គ្រឹះដ៏រឹងមាំ ៦ យ៉ាង ព្រាប សុវត្ថិ នៅតែមានប្រជាប្រិយភាពខ្ពស់ពីមហាជន
- 2015-01-21 16:15:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រឹះដ៏រឹងមាំ ៦ យ៉ាង ព្រាប សុវត្ថិ នៅតែមានប្រជាប្រិយភាពខ្ពស់ពីមហាជន
ចន្លោះមិនឃើញ
អ្នកជំនាញគ្រប់គ្រងកម្មវិធីទូរទស្សន៍ តន្ត្រីករ និង អ្នកសារព័ត៌មាន បានបង្ហាញមូលដ្ឋានគ្រឹះ ៦ យ៉ាងធ្វើឱ្យ ព្រាប សុវត្ថិ នៅតែមានប្រជាប្រិយភាព ស្ថិតក្នុងដួងចិត្តមហាជន។ ទាំងនេះបើទោះជាបច្ចុប្បន្នលោកមិនមានបទចម្រៀងណាមួយទាក់ទាញការចាប់អារម្មណ៍ខ្លាំងដូចមុនក្ដី។
មូលដ្ឋានគ្រឹះទាំង ៦ យ៉ាងអ្នកជំនាញទាំងបីផ្នែកកត់សម្គាល់ឃើញមានដូចជា៖
ទី១ ព្រាប សុវត្ថិ ទស្សនិកជនខ្មែរចាត់ទុកជាកំពូលតារាចម្រៀងប្រចាំប្រទេស កម្ពុជា។
ទី២ ព្រាប សុវត្ថិ លែងស្ទីលតុបតែងខ្លួនប្លែក និង ប្រែប្រួលគ្រប់ពេល គ្រប់កាលៈទេសៈ។
ទី៣ ព្រាប សុវត្ថិ អាចច្រៀងបត់បែនបានគ្រប់ស្ទីលទាំងអស់ ដែលតារាចម្រៀងផ្សេងទៀតធ្វើមិនទាន់បាន។
ទី៤ ព្រាប សុវត្ថិ មានអត្តចរិតស្លូតបូត រួសរាយរាក់ទាក់គួរឱ្យទស្សនិកជនគោរពស្រលាញ់។
ទី៥ ព្រាប សុវត្ថិ ជាតារាចម្រៀងចូលចិត្តគោរពពេលវេលា និង ឱ្យតម្លៃការងារអ្នកដទៃបំផុត។
ទី៦ ព្រាប សុវត្ថិ បើកចំហរឿងផ្ទាល់ខ្លួន រួមនឹងគ្រួសារ។
ព្រាប សុវត្ថិ ក្នុងកម្មវិធីប្រគំតន្ត្រីកាលពីពេលថ្មីៗកន្លងទៅ
អ្នកគ្រប់គ្រងកម្មវិធី តន្ត្រីយុវវ័យស្ថានីយទូរទស្សន៍ បាយ័នលោក គង់ វិសាល ប្រាប់ថា អាកប្បកិរិយា ស្លូតបូត រួសរាយរាក់ទាក់គួរឱ្យគោរពរបស់ ព្រាប សុវត្ថិ ធ្វើឱ្យមហាជនខ្មែរនៅតែស្រលាញ់ពេញខ្លាំង។
លោក គង់ វិសាល បញ្ជាក់ដូច្នេះថា៖ "មិនថាតែមហាជនទេនៅឱ្យតម្លៃគាត់ សូម្បីតែតារាគ្នាឯង រួមនឹងអ្នកគ្រប់គ្រងផលិតកម្មវិធី ក៏ឱ្យតម្លៃគាត់ជាងគេដែរ"។
អ្នកគ្រប់គ្រងកម្មវិធីរូបនេះបន្តថា ការរៀបចំផែនការច្បាស់លាស់ទុកជាមុន ពេលចេញសម្ដែងកម្មវិធីម្ដងៗ ធ្វើឱ្យកំពូលតារាចម្រៀងខាងលើដិតជាប់អារម្មណ៍មហាជនជានិច្ច។
