តារាចម្រៀងស្រី-ប្រុសល្បីៗនានាក្នុងប្រទេសកម្ពុជាតែងតែប្ដូរទ្រនំជាញឹកញាប់ដើម្បីរកទីតាំងមួយដែលល្អសម្រាប់ខ្លួន ជាពិសេសការគាំទ្រពីទស្សនិកជន។
ខាងក្រោមគឺជាឈ្មោះតារាចម្រៀងស្រី-ប្រុសល្បីៗ១០ដួងដែលគេគិតថាចូលចិត្តប្ដូរទ្រនំ មុននឹងឈរជើងនឹងរហូតមកទល់នឹងពេលបច្ចុប្បន្ន។ តារាចម្រៀងទាំងនោះរួមមាន៖
១ យក់ ឋិតរដ្ឋា
យក់ ឋិតរដ្ឋា បានផ្ដើមអាជីពដំបូងក្នុងផលិតកម្មរស្មីស្ទឹងសង្កែដោយច្រៀងឱ្យក្នុងក្រុម EV Band ក្នុងឆ្នាំ២០០០។ ឆ្នាំ២០០២ អ្នកនាងបានប្ដូរមកច្រៀងឱ្យផលិតកម្ម KH ហើយឆ្នាំ ២០០៣ តារាចម្រៀងរូបនេះបានផ្លាស់មកច្រៀងឱ្យវិញផលិតកម្ម សាន់ដេ។ យ៉ាងណាក៏ដោយ ឆ្នាំ២០០៤ នាងចូលផលិតកម្ម SSB។ មិនបានប៉ុន្មានឆ្នាំ២០០៥ ចូលច្រៀងឱ្យផលិតកម្ម Spark Music និងបន្តចូលផលិតកម្ម Big Man ឆ្នាំ២០១០។ ចាប់ពីឆ្នាំ២០១២ រហូតមកទល់នឹងបច្ចុប្បន្នតារាច្រៀងរូបនេះច្រៀងក្នុងផលិតកម្មហង្សមាស៕
២ ឆាយ វីរៈយុទ្ធ
លោក ឆាយ វីរៈយុទ្ធ បានបោះជំហានចូលទៅកាន់ផលិតកម្ម រស្មីស្ទឹងសែនដំបូងក្នុង ឆ្នាំ២០០០ ក្រោយមកលោកបានចូលទៅច្រៀងក្នុងផលិតកម្ម Blue Diamond ។ កេរ្តិ៍ឈ្មោះរបស់លោក ឆាយ វីរៈយុទ្ធ ចាប់ផ្ដើមគេទទួលស្គាល់ច្រើននៅពេលឈានជើងមកចូលផលិតកម្ម M។ ក្រោយពីចាកចេញពីផលិតកម្ម M លោកបានបោះជំហានចូលទៅកាន់ផលិតកម្ម Big Man ហើយក្រោយមកច្រៀងក្នុងផលិតកម្ម សាន់ដេដល់ពេលបច្ចុប្បន្ន៕
៣ មាស សុខសោភា
នៅក្នុងឆ្នាំ២០០៤ មាស សុខសោភា បានសម្រេចចិត្តចេញពីការច្រៀងតាមក្លិបមកច្រៀងឲ្យផលិតកម្ម រស្មីស្ទឹងសង្កែ។ នៅក្នុងឆ្នាំ២០០៥ នាងបានចាកចេញពីផលិតកម្ម រស្មីស្ទឹងសង្កែ ទៅច្រៀងឲ្យផលិតកម្ម យូធូ ហើយបន្តច្រៀងឱ្យផលិតកម្ម Mនៅក្នុងឆ្នាំ២០០៨។ ឆ្នាំ២០០៩ នាងបានចេញពីផលិតកម្ម M មកចូលក្នុងផលិតកម្ម សាន់ដេ។ មិនបានយូរប៉ុន្មាននៅឆ្នាំ ២០១០ តារារូបនេះបានប្ដូរមកកាន់ផលិតកម្ម Town រហូតមកទល់នឹងពេលបច្ចុប្បន្ន៕
៤ ករុណា ពេជ្រ
ឆ្នាំ២០០៥ ដោយមានសមត្ថភាពខាងសិល្បៈចម្រៀង ករុណា ពេជ្រ ត្រូវបានផលិតកម្ម រស្មីស្ទឹងសង្កែផ្ដល់ឱកាសឱ្យច្រៀង ក្នុងក្រុម EV Band តែមិនទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនប៉ុន្មានទេ។ ប៉ុន្តែមកដល់ ឆ្នាំ២០០៧ តារារូបនេះបានប្ដូរមកច្រៀងឲ្យផលិតកម្ម ក្លាស៊ិក ចាប់ផ្ដើមទទួលបានការគាំទ្រពីទស្សនិកជនតាមរយៈបទ "ប្រពន្ធសុំលែង"។ ចាប់តាំងពីឆ្នាំ២០១០ រហូតមកទល់នឹងពេលបច្ចុប្បន្នលោក ករុណា ពេជ្រ ច្រៀងឱ្យផលិតកម្ម Town ហើយគេចាត់ទុកថាលោកជាតារាចម្រៀងពេជ្រមួយគ្រាប់ប្រចាំផលិតកម្មនេះ៕
