ហេតុផល ៧យ៉ាង ធ្វើឲ្យអ្នកបរាជ័យក្នុងអាជីព
- 2015-01-21 14:07:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផល ៧យ៉ាង ធ្វើឲ្យអ្នកបរាជ័យក្នុងអាជីព
ចន្លោះមិនឃើញ
មនុស្សម្នាក់ៗបានចំណាយពេលពេញមួយជីវិត ដើម្បីពង្រឹងអាជីព និងប្រឹងធ្វើខ្លួនឲ្យកាន់តែល្បីល្បាញមានគេទទួលស្គាល់រាប់អានច្រើន។ យ៉ាងណាក្ដី អ្នកខ្លះអាចទទួលបានជោគជ័យលើសពីចិត្តប៉ង ចំណែកឯមួយចំនួនទៀតបែរជាបរាជ័យទាំងពាក់កណ្ដាលទី។ មានហេតុផលច្រើន ដែលអាចឲ្យអាជីពរបស់អ្នកបរាជ័យ ប៉ុន្តែខាងក្រោមនេះ គឺជាហេតុផលសាមញ្ញ ៧យ៉ាង ក្នុងចំណោមនោះ។
១. ខ្វះការព្យាយាម នេះគឺជាហេតុផលសាមញ្ញបំផុត ដែលធ្វើអោយជីវិតរបស់អ្នកបរាជ័យគ្រប់រឿងទាំងអស់ មិនមែនត្រឹមតែអាជីពការងារនោះទេ។ ជីវិតគឺជាការតស៊ូ ព្យាយាមរយៈពេលយូរទើបអាចបានសម្រេច និងឈានដល់គោលដៅ។ ការងារទាំងឡាយ មិនមែនសុទ្ធតែអាចទទួលបានមកដោយងាយៗនោះទេ លុះត្រាតែមានការប្រឹងប្រែង ហើយបើទោះការងារនោះស្រួល ក៏មិនអាចផ្ដល់មកស្មើនឹងចិត្តចង់បានដែរ។ សាកគិតលេងៗទៅ បើអ្នកមិនប្រឹងឡើងភ្នំទេ ធ្វើម្ដេចអាចបានឃើញកំពូល?
២. មើលរំលងកំហុសខ្លួនឯង
ការមើលរំលងកំហុសខ្លួនឯងមិនត្រឹមតែជះឥទ្ធិពលអាក្រក់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងរំខានដល់អ្នកដទៃខ្លាំងផងដែរ។ អ្នកខ្លះមើលឃើញតែកំហុសរបស់អ្នកដទៃ ប៉ុន្តែមិនដែលចាប់អារម្មណ៍ពីកំហុសរបស់ខ្លួនឯងទេ។ នៅពេលដែលអ្នកមិនខ្វល់ពីកំហុសខ្លួនឯងបែបនេះ មានន័យថាអ្នកមិនអាចគ្រប់គ្រងជីវិតរបស់អ្នកបាន និងគ្មានលទ្ធភាពសម្របទៅនឹងលក្ខខណ្ឌជុំវិញខ្លួន។ ដូចនេះហើយ កំហុសទាំងនោះក៏អាចជាហេតុផលដែលធ្វើឲ្យជីវិតរបស់អ្នកបរាជ័យដែរ។ មនុស្សគ្រប់រូបសុទ្ធតែមានកំហុស ប៉ុន្តែបើខុសហើយមិនកែនោះ អ្នកនឹងកាន់តែបរាជ័យខ្លាំងឡើង។
៣. ខ្លាចបរាជ័យ
មនុស្សភាគច្រើន ភ័យខ្លាចបរាជ័យក្រោមមិនរួច។ នៅពេលដែលអ្នកបរាជ័យលើរឿងអ្វីមួយ វាបង្ហាញអោយឃើញថាអ្នកមិនទាន់ល្អគ្រប់គ្រាន់ ឬមិនទាន់បានរៀបចំ ដើម្បីសម្រេចនូវគោលបំណងនោះ។ ភាពភ័យខ្លាចធ្វើអោយអ្នកបាត់បង់កម្លាំងចិត្ត ក្នុងការសម្រេចក្ដីសុបិនទាំងឡាយ។ ដូចនេះបើអ្នកភ័យខ្លាចបរាជ័យក្នុងការចាប់ផ្ដើមអាជីពរបស់អ្នក នោះ វាក៏ពុំអាចសម្រេចជោគជ័យបានដែរ។
៤. ធ្វើតាមអ្នកដទៃដោយបង្ខំចិត្ត
