MH370៖ រឿងរ៉ាវសោកសៅនៃសាច់ញាតិជនគ្រោះ ពិបាកទប់ទឹកភ្នែក
- 2014-09-15 17:42:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
MH370៖ រឿងរ៉ាវសោកសៅនៃសាច់ញាតិជនគ្រោះ ពិបាកទប់ទឹកភ្នែក
ចន្លោះមិនឃើញ
ជាង៦ខែមកហើយដែលយន្តហោះម៉ាឡេស៊ី ជើងហោះហើរ MH370 បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង ទៅជាមួយជីវិតមនុស្ស២៣៩នាក់នៅលើនោះ។ ចំណែកឯសាច់ញាតិជនរងគ្រោះដែលភាគច្រើនជាជនជាតិចិនទាំងនោះវិញ បានត្រឹមតែទន្ទឹងរង់ចាំផ្លូវមនុស្សជាទីស្រលាញ់របស់ខ្លួនទាំងសោកសៅរៀងរាល់ថ្ងៃប៉ុណ្ណោះ។ ពួកគេនៅតែបន្តក្ដីរំពឹងថានឹងបានជួបជាថ្មី ទោះបីក្ដីសង្ឃឹមមានតិចស្ទើរតែសូន្យទៅហើយក្ដី។
ខាងក្រោមនេះជារឿងរ៉ាវមួយចំនួននៃអ្នកដែលមានមនុស្សសំខាន់ត្រូវបាត់ខ្លួនជាមួយ MH370 កាលពីថ្ងៃទី៨ ខែមីនា៖
អ្នកស្រី Cheng Liping ដែលមានស្វាមីឈ្មោះ Ju នៅលើ MH370។ អ្នកស្រីបានបង្ហាញរូបថតដែលថតជាមួយស្វាមី និងពែងដែលស្វាមីចូលចិត្ត។ អ្នកស្រី Cheng បានបញ្ជាក់ថាជីវិតរបស់អ្នកស្រីបានផ្លាស់ប្ដូរទាំងស្រុងចាប់តាំងពីថ្ងៃកើតហេតុនោះមក ឯកូនតូចៗទាំង២របស់អ្នកស្រីក៏នៅតែបន្តសួររកប៉ាៗរបស់ពួកគេដដែល។
មិនខុសពីអ្នកស្រី Cheng ប៉ុន្មានទេ អ្នកស្រី Liu ក៏លែងឃើញមុខស្វាមីឈ្មោះ Li Zhijin ដោយសារ MH370 ដែរ។ ក្នុងរូបថតខាងលើ អ្នកស្រី Liu បានពាក់ចិញ្ចៀនរបស់ស្វាមី។ អ្នកស្រីបានឈ្លោះគ្នាជាមួយស្វាមីនៅតាមទូរសព្ទនៅមុនហេតុការណ៍នោះ ដែលជារឿងដែលអ្នកស្រីមានវិប្បដិសារីបំផុតក្នុងជីវិត។
អ្នកស្រី Feng Xuehong ដែលបាត់បង់កូនប្រុសឈ្មោះ Wang Houbin បានស្រក់ទឹកភ្នែកជោគផែនថ្ពាល់នៅក្នុងកិច្ចសម្ភាសន៍មួយ។ កូនប្រុសរបស់អ្នកស្រី បាននិយាយនៅក្នុងកិច្ចសន្ទនាចុងក្រោយថា៖ "ឱបកូនបន្តិចមកអ្នកម៉ាក់។ កុំភ្លេចថែរក្សាខ្លួនផង ហើយកូននឹងវិលត្រលប់ទៅជួបម៉ាក់ឆាប់ៗ"។
អ្នកស្រី Liu បង្ហាញរូបថតស្វាមីដែលទើបរៀបការថ្មីថ្មោងនៅក្នុងកុំព្យូទ័រ។ អ្នកស្រីបានរៀបការកាលពីថ្ងៃទី១ ខែមីនា ពោលគឺ១សប្ដាហ៍មុន MH370 បាត់ខ្លួន។ ក្រោយរៀបការ អ្នកស្រីមិនទាន់បានធ្វើដំណើរក្រេបចន្ទទឹកឃ្មុំនោះទេ ដោយសារតែស្វាមីរបស់អ្នកស្រីរវល់ខ្លាំងពេក។
លោក Zhiliang អង្គុយសំកុកនៅក្នុងផ្ទះដ៏វាលល្ហល្ហេង ដែលលោក និងគូដណ្ដឹងបាត់ខ្លួនលើ MH370 ទិញសម្រាប់ពិធីរៀបការ។ ផ្ទះទាំងមូលមិនទាន់តុបតែងនៅឡើយទេ។ Zhiliang បាននិយាយថាលោកនឹងនៅតែបន្តរង់ចាំ រង់ចាំរហូតដល់គូដណ្ដឹងរបស់ខ្លួនវិលត្រលប់មកវិញ។
យ៉ាងណាដែរ ក្រោយបានអានរឿងរ៉ាវរបស់ពួកគេទាំង៥ខាងលើ?
ដោយ៖ សុខ សុវត្ថិ ប្រភព៖ CCTV News