៥ ឱក សុគន្ធកញ្ញា
កញ្ញា ឱក សុគន្ធកញ្ញាបានចាប់អាជីពជាតារាចម្រៀងដំបូងចូលច្រៀងក្នុង ក្នុងក្រុម EV Band របស់ផលិតកម្ម រស្មីស្ទឹងសង្កែនាឆ្នាំ២០០០។ ក្រោយចេញពីផលិតកម្ម រស្មីស្ទឹងសង្កែ ឱក សុគន្ធកញ្ញា បានបោះជំហានចូលទៅកាន់ផលិតកម្ម U2 ជាមួយលោក ខេមរៈ សិរីមន្ត។ បន្ទាប់ពីចាកចេញពីផលិតកម្ម U2 តារាចម្រៀងល្បីឈ្មោះរូបនេះក៏បន្តទៅច្រៀងឱ្យផលិតកម្ម Rock ហើយក្រោយមកទៀតនាងបានប្ដូរមកច្រៀងឱ្យផលិតកម្ម ហង្សមាស រហូតមកទល់នឹងពេលបច្ចុប្បន្ន៕
៦ ណាំ ប៊ុណ្ណារ័ត្ន
ក្នុងឆ្នាំ២០០៥ លោក ណាំ ប៊ុណ្ណារ័ត្ន ហៅ បារាំង បានចូលបម្រើការនៅក្នុងផលិតកម្ម U2 ហើយក៏មានឱកាសបង្ហាញវត្តមានចម្រៀងមួយចំនួន។ យ៉ាងណាក៏ដោយបទចម្រៀងរបស់លោកក្នុងផលិតកម្មនេះហាក់មិនសូវទទួលបានការគាំទ្រច្រើនពីទស្សនិកជនប៉ុន្មានទេ។ ឆ្នាំ២០០៨ ដោយសារផលិតកម្ម U2 មានការរអាក់រអួល លោកបានហក់ចូលមកបម្រើការងារក្នុងផលិតកម្ម M វិញម្ដង។ ចាប់តាំងពីឆ្នាំ ២០១០ មកទល់នឹងពេលបច្ចុប្បន្នលោក ណាំ ប៊ុណ្ណារ័ត្ន ជាតារាចម្រៀង និងជាអ្នកនិពន្ធបទភ្លេងក្នុងផលិតកម្ម Town៕
៧ សុខ ពិសី
កញ្ញា សុខ ពិសី បានផ្ដើមអាជីពដំបូងក្នុងផលិតកម្ម HK Promotion ក្នុងឆ្នាំ២០០៥ ហើយបន្តមកច្រៀងឱ្យផលិតកម្ម Nice Star ក្នុងឆ្នាំ២០០៧។ ដោយឡែក ឆ្នាំ២០០៩ កញ្ញាបានប្ដូរមកច្រៀងឱ្យផលិតកម្មកូរ៉េមួយ តែមិនមានឈ្មោះ។ ចាប់ពីឆ្នាំ២០១០ មកទល់នឹងពេលបច្ចុប្បន្នច្រៀងឱ្យផលិតកម្ម សាន់ដេ៕
៨ ហង្ស ឧត្ដមម៉ានី
លោក ហង្ស ឧត្ដមម៉ានី ចាប់ផ្ដើមអាជីពជាអ្នកច្រៀងនៅឆ្នាំ២០០០ដោយច្រៀងក្នុងផលិតកម្ម រស្មីស្ទឹងសង្កែ។ នៅឆ្នាំ២០០៥ លោកចូលមកច្រៀងក្នុងផលិតកម្ម U2។ អំឡុងឆ្នាំ ២០០៦-២០១០ លោកបានផ្អាកពីសិល្បៈមួយរយៈដោយសារបញ្ហាផ្ទាល់ខ្លួន យ៉ាងណាក៏ដោយនៅដើមឆ្នាំ២០១០ លោកបានចូលមកច្រៀងក្នុងផលិតកម្ម សាន់ដេ មកទល់នឹងពេលបច្ចុប្បន្ន៕
៩ ៧សុគន្ធ និសា
1 កញ្ញា សុគន្ធ និសា ចូលប្រឡូកចម្រៀងដំបូងក្នុងផលិតកម្ម រស្មីស្ទឹងសង្កែ ក្រោយមកចូលច្រៀងនៅក្នុងផលិតកម្ម ហង្សមាស ហើយក្រោយមកទៀតនៅឆ្នាំ២០១២ តារារូបនេះហក់មកប្រឡូកក្នុងផលិតកម្ម Town វិញក្រោយពីចែកផ្លូវគ្នាជាមួយអតីតសង្សារលោក សុខ ជំនោរ៕
១០ ឆន សុវណ្ណារាជ
លោក ឆន សុវណ្ណារាជ បានបោះជំហានប្រឡូកចូលសិល្បៈលើកដំបូងក្នុងផលិតកម្ម ចេនឡា ប្រាឌ័រ ហើយមកនៅទ្រឹងក្នុងផលិតកម្ម ហង្សមាសមកទល់នឹងពេលបច្ចុប្បន្ន៕
អត្ថបទ៖ អ៊ីង សុឡា