ឧកញ៉ា​​ គួច ម៉េងលី ​វេជ្ជបណ្ឌិត​ចិត្ត​ធម៌​ ​អតីត​​កាល​​ជា​អ្នក​រើស​សំរាម​

  • 2014-10-03 16:31:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្ត ​យុវវ័យ​ភាគច្រើន​ពិត​ជា​ស្គាល់​​សាលា​អន្តរទ្វីប​អាមេរិក​កាំង ប៉ុន្តែ​​​មិន​​ប្រាកដ​ថា ​​​ស្គាល់​​ឆាក​ជីវិត​របស់​​ស្ថាបនិក​​ សាលា​​នេះ​នៅ​ឡើយ​ទេ​។​ តាម​ការ​ពិត ឯកឧត្ដម ​ឧកញ៉ា​ គួច​ ម៉េងលី ​​ក៏​​ជា​វេជ្ជបណ្ឌិត​មួយ​រូប ​បញ្ចប់​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក​ និង​មាន​អតីតកាល​ធ្លាប់​ជា​អ្នក​រើស​សំរាម​តាម​ចិញ្ចើម​ថ្នល់ ប៉ុន្តែ​ដោយ​មាន​ចិត្ត​មោះមុត​ក្នុង​ការ​រៀន​សូត្រ​ និង​តស៊ូ​ជម្នះ​ឧបសគ្គ ធ្វើ​ឲ្យ​លោក​​​ទទួល​បាន​ជោគជ័យ​។

 

តើ​ខ្សែ​ជីវិត​របស់​លោក​មាន​ភាព​បត់បែន​យ៉ាងណា​ខ្លះ?

 

 

កុមារភាព

 

លោក ​ គួច ម៉េងលី កើត​នៅ​ថ្ងៃ​ទៅ​៧ ខែ​មិនា ឆ្នាំ​១៩៦៩ នៅ​ខេត្ត​បាត់ដំបង ជា​កូន​ទី​៤​ ចំណោម​កូន​៨​នាក់ ក្នុង​ត្រកូល​អ្នក​រកស៊ី មាន​លោក​ឪពុក​ឈ្មោះ​ គួច លៀងហួ និង​អ្នក​ម្ដាយ​ឈ្មោះ​​ សូវ​ សុក​ហួង។

 

អាយុ​ថ្លៃ ដើរ​កាត់​ចម្ការ​មីន​នៅ​តែ​មិន​ស្លាប់​

 

ដោយសារ​ពេល​វេលា​លូតលាស់​របស់​លោក​ ត្រូវ​ចំ​ពេល​ដែល​កម្ពុជា​​កើត​មាន​សង្គ្រាម​ផ្ទៃ​ក្នុង​ ពេល​នោះ​ ក្រុម​គ្រួសារ​របស់​លោក​ត្រូវ​បាន​ភៀស​ខ្លួន​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ និង​រង​ការ​លំបាក​ជា​ច្រើន ។

 

បន្ទាប់ ​ពី​ឆ្នាំ​១៩៧៩ សម័យ​ប៉ុលពត​ដួល​រលំ គ្រួសារ​របស់​លោក​ក៏​បាន​រត់​ទៅ​តាម​ជាយ​ដែន​ជាមួយ​បងប្អូន​ខ្មែរ​ដទៃ​ទៀត នៅ​ជុំរុំ​មួយ ហើយ​ត្រូវ​បាន​យោធា​ថៃ​ដឹក​បញ្ជូន​ មក​ទម្លាក់​តាម​ជួរ​ភ្នំ​ដងរែក​វិញ។ ដោយ​ដឹង​ថា​ ព្រៃ​ខាង​ក្រោម​ភ្នំ​នោះ​មាន​មីន អ្នក​ខ្លះ​មិន​ព្រម​ចុះ​ រហូត​ត្រូវ​​គេ​បាញ់​ទម្លាក់​តែ​ម្ដង។ ជន​ភៀសខ្លួន​ខ្លះ​ទៀត​ តោង​​វល្លិ៍​​ចុះ​មក​ក្រោម ត្រូវ​ផ្ទុះ​មីន​ស្លាប់។ លើស​ពី​នេះ​ទៅ​ ទៀត ​អ្នក​ដែល​ចុះ​មក​មាន​ជីវិត​ក៏​មិន​ហ៊ាន​ដើរ​ដែរ ​គឺ​ចម្ការ​មីន ហើយ​ដាច់​ស្បៀង​ទៀត​ផង​ សូម្បី​អង្ករជាប់​​​លើ​សាក​សព​ដែល​ស្លាប់​ពីរ​​បី​ថ្ងៃ​ហើយ ក៏​ត្រូវ​បាន​មនុស្ស​ដណ្ដើម​គ្នា​ហូប​អស់​ដែរ​ ក្នុង​នោះ​ក៏​មាន​គ្រួសារ​លោក​ផង។ ប៉ុន្តែ​ជា​ភ័ព្វ​សំណាង ​​មិន​មាន​​​សមាជិក​ក្នុង​​គ្រួសាររបស់​លោក​​​ណា​ម្នាក់​​​​បាត់បង់​​ជីវិត​ ​ឡើយ​។

