ប្រាក់ខែអូបាម៉ា លើសប្រធានាធិបតីចិនជិត ២០ដង
- 2015-01-23 22:55:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាក់ខែអូបាម៉ា លើសប្រធានាធិបតីចិនជិត ២០ដង
ចន្លោះមិនឃើញ
សហរដ្ឋអាមេរិក គឺជាប្រទេសមហាអំណាចសេរីធំជាងគេលើលោក ដែលមានប្រធានាធិបតីស្បែកខ្មៅដ៏មានឥទ្ធិពលដំបូងគេកំពុងដឹកនាំក្នុងអាណត្តិទី២។ ចំណែកចិនវិញ គឺជាប្រទេសសេដ្ឋកិច្ចកំពូល និងជាមហាយក្សនៅអាស៊ី ដែលមានប្រជាជនរហូតដល់ទៅជាង ១ពាន់លាននាក់។ បើប្រទេសទាំងពីរសុទ្ធតែជាមហាអំណាចធំៗដូចគ្នា ចុះប្រាក់ខែមេដឹកនាំកំពូលវិញយ៉ាងម៉េចដែរ?
បើតាមការចុះផ្សាយពីគេហទំព័រ BBC កាលពីពេលថ្មីៗនេះ បានបង្ហាញឲ្យដឹងថា ប្រធានាធិបតី រួមទាំងមេដឹកនាំជាន់ខ្ពស់ ៦រូបទៀត ក្នុងជួរបក្សកុម្មុយនិស្តចិន ត្រូវដំឡើងប្រាក់ខែ ៦២ភាគរយ។ តាមការកំណត់ថ្មីនេះ ប្រធានាធិបតី ស៊ី ជិនពីង នឹងឡើងប្រាក់ខែពី ៧០២០យាន់(ប្រហែល ១១២៧ដុល្លារ) ទៅ ១១៣៨៥យាន់(ប្រហែល ១៨៣២ដុល្លារ)។ បើគិតជាឆ្នាំ ប្រធានាធិបតីចិនដែលចូលកាន់តំណែងក្នុងឆ្នាំ២០១៣ ទទួលបានសរុបប្រហែល ២២០០០ដុល្លារ។
ប្រធានាធិបតីចិន ស៊ី ជិនពីង
ចំណែកប្រាក់ខែលោក បារ៉ាក់ អូបាម៉ា ក្នុងនាមជាប្រធានាធិបតីអាមេរិកវិញ ត្រូវគេហទំព័រ The Richest លាតត្រដាងថា អាចទទួលបានជាមូលដ្ឋាន ៤០០០០០ដុល្លារក្នុងមួយឆ្នាំ។ ប្រាក់ខែនេះ បើប្រៀបធៀបទៅនឹងប្រធានាធិបតីចិន មានគម្លាតដល់ទៅជាង ១៨ដង ឯណោះ។ ចំពោះមេដឹកនាំប្រទេស ដែលមានប្រាក់ខែច្រើនជាងគេបំផុតលើលោក គឺនាយករដ្ឋមន្ត្រី លី ស៊ានឡុង នៃប្រទេសសិង្ហបុរី ដែលអាចទទួលបានដល់ទៅ ១,៨លានដុល្លារក្នុងមួយឆ្នាំ៕
ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា
ចុចអាន៖ ចិនដកមន្ត្រីមួយចំនួន ក្រោយឧប្បត្តិហេតុជាន់គ្នាស្លាប់កាលចូលឆ្នាំសាកល
ដោយ៖ គង់ វិសាល ប្រភព៖ BBC, Therichest