និយាយដោយគិតថាកម្រនឹងមានតារាផ្សេងអាចជែងប្រជាប្រិយភាពនឹង ព្រាប សុវត្ថិ បាន តន្ត្រីករល្បីឈ្មោះលោក រ៉េតធី ដូណា ឱ្យដឹងថា ចំណុចទាំង៦យ៉ាងខាងលើ គឺជាអាវុធដ៏រឹងម៉ាំ ធ្វើឱ្យតារារូបនេះអាចឈរលើកំពូលបានតទៅទៀត បើទោះបីជាបច្ចុប្បន្នបទចម្រៀងលោក ហាក់ធ្លាក់ចុះជាងមុនក៏ដោយ។
លោកបានលើកឡើងថា៖ "គាត់ក្រសោបបានអារម្មណ៍ទស្សនិកជនជាង ១០ ឆ្នាំ ទៅហើយ ដូច្នេះគេមិនងាយភ្លេចគាត់ទេ នៅតែគាំទ្រដដែលហ្នឹង ទោះជាចម្រៀងគាត់បច្ចុប្បន្នស្រុតចុះខ្លះក្ដី"។
ដោយឡែក លោក សេត គឹមសឿន អតីតអ្នកយកព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ជាភាសាខ្មែរ ទើបចេញទៅផលិតកម្មវិធីនៅទូរទស្សន៍ CNC នាពេលថ្មីៗ និយាយថា ការបើកចំហព័ត៌មានផ្ទាល់ខ្លួន ដោយមិនលាក់លៀមជាមួយក្រុមអ្នកយកព័ត៌មាន ធ្វើឱ្យអ្នកយកព័ត៌មាននានាគោរព និងភាគច្រើនសរសេរតែរឿងល្អៗប៉ុណ្ណោះ។ ខុសប្លែកពីតារាផ្សេងទៀតតែងតែចូលចិត្តលាក់បាំងព័ត៌មានផ្ទាល់ខ្លួន។
រឿងដ៏សំខាន់មួយទៀតធ្វើឱ្យអតីតអ្នកសារព័ត៌មានភ្នំពេញប៉ុស្តិ៍ខាងលើចាប់អារម្មណ៍ខ្លាំងគឺ តម្លៃខ្លួនតារាចម្រៀង ព្រាប សុវត្ថិ នៅតែខ្ពស់ជាងតារាដទៃដាច់ ទោះជាបច្ចុប្បន្នមិនសូវមានអ្នកនិពន្ធណា និពន្ធបទចម្រៀងឱ្យល្បីដូចមុនក៏ដោយ។
ព្រាប សុវត្ថិ ឈរជាកំពូលតារាចម្រៀងជាង ១៥ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ ១៩៩៩មក។ បទចម្រៀងចាស់ៗពីកំពូលតារាចម្រៀងរូបនេះនៅតែដិតជាប់ក្នុងអារម្មណ៍មហាជនខ្មែរ ទាំងចាស់ ទាំងក្មេង។ បច្ចុប្បន្នតារាចម្រៀងល្បីឈ្មោះរូបនេះ ហាក់ធ្លាក់ចុះបន្តិច ព្រោះបទចម្រៀងចេញលក់លើទីផ្សារមិនសូវផ្ទុះខ្លាំងដូចមុន៕
អានអត្ថបទបន្ត៖ លទ្ធផលជំរុញការផលិតភាពយន្តចេញហើយ ក្រោយសម្ដេច
អានអត្ថបទបន្ត៖ កូនប្រុសរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ទទួលមរណភាពមុននេះ
អានអត្ថបទបន្ត៖ វណ្ណា ពិសិដ្ឋ មានអនុស្សាវរីយ៍ ជូរចត់បំផុតពេលរួមការងារនឹង សរ ធារ៉ា នៅ MKS!
អត្ថបទ៖ អ៊ីង សុឡា