាង​បំផុត។ នាង​គឺ​ជា​មនុស្ស​ស្លូតបូត​សុភាពរាបសារ និង​មិន​សូវ​និយាយ​អ្វី​ច្រើន​ឡើយ​នៅ​ពេល​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ផ្សេង​ៗ។ ដោយ Chou ជា​កូន​ប្រុស​ដែល​តែង​គោរព​តាម​សម្ដី​របស់​ម្ដាយ ចំណុច​នេះ​បាន​ធ្វើ​ឲ្យ​នាង​មាន​ប្រៀប​ជាង​មិត្ត​ស្រី​មុន​ៗ និង​ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​របស់​អ្នក​ទាំង​ពីរ​កាន់​តែ​រឹង​មាំ ៕

 

ចុច​មើល៖ វីដេអូ​ដ៏​ផ្អែមល្ហែម​ក្នុង​ថ្ងៃ​រៀបការ​របស់ Jay Chou

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ straitstimes
អត្ថបទពេញនិយម