 

ដើរ​សុំទាន​៣​ខែ ទម្រាំ​ដល់​សៀមរាប

 

គ្រួសារ​លោក​ក៏​មិន​ខុស​ពី​គេ​ដែរ គឺ​ត្រូវ​ទម្លាក់​ខ្លួន​តាម​វល្លិ៍​​ចុះ​មក ប៉ុន្តែ​ជា​ភ័ព្វ​សំណាង ហើយ​ក៏​បាន​ដើរ​យឺត​​ៗ​តាម​អ្នក​ដែល​ធ្លាប់​ដើរ​ព្រៃ ក្នុង​មួយ​ថ្ងៃ​បាន​២០​ទៅ​៣០​គីឡូម៉ែត្រ ។ គ្រួសារ​​លោក​បាន​បំបែក​គ្នា​ដើរ ពីរ​ទៅ​មុន​ និង​ពី​រ​ទៅ​ក្រោយ​ជៀសវាង​ត្រូវ​គ្រាប់​ស្លាប់​ទាំងអស់​គ្នា។ ពេល​ខ្លះ​គ្រួសារ​លោក​គ្មាន​អី​ញ៉ាំ​ លោក​បាន​ដើរ​​សុំ​ទាន​គេ​តាម​ផ្ទះ​អ្នក​ស្រុក​ រហូត​ដល់​​ខេត្ត​សៀមរាបប្រើ​ពេល​អស់​ប្រហែល​ជា​៣​ខែ។ ជាមួយ​គ្នា​នេះ​ក៏​​បានប្រមូល​​សម្ភារៈ​ខ្លះ​របស់​អ្នក​ស្លាប់​ជា​ច្រើន​ តាម​ដង​ផ្លូវ​ ទុក​គ្រាន់​ប្រើប្រាស់​។

 

ប្រថុយ​ជីវិត​ដើម្បី​ជៀស​ពី​សង្គ្រាម ​

 

គ្រួសារ ​របស់​លោក​​​​រស់នៅ​ខេត្ត​បាត់ដំបង មិន​យូរ​ប៉ុន្មាន​​ទេ ​ដោយ​ស្រុក​អសន្តិសុខ ព្រោះ​មាន​ការ​បាញ់​គ្រាប់​ប្លោង​​​ដាក់​គ្នា​រហូត រវាង​កង​​ទ័ព​រដ្ឋាភិបាល និង​ទ័ពប៉ុលពត។​​​​ គ្រួសារ​របស់​លោក​ក៏សម្រេច​ចិត្ត​រត់​ភៀសខ្លួន​ម្ដង​ទៀត​ទៅ​ជុំរំ ជន​ភៀស​ខ្លួន​ខ្មែរ​​​នៅ​ប្រទេស​ថៃ ដោយ​ជំហាន​ដំបូង នា​ពេល​យប់ ឪពុកម្ដាយ​របស់លោក​​ បណ្ដោះ​បង​ៗ របស់​លោក​ម្ដង​ពីរ​​នាក់​ៗ​ទៅ​មុន ​ចុង​ក្រោយ​គឺ​លោក​ និង​ប្អូន​ទៅ​ជាមួយ​ឪពុក​ រត់​កាត់​ព្រៃ​ជ្រៅ ទោះ​បី​ដឹង​ថា ព្រៃ​ទាំង​នោះ មាន​មីន​ មាន​យោធា​ថៃ ចាំ​បាញ់ អ្នក​ដែល​រត់​ឆ្លង​ដែន​ក៏​ដោយ។​ សំណាង​អាក្រក់​គឺ​អ្នក​ស៊ីឈ្នួល​នាំ​ ផ្លូវ​ បាន​បោះ​ពួក​លោក​ចោល​កណ្ដាល​ព្រៃ​ទៀត​ផង ប៉ុន្តែ​ឪពុក​លោក​បាន​ជម្នះ​នាំ​កូន​ទាំង​អស់​រត់​ចូល​រហូត​បាន​ចូល​ដល់​ ជំរំ​ព្រៃ​ជនភៀសខ្លួន​បាន​សម្រេច​។ ឆ្នាំ​៨១ ដល់​ឆ្នាំ​៨៣ គ្រួសារ​លោក​បាន​រស់នៅ​ក្នុង​ជុំរុំ​​ខៅអីដាង។ ត្បិត​រស់នៅ​ជំរំ​​មាន​សន្តិភាព​ពិត​មែន ប៉ុន្តែ​ចំពោះ​ការ​ហូបចុក​ត្រូវ​បាន​រឹតត្បិត​ជា​ខ្លាំង​ ហាក់​មាន​​​ការ​គេង​បន្លំ ហើយ​សេរីភាព​ក៏​មាន​តិច​ផង​ដែរ។ នៅ​ពេល​មួយ​ជុំរុំ​នោះ​ត្រូវ​ការ​បែង​ចែក ជា​៣​ផ្នែក ទី​មួយ ​អ្នក​ដែល​អាច​ទទួល​បាន​សិទ្ធិ​ទៅ​រស់នៅ​ក្រៅ​ប្រទេស​ មួយ​ផ្នែក​ទៀត​ត្រូវ​បន្ត​ឲ្យ​រស់នៅ​ក្នុង​ជុំរុំ​សិន និង​មួយ​ផ្នែក​ទៀត​ត្រូវ​បញ្ជូន​ត្រលប់​មក​កម្ពុជា​វិញ។ គ្រួសារ​លោក​វិះ​នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​វិញ ប៉ុន្តែ​ដោយ​មាន​ការ​អង្វរ​ក​ ​អាជ្ញាធរ​​នៅ​ទី​នោះ​ក៏​ទន់​ចិត្ត​ព្រោះ​ឃើញ​បងប្អូន​លោក​ច្រើន​។

