ថ្នាំ​ផ្ដាសាយ ​និង​ថ្នាំ​ងងុយ​គេង អាច​បង្កើន​ការ​ភ្លេច​ភ្លាំង​និង​វង្វេង​ស្មារតី

  • 2015-01-28 18:11:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​វិទ្យាសាស្ត្រ​បាន​ស្រាវជ្រាវ​រក​ឃើញ​ថា ថ្នាំ​ដែល​ប្រើ​សម្រាប់​ទប់​ស្កាត់​ជំងឺ​ផ្ដាសាយ និង​ថ្នាំ​ងងុយ​គេង អាច​បង្កើន​ហានិភ័យ​ចំពោះ​ការ​ឆាប់​ភ្លេចភ្លាំង និង​អាច​ឈាន​ទៅ​ដល់​ការ​វង្វេង​ស្មារតី។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ The Mirror កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។ ​

 

 

អ្នក​ជំនាញ​បាន​ធ្វើការ​សិក្សា​ទៅ​លើ​មនុស្ស ៣៤៣៤​នាក់ ដែល​មាន​អាយុ​ចាប់​ពី ៦៥​ឆ្នាំ​ឡើង និង​ប្រើប្រាស់​ថ្នាំ​បន្ថយ​អាការៈ​ផ្ដាសាយ​ហៀរ​សំបោរ (antihistamine) ព្រម​ទាំង​ថ្នាំ​ទប់​ស្កាត់​កណ្ដាស់ (diphenhydramine) រយៈពេល ៧​ឆ្នាំ។ ក្នុង​ចំណោម​នោះ ៦៣៧​នាក់ ជួប​ប្រទះ​ជំងឺ​ឆាប់​ភ្លេចភ្លាំង និង ១៦០​នាក់​ទៀត​កំពុងស្ថិត​ក្នុង​ស្ថានភាពវង្វេងវង្វាន់​ស្មារតី។

 

សម្រាប់​អ្នក​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ​ច្រើន នឹង​បង្កើន​ហានិភ័យ​ឈាន​ទៅ​រក​ភាព​ឆាប់​ភ្លេចភ្លាំង​រហូត​ដល់​ទៅ ៥៤​ភាគ​រយ លើស​អ្នក​មិន​ប្រើប្រាស់។ ការ​រក​ឃើញ​ដែល​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​សារព័ត៌មាន Jama Internal Medicine បាន​បង្ហាញ​ថា អ្នក​នឹង​មាន​ហានិភ័យ​ខ្ពស់ ប្រសិន​បើ​ប្រើប្រាស់​ថ្នាំ​ប្រភេទ antidepressant doxepin យ៉ាង​តិច ១០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ថ្នាំ​បន្ថយ​អាការៈ​ផ្ដាសាយ​ហៀរ​សំបោរ (antihistamine) ៤​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ឬ​ថ្នាំ​ប្រភេទ oxybutynin ៥​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ លើស​ពី ៣​ឆ្នាំ​ឡើង​ទៅ។

 

វេជ្ជបណ្ឌិត Simon Ridley ឯកទេស​ផ្នែក​ស្រាវជ្រាវ​ជំងឺ​ភ្លេចភ្លាំង​នៅ​ចក្រភព​អង់គ្លេស បាន​និយាយ​ថា "ការ​សិក្សា​ដ៏​ធំ ដើម្បី​បន្ថែម​ទម្ងន់​ទៅ​លើ​តឹកតាង​ចាស់​ៗ ដែល​បង្ហាញ​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន នាំ​ឲ្យ​មាន​ការ​កើន​ឡើង​ហានិភ័យ​តិចតួច​នៃ​ជំងឺ​ភ្លេចភ្លាំង... ប៉ុន្តែ​លទ្ធផល​មិន​បង្ហាញ​ប្រាប់​យើង​ថា ថ្នាំ​ទាំង​អស់​នេះ​អាច​បង្កើត​ជា​ជំងឺ​ភ្លេច​ភ្លាំង​ទេ"។ ​​

 

ចុចអាន៖ អាថ៌កំបាំង៨​យ៉ាង ទប់ស្កាត់​ជំងឺ​គ្រុនផ្ដាសាយ

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ mirror

អត្ថបទថ្មី