ពេលខ្លះ អ្នកផ្សេងទៀត ពិសេសគឺឪពុកម្ដាយរបស់អ្នកតែម្ដង បានព្យាយាមឲ្យអ្នកជ្រើសរើសអាជីពតាមការចង់បានរបស់ពួកគេ។ ជាការពិតណាស់ នៅពេលដែលអ្នកមិនចង់ធ្វើអ្វីមួយ អ្នកគ្មានទំនុកចិត្តធ្វើវា ហើយក៏មិនព្យាយាមធ្វើដែរ។ អ្នកមានចិត្តចង់រៀនវិស្វកម្មដើម្បីក្លាយជាវិស្វករម្នាក់ ប៉ុន្តែម្ដាយឪពុកបែរជាចង់ឲ្យអ្នករៀនពេទ្យ។ ទោះអ្នកធ្វើតាម ដើម្បីផ្គាប់ចិត្តឪពុកម្ដាយ ប៉ុន្តែអ្នកមិនបានធ្វើចេញពីចិត្តខ្លួនឯងនោះទេ។ នៅពេលជំនាញពេទ្យក្លាយជាអាជីពក្នុងជីវិត អ្នកបែរជាគ្មានអារម្មណ៍ធ្វើវា ដូចនេះហើយបានជាអ្នកបរាជ័យ។
៥. មិនបន្តមហិច្ឆតារបស់ខ្លួន
មនុស្សភាគច្រើន មិនហ៊ានស្រមើស្រមៃខ្ពស់ទេ ព្រោះចេះតែគិតថាខ្លួនគ្មានសមត្ថភាព ឬមិនអាចសម្រេចនូវក្ដីស្រមៃនោះបាន។ ប៉ុន្តែគ្រប់យ៉ាងមិនដូចអ្នកគិតឡើយ ហើយធ្វើជាមនុស្សជោគជ័យត្រូវមានមហិច្ឆតាខ្ពស់។ អ្នកត្រូវមានក្ដីសុបិនដ៏ធំមួយ ហើយមានសង្ឃឹមថាអ្នកនឹងអាចធ្វើវាបានសម្រេចជោគជ័យ បន្ទាប់មកចាប់ផ្ដើមធ្វើដំណើរឆ្ពោះទៅរកក្ដីសុបិននោះ។
៦. ខ្វះទំនុកចិត្ត និងការតាំងចិត្ត
មនុស្សមួយចំនួនបរាជ័យនៅក្នុងអាជីពរបស់ខ្លួន ពីព្រោះពួកគេខ្វះនូវទំនុកចិត្ត និងការតាំងចិត្ត ឬមកពីខ្ជិលតែម្ដង។ អ្នកខ្លះខំប្រឹងចំណាយពេលយ៉ាងយូរ ដើម្បីស្វែងរកនូវអាជីពមួយ ហើយព្យាយាមពង្រឹងនូវសមត្ថភាពរបស់ពួកគេ ចំណែកឯអ្នកខ្លះទៀតបែរជាខ្ជិល រង់ចាំអ្វីៗកើតឡើងដោយគ្មានការប្រឹងប្រែង។ ត្រូវមានទំនុកចិត្ត និងការជឿជាក់លើខ្លួនឯង ទើបអាជីពរបស់លោកអ្នកទទួលបាននូវភាពជោគជ័យ។
៧. មានជម្រើសការងារតិចពេក
ជម្រើសការងារតិចតួចពេកក៏ជាមូលហេតុមួយ ដែលធ្វើឲ្យអាជីពក្នុងជីវិតរបស់អ្នកបរាជ័យផងដែរ។ នៅពេលគ្មានជម្រើស អ្នកនឹងចាប់យកការងារមួយដែលមិនមែនជាការចង់បានរបស់ខ្លួន ហើយវាអាចនឹងបរាជ័យ ដោយសារអ្នកគ្មានកម្លាំងចិត្តបំពេញការងារទាំងនោះ។ យ៉ាងណាមិញ ទោះជាអ្នកមិនអាចរកបាននូវការងារល្អមួយតាមការចង់បានក៏ដោយ ឲ្យតែមានឆន្ទៈក្នុងការធ្វើវា ភាពជោគជ័យនៅតែអាចកើតមានបានគ្រប់ពេល។
ទាំងអស់នេះ គឺជាហេតុផល ដែលធ្វើឲ្យមនុស្សបរាជ័យក្នុងការសម្រេចគោលដៅអាជីពរបស់ខ្លួន។ ភាពជោគជ័យមិនអាចកើតឡើងបានទេ ប្រសិនបើអ្នក គិតហើយមិនធ្វើ និងធ្វើដោយមិនបានគិត។ ដូចនេះ មិនត្រូវរារែក ឬភ័យខ្លាចក្នុងការធ្វើអ្វីមួយនោះទេ ប៉ុន្តែត្រូវធ្វើដោយការគិត។
អ្នកកំពុងមានបញ្ហាណាមួយក្នុងចំណោមបញ្ហា៧ ខាងលើនេះ?
ចុចអាន៖ គន្លឹះសុំឡើងប្រាក់ខែដ៏មានប្រសិទ្ធភាពសម្រាប់អ្នកធ្វើការក្នុងឆ្នាំថ្មីនេះ
ប្រភព៖ lifespan ប្រែសម្រួល៖ គង់ វិសាល