 

ហ្វីលីពីន ឋានសួគ៌​របស់​ជនភៀសខ្លួន​

 

ជា ​ភ័ព្វ​សំណាង​ត្រូវ​បាន​ ជាប់​ឆ្នោត​ជា​ជនអន្តោប្រវេសន៍​ទៅ​រស់នៅ​លើ​ទឹកដី​អាមេរិក។ ជា​ជំហាន​ដំបូង​គ្រួសារ​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ជំរំ​ លាង​ជម្រះ​ខ្លួន​មួយ​នៅ​ប្រទេស​ហ្វីលីពីន ចំនួន​៩​ខែ។ ក្រុម​គ្រួសារ​លោក​បាន​ចាត់​ទុក​ជំរំ​នោះ​ដូចជា​ឋានសួគ៌​ ព្រោះ​ជនភៀសខ្លួន​ទាំងអស់​ត្រូវ​បាន​​យក​ចិត្ត​ទុក​ដាក់ ផ្ដល់​ចំណី​អាហារ​គ្រប់គ្រង ពិសេស​គឺ​ផ្ដល់​ការ​រៀន​សូត្រ​ និង​មិន​ត្រូវ​បាន​រើសអើង​។ ពេល​នោះ​ សមាជិក​ក្នុង​​គ្រួសារ​​លោក​ មាន​អារម្មណ៍​ហាក់​​ដូច​បាន​ឡើង​ឋានសួគ៌​​អីចឹង។

 

រើស​សំរាម​ សន្សំ​ប្រាក់ ​ ទោះ​មាន​ការ​ផ្គត់ផ្គង់​ពី​រដ្ឋាភិបាល​ក៏​ដោយ​

 

រហូត ​ដល់​ឆ្នាំ​១៩៨៤ គ្រួសារ​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​រស់​នៅ​ រដ្ឋ​តិចសាស សហរដ្ឋ​អាមេរិក​ ដែល​មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង។​ ក្នុង​ឋានៈ​ជា​ជន​ភៀសខ្លួន​ ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក​​ជួយ​​ឧបត្ថម្ភ​គាំទ្រ​គ្រប់​សព្វ​បែប​យ៉ាង។ ​ផ្ទះ​ស្នាក់នៅ​ អគ្គិសនី​ អាហារ​ហូបចុក​ គឺ​ត្រូវ​បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង។ ចំណែក​លើ​ថ្លៃ​សិក្សា ​បងប្អូន​៨​នាក់​របស់​លោក​សុទ្ធ​តែ​បាន​​គ្រប់​ៗ​គ្នា ។ លើស​ពី​នេះ​ ទៅ​ទៀត​ ក៏​មាន​ជនជាតិ​ខ្មែរ​ជា​ច្រើន​ទៅ​នៅ​សហរដ្ឋ​អាមេរិក​មុនៗ បាន​ចូល​មក​លេង​ផ្ដល់​ជា​​ចំណី​អាហារ ប្រាក់​កាស​សម្រាប់​ចាយ​វាយ​ផង​ដែរ ប៉ុន្តែ​ទោះ​យ៉ាង​នេះ​ក្ដី សមាជិក​គ្រួសារ​របស់​ពួក​លោក​ឆ្លៀត​ពេល​ទំនេរ​ ពិសេស​បង​ៗ​លោក​ដែល​មាន​វ័យ​ពេញ​កម្លាំង​ ទៅ​ធ្វើការ​តាម​រោងចក្រ​ ឬ​តាម​កន្លែង​មួយ​

 

ចំនួន​ដើម្បី​រក​ចំណូល​បន្ថែម។

 

