Osja Studio តំណាងឲ្យកម្ពុជាដណ្ដើមមេដាយមាសផ្អើលសមាជិកអាស៊ាន
- 2015-01-24 15:00:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Osja Studio តំណាងឲ្យកម្ពុជាដណ្ដើមមេដាយមាសផ្អើលសមាជិកអាស៊ាន
ចន្លោះមិនឃើញ
ស្ទូឌីយូ Osja Studio សម្រេចបានស្នាដៃជាទីមោទនៈ ដោយអាចដណ្តើមមេដាយមាសក្នុងកម្មវិធី ASEAN ICT Awards 2014 ដែលរៀបចំនៅប្រទេសថៃ។
ចុចអាន៖ ស្នាដៃរចនាតួអង្គ Asva The Monkey ឈ្នះពានរង្វាន់នៅប្រទេសជប៉ុន
លោក អៀ អ៊ុយ ប្រធាន និងជាតំណាងឲ្យក្រុម Osja Studio បានទៅទទួលមេដាយ និងវិញ្ញាបនបត្រសម្រាប់ការឈ្នះក្នុងការប្រកួតប្រជែងកាលពីពេលថ្មីៗនេះ។
ប្រធាន និងជាតំណាងឲ្យ Osja Studio ដដែលបានឲ្យដឹងថា ក្រុមលោកទទួលបានពានរង្វាន់មេដាយមាស និងវិញ្ញាបនបត្រមួយ បន្ទាប់ពីឈ្នះការប្រកួតក្នុងកម្មវិធី ASEAN ICT ដែលរៀបចំនៅប្រទេសថៃកាលពីឆ្នាំ ២០១៤។
លោកថា ការប្រកួតនេះមានពី ៧ ទៅ ៨ ប្រភេទវិញ្ញាសា ហើយក្រុមលោកឈ្នះក្នុងប្រភេទវិញ្ញាសា Start Up។ លោក អៀ អ៊ុយ បញ្ជាក់ថា វិញ្ញាសា Start Up នេះគឺចង់និយាយពីដំណើរការបង្កើតអាជីវកម្មដូចជាខាងលោកបានបង្កើតក្រុម Osja Studio ដោយលោកបានបង្ហាញពីដំណើរការរៀបចំ ការអភិវឌ្ឍ សមិទ្ធផលដែលសម្រេចបាន ជាមួយការរៀបចំគម្រោងអភិវឌ្ឍនាពេលអនាគត។
នេះជាលើកដំបូងដែលប្រទេសកម្ពុជាមានសិទ្ធិចូលប្រកួតប្រជែងក្នុង ASEAN ICT Awards ហើយនេះក៏ជាលើកទីមួយដែរ ដែលកម្ពុជាដណ្ដើមបានជយលាភីប្រកបដោយកិត្តិយសនេះ។ ការប្រកួតប្រជែងនេះមានប្រទេសចូលរួមចំនួន ១០ ដែលស្ថិតនៅក្នុងបណ្ដាប្រទេសសមាជិកអាស៊ាន។
លោកឲ្យដឹងដែរថា ជ័យជំនះនេះគឺមានការផ្ដួចផ្ដើមនិងការសម្របសម្រួលពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងការរៀបចំសំណើបញ្ជូនទៅប្រកួតប្រជែងរហូតបានមានឱកាសឈ្នះពានរង្វាន់ដ៏កិត្តិយសនេះ។
ពានរង្វាន់វិស័យ ICT របស់អាស៊ាន (AICTA) គឺជាគម្រោងដែលរៀបចំឡើងដោយរដ្ឋមន្ត្រីទូរគមនាគមន៍អាស៊ាន។ កម្មវិធីនេះធ្វើឡើងដើម្បីលើកកម្ពស់ការច្នៃប្រឌិតនិងការសហការគ្នាក្នុងចំណោមរដ្ឋាភិបាល អាជីវកម្មប្រជាពលរដ្ឋ និងស្ថាប័នផ្សេងទៀត។ AICTA មានបំណងទទួលស្គាល់សមិទ្ធផលវិស័យ ICT ដ៏ល្អបំផុតក្នុងចំណោមសហគ្រិននៅទូទាំងតំបន់អាស៊ាន និង បានផ្ដល់ជូននូវឱកាសអាជីវកម្មនិងលើកកម្ពស់នៃការទំនាក់ទំនងពាណិជ្ជកម្មក្នុងសហគមន៍ ឬក្នុងតំបន់អាស៊ានជាប្រយោជន៍ទាំងក្នុងស្រុកនិងអន្តរជាតិ។
Osja Studio គឺធ្លាប់ទទួលបានពានរង្វាន់ជារឿយៗផ្នែកខាងធ្វើហ្គេម ឬ វីដេអូជាដើម ជាក់ស្ដែងកាលពីចុងខែ វិច្ឆិកា ២០១៤ កន្លងទៅ Osja Studio ធ្លាប់ទទួលពានរង្វាន់ក្នុងព្រឹត្តិការណ៍ ASEAN Character Award 2014 នៅប្រទេសជប៉ុនផងដែរ៕
អត្ថបទ៖ ដារ៉ាឆានី រូបភាព៖ ផ្ដល់ឲ្យ