ចំណែក​លោក​ដែល​មាន​វ័យ​​ជំទង់ ​បាន​ឆ្លៀត​ធ្វើជា​អ្នក​រើស​សំរាម ​ដែល​កាលណោះ​តាម​ដង​ផ្លូវ​នៅ​សហរដ្ឋ​អាមេរិក​ សំបូរ​កំប៉ុង និង​លុយ​ដែល​គេ​ជ្រុះ​គួរសម​។ ​ប្រាក់​​កម្រៃ​មួយ​ថ្ងៃ​សរុប​មួយ​គ្រួសារ​អាច​រក​បាន​ ពី​៥០ ទៅ​៦០​ដុល្លារ​ដែរ​ ។ គ្រួសារ​លោក​បាន​សន្សំ​រហូត​ដល់​បាន​លុយ​គ្រប់​ចំនួន​ ធ្វើ​ជា​សោហ៊ុយ​ផ្លាស់ប្ដូរ​ទី​លំនៅ​ទៅ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ ​ពី​ព្រោះ​នៅ​ទី​នោះ​​មាន​ជនជាតិ​ខ្មែរ​រស់នៅ​​ច្រើន និង​មាន​អាកាសធាតុ​ប្រហាក់​ប្រហែល​កម្ពុជា​ដែរ ។

 

ក្រ​ប៉ុណ្ណា​ក៏​នៅ​តែ​ស្រឡាញ់​ការ​សិក្សា

 

ដោយ ​ការ​ស្រឡាញ់​ និង​ផ្ដល់​តម្លៃ​ចំពោះ​ការ​សិក្សា បង​ៗ​របស់​លោក​ទាំង​អស់ ​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​ វិទ្យាល័យ​ហើយ សុទ្ធ​តែ​បាន​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​​ទាំងអស់។​ ​ លោក​ក៏​ដូច​គ្នា បាន​បញ្ចប់​វិទ្យាល័យ​ ហើយ​បាន​ស្វះស្វែង​ប្រឡង​យក​អាហារូបករណ៍​។ នៅ​ឆ្នាំ​១៩៩២ លោក​បាន​​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​ Berkeley ​រដ្ឋ​កាលីហ្វ័រញ៉ា យក​ជំនាញ​វេជ្ជសាស្ត្រ​ទូទៅ​។

 

ជនជាតិ​ខ្មែរ តែ​រៀន​ពូកែ​ជាង​អាមេរិក​កាំង​

 

ដោយ ​ស្រឡាញ់​វិជ្ជា​ពេទ្យ​ខ្លាំង​ ​ព្រោះ​យល់​ថា​ជំនាញ​នេះ​អាច​ជួយ​ជីវិត​មនុស្ស​បាន​ ​ក្រៅ​ពី​ឆ្លៀត​ធ្វើការ​ពេល​ទំនេរ លោក​វក់វី​ជាមួយ​ការ​រៀន​សូត្រ​ខ្លាំង។ មាន​ថ្ងៃ​មួយ​នៅ​ សាល​វះកាត់​សាកសព លោក​បាន​វក់​ជាមួយ​ការ​មើល​សៀវភៅ​បណ្ដើរ​ ពិនិត្យ​ជាក់​ស្ដែង​លើ​សាកសព​បណ្ដើរ រហូត​ដល់​ម៉ោង​ពី​យប់​។ ​មិត្ត​រួម​ថ្នាក់​ទៅ​ផ្ទះ​អស់ ​ ទុក​លោក​នៅ​ម្នាក់​ឯង​ជាមួយ​សាកសព​ជា​ច្រើន​ ធ្វើ​ឲ្យ​លោក​មាន​ការ​ភ័យ​ខ្លាចយ៉ាង​​ខ្លាំង​។ ដោយសារ​ការ​វក់​នឹង​ ការ​រៀន​សូត្រ​បែប​នេះ ក្រោយ​ការ​បញ្ចប់​ការ​សិក្សា​ លោក​បាន​ទទួល​និទ្ទេស​ល្អ​ជាង​គេ ហើយ​ក៏​ត្រូវ​សាកលវិទ្យាល័យ​ ផ្ដល់​ឱកាស​ជា​គ្រូ​បង្រៀន។​ ការ​ក្លាយ​ជា​គ្រូ​បង្រៀន​ គឺ​​ជា​បំណង​ប្រាថ្នា​របស់​លោក​ដែរ។ លោក​បាន​ធ្វើជា​គ្រូ​បង្រៀន​លើ​ជំនាញ​ពេទ្យ​នេះ​រយៈ​ពេល​៣​ឆ្នាំ។

 

ឈាម​ជា​ខ្មែរ​ ធ្វើ​ការងារ​ដើម្បី​ខ្មែរ

 

ក្នុង ​អំឡុង​ពេល​ជា​គ្រូ​បង្រៀន​ ចិត្ត​របស់​លោក​ចាប់​ផ្ដើម​នឹករឭក​​ដល់​ប្រទេស​កម្ពុជា​ ជា​ទឹកដី​កំណើត​។ នៅ​ឆ្នាំ​១៩៩៩​ តាម​រយៈ​ដៃគូ​អភិវឌ្ឍន៍​កម្ពុជា​ លោកបាន​​ដាក់​ពាក្យ​ស្នើសុំ​ទៅ​អង្គការ​មួយ​ឈ្មោះ​ថា Maryland ដើម្បី​មក​កម្ពុជា​ក្នុង​​នាម​ជា​ពេទ្យ​ស្ម័គ្រ​ចិត្ត ។ នៅ​ឆ្នាំ​២០០០​ លោក​បាន​មក​កម្ពុជា​ បាន​ទទួល​ការងារ​ធ្វើ​ជា​អ្នក​ស្រាវជ្រាវ​លើ​បញ្ហា​ជំងឺ​កុមារ​ និង​ជា​ទីប្រឹក្សា​សុខភាព​សាធារណៈ​ របស់​មន្ទីរ​ពេទ្យ​បង្អែក​ទាំង​អស់​ នៅ​ក្នុង​ខេត្ត​ក្រចេះ​ ដោយ​ទទួល​បាន​បៀវត្សរ៍​ត្រឹម​៣៥០​ដុល្លារ លើ​ថ្លៃ​ជីវភាព ដែល​ទីតាំង​ធ្វើការ​គឺ​ស្ថិតនៅ​​ទីរួមស្រុក​ឆ្លូង។ តម្លៃ​ប្រាក់​ខែប៉ុណ្ណឹង​​ បើសិនជា​លោក​ធ្វើ​ការ​ស្រុក​អាមេរិក​វិញ​ លោក​អាច​ទទួល​បាន​ច្រើន​ជាង​នេះ​រាបរយ​ដង​ ​ប៉ុន្តែ​ដោយសារ​ទឹកចិត្ត​ស្រឡាញ់​អាណិត​មនុស្សដែល​មាន​ឈាម​ជ័រ​ដូចគ្នា​ លោក​បាន​ធ្វើការ​ដោយ​ក្ដី​សប្បាយ​រីករាយ​បំផុត​។

 

ទៅ​ហើយ​មក​វិញ ​ព្រោះ​មិន​ដាច់​ចិត្ត​ពី​ស្រុក​ខ្មែរ

 

ចប់ ​បេសកកម្ម​រយៈ​ពេល​១​ឆ្នាំ​លោក​បាន​វិល​ត្រលប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ។ ​ដោយ​ក្ដី​អាឡោះអាល័យ​​​​កម្ពុជា​ជា​ពន់ពេក​​ នៅ​​ឆ្នាំ​២០០៣ ​ទោះបីជា​មាន​ការ​ហាម​ឃាត់​ខ្លាច​ជួបបញ្ហា​​សុវត្ថិភាព​ប៉ុណ្ណា​ក៏​ដោយ ក៏​លោក​​នៅ​តែ​សម្រេច​ចិត្ត​មក​កម្ពុជា​ម្ដង​ទៀត​ ហើយ​ក៏​បាន​​បម្រើ​ការងារ​ជា​​ព្រឹទ្ធបុរស​នៅ​សាកលវិទ្យាល័យ​អន្ត​រជាតិ​។ បន្ទាប់​មក​ទៀត​ លោក​លា​ឈប់​ពី​កន្លែង​ចាស់​ មក​​ចូល​បម្រើការ​ជា​​អ្នក​គ្រប់គ្រង​នៅ​សាកលវិទ្យាល័យ​ បញ្ញា​សាស្ត្រ​ និង​ចុង​ក្រោយ​ នៅ​ឆ្នាំ​២០០៤​ធ្វើជា​​​ព្រឹទ្ធបុរស​ Associate Professional។ ស្នាដៃ​​ចុង​ក្រោយ​របស់​លោក​គឺ​បាន​បង្កើត​ មហាវិទ្យាល័យ​សុខភាព​សាធារណៈ នៅ​ក្នុង​សាកលវិទ្យាល័យ​កម្ពុជា ។

 

បើក​សាលា​បង្រៀន​ ព្រោះ​ចង់​អភិវឌ្ឍ​​ចំណេះ​ដឹង​ពិត​ប្រាកដ​ដល់​យុវជន​កម្ពុជា

 

ក្រោយ ​ធ្វើការ​ជា​ច្រើន​កន្លែង​ លោក​នៅ​តែ​មាន​អារម្មណ៍​ថា​ នៅ​កម្ពុជា​​មិន​ទាន់​មាន​នៅ​ឡើយ​សាលា​ដែល​មាន​ស្តង់ដារ​បែប​អាមេរិក។ ម្យ៉ាង​ទៀត​លោក​យល់​ថា​ ដើម្បី​អភិវឌ្ឍ​ជាតិ​បាន​ចាំបាច់​ត្រូវ​តែ​​លើក​​កម្ពស់​​​វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ​ ។ នៅ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០០៥ លោក​ក៏​​ចាប់​ផ្ដើម​បង្កើត​​​​​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកកាំង​ ជា​សាលា​មួយ​មាន​ប្រព័ន្ធ​អប់រំ​ច្បាស់លាស់ តាម​បែប​អាមេរិក និង​​ផ្ដោត​សំខាន់​លើ​ការ​ថែទាំ​សុខភាព​របស់​សិស្ស​​ ខណៈ​ដែល​ពេល​នោះ​មាន​សាលា​ឯកជន​ជាង​២២​កំពុង​ឈរ​​លើ​ទីផ្សារ​។

 

ដើមទុន​ចេញ​ពី​ការ​ប្រមូល​ផ្ដុំ​

 

ចាប់ ​ផ្ដើម​ដំបូង​លោក​គិត​ថា ប្រើប្រាស់​ដើម​ទុន​ត្រឹម​២​ម៉ឺន​ដុល្លារ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​ពី​ការ​ចាប់​ជួប​ប្រទះ​ការ​ខ្វះខាត​ លោក​ក៏​បាន​ចាប់ផ្ដើម​ខ្ចី​ដើម​ទុន ពី​បងប្អូន​ទាំង​ខាង​ប្រពន្ធ និង​បងប្អូន​នៅ​ក្រៅ​ប្រទេស​ រហូត​ដល់​ដើម​ទុន​បាន​កើន​ឡើង​១០​ម៉ឺន​ដុល្លារ។

 

ធ្វើ​បុណ្យ​ច្រើន បុណ្យ​ជួយ

 

សាលា​របស់​លោក​បាន​កើត​ជា​រូបរាង​មែន ​ប៉ុន្តែ​មិនទាន់​មាន​កម្លាំង​បម្រើ​ការ​គ្រប់គ្រាន់​នៅ​ឡើយ​។ ក្រោយ​ការ​បើក​មិន​ដល់​មួយ​ខែ​ផង ​ស្រាប់​តែ​មាន​យុវជន​​ជិត​២០​នាក់​ជា​និស្សិត​ បាន​ចូល​មក​ធ្វើ​ជា​អ្នក​ស្ម័គ្រ​ចិត្ត ដោយ​បាន​ធ្វើការ​ងារ​ជា​ច្រើន​ ​តាំង​ពី​ជួយ​ចង​​បដា​​​តាម​ដង​ផ្លូវ ចែក​ខិត​ប័ណ្ណ និង​ជួយ​ការ​ងារ​ក្នុង​​សាលា​ជា​ដើម ដោយ​មិន​យក​ប្រាក់​កម្រៃ​ឡើយ​។

 

២​ឆ្នាំ​ សិស្ស​កើន​ពី​៥​នាក់ ដល់​១​ម៉ឺន​នាក់ ​ជា​ចំនួន​មិន​គួរ​ឲ្យ​ជឿ

 

ចម្លោះ ​​​ឆ្នាំ​២០០៥​ដល់​ឆ្នាំ​២០០៧​ ដោយសារ​តែ​​ទឹក​ដម និង​ការ​ពន្យល់​ដល់​សិស្ស​ពេល​ធ្វើ​បទសម្ភាសន៍​មុន​ចូលរៀន​ ពិសេស​ការ​បង្រៀន​ប្រកប​ដោយ​ក្រមសីលធម៌ និង​ចំ​គោលដៅ​ សាលា​របស់​លោក​មុន​ដំបូង​ទទួល​បាន​សិស្ស​ប្រមាណ​ចំនួន​៥​នាក់ និង​បន្ទាប់​មក​​កើន​ដល់​១០​នាក់។​ ប៉ុន្តែ​ចំនួន​ហាក់​បាន​ហក់​ឡើង​យ៉ាង​គំហុក​ ត្រឹម​រយៈ​ពេល​២​ឆ្នាំ​សោះ បាន​កើត​ឡើង​រហូត​ដល់​១​ម៉ឺន​នាក់​ ដែល​បាន​ឆ្លុះបញ្ចាំង​​ពី​ភាព​ជោគជ័យ​​​ស្ទើរ​នឹក​ស្មាន​មិន​ដល់​ ។

 

បច្ចុប្បន្ន​ភាព​

 

លោក ​ គួច​ ម៉េងលី មាន​ងារ​ពេញ​ជា​ ឯកឧត្ដម ឧកញ៉ា វេជ្ជបណ្ឌិត​ គួច​ ម៉េងលី។ ​លោក​​បាន​រៀប​អាពាហ៍ពិពាហ៍​ នៅ​ខែ​មិនា​ ឆ្នាំ​២០០៤ ដោយ​ភរិយា​ឈ្មោះ អ៊ឹង លីហុង មាន​​បុត្រ​២​នាក់​។ សព្វ​ថ្ងៃ​លោក​មាន​ក្រុមហ៊ុន​ចំនួន​១ ឈ្មោះ​ម៉េងលី ជេគួច Education ដែល​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន២ គឺ វិទ្យាស្ថាន​អន្តរទ្វីប អាមេរិកាំង (American Intercon Institute) និង​សាលារៀន​អន្តរទ្វីប អាមេរិកាំង  (American Intercon School) និង​ក្រុមហ៊ុន​សេវា​ចំនួន​៦​ទៀត​ Intercon Transportation Services, Mengly J. Quach Student Health Center, Smart Mart, Intercon Supply and Bookstore, Café Chateau, និង In & Out Food Court and Intercon Estate Development។

 

បទពិសោធន៍​ជីវិត

 

ធ្វើ​ល្អ​បាន​ល្អ លោក​ជា​មនុស្ស​ម្នាក់​ដែល​បាន​រង​ទុក្ខ​វេទនា​ខ្លាំង​ណាស់​ តាំង​ពី​វ័យ​កុមារ ជា​ក្មេង​ដែល​រស់នៅ ​ក្នុង​ភាព​វ័យ​ខ្លាច​ និង​រសាត់អណ្ដែត ប៉ុន្តែ​ដោយសារ​ឪពុកម្ដាយលោក​ជា​អ្នក​ធ្វើ​បុណ្យ​ធ្វើ​ទាន​តាំង​ពី​សម័យ​មុន ​ ដូច្នេះ​រាល់​ឧបសគ្គ​ បាន​រសាត់​អស់ ហើយ​គ្រួសារ​លោក​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ជួយ​យក​អាសា ផ្ដល់​ឱកាស​​ឲ្យ​ជានិច្ច​។ ប្រសាសន៍​លោក​គួច​ ម៉េងលី៖ “សូម្បី​សព្វថ្ងៃ​នេះ​ ខ្ញុំ​ជោគជ័យ​ក៏​ដោយ​ ខ្ញុំ​តែងតែ​ប្រកាន់​ភ្ជាប់​នូវ​​គំនិត​ជា​គ្រូពេទ្យ​​ជានិច្ច​ ចាប់​តាំង​ពី​ខ្ញុំ​រៀន​ចប់​វេជ្ជបណ្ឌិត​នៅ​ប្រទេស​អាមេរិក​មក។ ខ្ញុំ​មិន​ដែល​រក​ចំណូល​បាន​​មួយ​កាក់​​មួយ​សេន​ឡើយ​ ព្រោះ​ខ្ញុំ​មាន​ទឹក​ចិត្ត​អាណិត​ដល់​អ្នក​ក្រីក្រ​ សូម្បី​​​ពេល​ទំនេរ​ចេញ​ទៅ​ណា​មក​ណា ខ្ញុំ​តែងតែ​បើក​ឡាន​ទៅ​តាម​ផ្លូវ​តូច​នៅ​តាម​ទី​ជនបទ​ដាច់​ស្រយាល។ ពេល​​ខ្ញុំ​បាន​ជួប​ជន​ក្រីក្រ ឬ​ខ្វះ​ខាត ខ្ញុំ​ប្រឹងប្រែង​ជួយ​ឲ្យ​អស់​លទ្ធភាព ជា​ថ្នាំ​សង្កូវ ជា​ចំណី​អាហារ និង​មាន​ចាស់​ៗនៅ​​ផ្ទះ​លំបាក​ទ្រុឌទ្រោម​ខ្លាំង​ ខ្ញុំ​ជួយ​ជួសជុល និង​ឬ​សាងសង់​ផ្ទះ​ឲ្យ​តែ​ម្ដង​ ក៏​មាន​ដែរ​។ ហើយ​ខ្ញុំ​បាន​ចូលរួម​ សកម្មភាព​សង្គម​ជា​ច្រើន ជាមួយ​អង្គការ​ដៃគូ​ផ្សេងៗ ដែល​សរុប​មក​ទល់​ពេល​នេះ ​ខ្ញុំ​បាន​ចំណាយ​សរុប​ជាង​១លាន​ដុល្លារ​ហើយ ហើយ​ខ្ញុំ​នៅ​តែ​បន្ត​​សកម្មភាព​នេះ​ទៀត​។

 

ការ​ផ្ដាំផ្ញើ

 

“មនុស្ស​គ្រប់រូប​គឺ​មាន​តម្លៃ” សម្រាប់​លោក​ គួច​ ម៉េង​លី។ ការ​ដាក់​ខ្លួន​ជា​រឿង​សំខាន់​ ទោះ​រៀន​បាន​ថ្នាក់​ណា​ ឬ​ធ្វើការ​ធំ​យ៉ាងណា​ក៏​ដោយ ក៏​មិន​ត្រូវ​មើល​ងាយ​អ្នក​ក្រីក្រ​ដែរ​ ​ប្រៀប​ដូច​កន្លែង​ធ្វើការ​មួយ​បើសិនជា​គ្មាន​អ្នក​ធ្វើ​អនាម័យ​ មាន​តែ​អ្នកមាន​​ឋានៈ​ខ្ពស់​ទាំងអស់​​គ្នា​នោះ​ កន្លែងនោះ​​ច្បាស់​មាន​បរិស្ថាន​មិន​​ស្អាត​នោះ​ទេ និង​កន្លែង​មួយ​បើសិនជា​គ្មាន​អ្នក​ចេះ​ដឹង​ មក​ដឹកនាំ​ទេ មិន​ឆ្ពោះ​មុខ​បាន​នោះ​ដែរ។ ដូច្នេះ​ចូរ​ឲ្យ​តម្លៃ​ទៅ​មនុស្ស​ដែល​នៅ​ ជុំ​វិញ​ខ្លួន។​ មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​មាន​តម្លៃ ដូចនេះ​ហើយ​ទើប​សូម​ជៀសវាង​ការ​មើលងាយ រើសអើង​មនុស្ស​ ហើយ​មុន​ជេរ​នរណា​ម្នាក់ ត្រូវ​ពិចារណា​ឲ្យ​បាន​ច្បាស់លាស់​ថា តើ​វា​ជា​ការ​ពិត​ដែរ ​ឬ​ទេ? តើ​វា​បាន​ផល​អ្វី​មក​យើង តើ​ពាក្យ​របស់​យើង​ប៉ុន្មាន​ម៉ាត់​​នោះ​នឹង​ប៉ះពាល់​អនាគត​អ្នក​នោះ​​ដែរ ​ឬ​ទេ ? សង្គម​ខ្មែរ​តូច​ណាស់​ បើសិនជា​​មនុស្ស​ម្នាក់​ត្រូវ​បាន​ជាន់​ឈ្លី​ហើយ​ មិន​អាច​ងើប​រួច​នោះ​ទេ ។ សរុប ​មក​វិញ​ ធ្វើ​ជា​មនុស្ស​ត្រូវ​ចេះ​ផ្ដល់​ឱកាស ចេះ​ដាក់​ខ្លួន ចេះ​អត់ធ្មត់ មាន​មេត្តា​ធម៌ និង​អប់រំ​ដោយ​ចិត្ត​សន្ដោស​។ ដរាប​ណា​យើង​ផ្ដល់​ឱកាស​ឲ្យ​គេ ​ពេល​នោះ​គេ​នៅ​តែ​មាន​ឱកាស​ក្នុង​ការ​​កែប្រែ​​បាន​​ដូចគ្នា​។

 

ដើម​ទុន​រកស៊ី​ចេញ​ពី​ការ​ប្រមូល​ផ្ដុំ

 

យុវជន​ជា​ច្រើន​ តែងតែ​រអ៊ូរទាំ​ថា គ្មាន​ដើម​ ឬ​ដើម​ទុន​តិច​ មិន​អាច​រកស៊ី​បាន ចាំ​បាន​ដើម​ទុន​ច្រើន​ចាំ​រកស៊ី។ ចំពោះ​លោក ​គួច ​មេង​លី ដែល​ធ្លាប់​ខ្ចី​លុយ​បងប្អូន​បើក​សាលា​នោះ​យល់​ថា បើ​រង់ចាំ​ដល់​មាន​លុយ​គ្រប់​ចំនួន​ ចាំ​ចាប់​រកស៊ី​នោះ​ គឺ​មិន​ដឹង​ថ្ងៃ​ណា​នោះ​ទេ ​ព្រោះ​ការ​សន្សំ​មិន​ចេះ​គ្រប់​ទេ ហើយ​ក្នុង​ការ​រកស៊ី​ ជៀស​ការ​​ខ្ចីបុល​ក៏​មិន​រួច​ដែរ ដូច្នេះ​មិន​បាច់​រង់ចាំ​រហូត​ដល់​គ្រប់​នោះ​ទេ សំខាន់​ត្រូវ​ចេះ​ប្រមូល​ផ្ដុំ​ទុន ​និង​ស្មោះត្រង់​សង​ត្រលប់​ទៅ​ម្ចាស់​គេ​វិញ​គ្រប់​ចំនួន ពេល​នោះ​អ្នក​នឹង​មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​បើក​អាជីវកម្ម​មួយ បាន​ដោយ​ជោគជ័យ៕

 

អានអត្ថបទ៖ លោក​​ ជ័យ​ ថាវី ​ គ្រូ​បង្រៀន​គួរ​​ល្បី​ឈ្មោះ​​​ប្រចាំ​នៅ​កម្ពុជា ​ជា​នរណា? ចុច​ត្រង់​នេះ​

 

អត្ថបទ​៖ កង ចាន់​បញ្ញា

រូបភាព​៖បណ្តាញ​​សង្គម ​Mengly J. Quach

អត្ថបទពេញនិយម