​តារាវី ​ រៀប​រាប់​​​​​​​អារម្មណ៍​ដំបូង​​​នៃ​​​ការ​​​​​​ជាន់​ដី​ អាមេរិក

  • 2015-01-29 18:08:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណាយ​ពេល​៦​ម៉ោង​​ពី​ភ្នំពេញ​ទៅ​​ដល់​ក្រុង​​​ អ៊ីនឆុន ​​កូរ៉េ​ខាង​ត្បូង និង​​បន្ត​​​​​ដំណើរ​លើ​វេហា​​​​​​១៤​ម៉ោង​ទៀត នៅ​ទី​បំផុត​អាកាសយាន​​បាន​នាំ​​អ្នក​ដំណើរ​ទាំង​​ឡាយ​​​ទៅ​ដល់​​ទីក្រុង​ញូយ៉ក ហើយ​ក៏​ជា​វិនាទី​ដំបូង​បំផុត​ដែល​​​​កញ្ញា ច័ន្ទ តារាវី ​​បាន​ទៅ​ដល់​ដែន​ដី​មហា​អំណាច​នយោបាយ​និង​សេដ្ឋកិច្ច​​រួម​រស់​ជុំ​ម្ដាយ​និង​គ្រួសារ​។

 

 

តារាវី ត្រូវ​ជិះ​ឡាន​ក្រុង​​ពី  ញូយ៉ក ៣​ម៉ោង​ទៀត ដើម្បី​ទៅ​ដល់​​រដ្ឋ Pennsylvania ​ទី​ដែល​ម្ដាយ​​​​​​និង​​​ក្រុម​គ្រួសារ​​​​នាង​ទទួល​បាន​សញ្ជាតិ​អាមេរិកកាំង ​កំពុង​រស់​នៅ និង​ធានា​កញ្ញា​ទៅ​​​​។

 

 

តើ​​ការ​​ទៅ​ដល់​ដី​អាមេរិក​ដំបូង​ មាន​​អារម្មណ៍​បែប​ណា? តើ​ការ​ចូល​ទៅ​​​រស់នៅ​​​ដែន​បស្ចិម​ប្រទេស​​​​​ប្រទះ​អ្វី​ខ្លះ និង​​​ត្រូវ​​បន្សាំ​ខ្លួន​បែប​ណា​​​​​?

 

 

«វា​ជា​​លើក​​ដំបូង​ដែល​ខ្ញុំ​ជិះ​យន្ត​ហោះ។ វា​រំភើប តែ​​​ក៏​គួរឲ្យ​ខ្លាច​​ព្រោះ​គ្មាន​​​នរណា​អាច​ដឹង​ទេ​ថា​អ្វី​ៗ​ក៏​អាច​កើត​ឡើង​​គ្រប់​ពេល​​លើ​មេឃ​»។ ​តារាវី វ័យ​២៤​ឆ្នាំ​រៀប​រាប់​​​អារម្មណ៍​​​​នៃ​ការ​ដំណើរ​ពី​​ភ្នំពេញ​ទៅ​ ញូយ៉ក​កាល​២០១១​​។ ​

«​​ពេល​ចុះ​ពី​យន្ត​ហោះ ភ្លាម​​​ខ្ញុំ​ឃើញ​ជន​បរទេស​ជា​ច្រើន​​កំពុង​តម្រង់​ជួរ​​នៅ​ច្រក​អន្តោប្រវេសន៍​។ ​ខ្ញុំ​​ភ្ញាក់​​ថា Wow!​ សូម្បី​ជន​បរទេស​ហើយ ​ក៏​ចង់​​ទៅ​​អាមេរិក​ដូច​យើង​ដែរ​​?​ មែន​ហើយ​​ព្រោះ​អាមេរិក​​ពិត​​ជា​មាន​របៀប​រៀប​រយ មាន​ច្បាប់​ទម្លាប់​មែន​​​»។

 

 

​តារា​វី​ រំលឹក​ថា​​​ត្បិត​​តែ​របៀប​រស់​នៅ​​រវាង​អាមេរិក​ និង​ភ្នំពេញ​ខុស​គ្នា​ដូច​មេឃ​ដី តែ​​វា​​មិន​លំបាក​ខ្លាំង​ពេក​​​ទេ​ ដោយសារ​​​​ម្ដាយ​និង​​ក្រុម​គ្រួសារ​​​កញ្ញា​នៅ​ទី​នោះ​ស្រាប់ ហើយ​​​​​ការ​ទៅ​រស់​នៅ​ទី​នោះ​ជា​ការ​ចង់​បាន​របស់​កញ្ញា​ទៅ​ហើយ​។

 

 

៣​ថ្ងៃ​ដំបូង​ តារាវី នៅ​​ក្នុង​ផ្ទះ​រហូត​ ដោយសារ​​នឿយ​ហត់​ដំណើរ​​វែង​ឆ្ងាយ​​​ផង។​ ហើយ​ប្រមាណ​​​មួយ​ខែ​ ពីរ​ខែ​​ក្រោយ​ទៅ​ដល់​​​ តារាវី ​នៅ​តែ​​មាន​អារម្មណ៍​ថា​មិន​​ស្និទ្ធ​សោះ​នឹង​អ្វី​​ៗ​ជុំ​វិញ​ខ្លួន​។  ជាង​៦​ខែ​ទើប​ តារាវី អារម្មណ៍​ថា​​​សម​​នឹង​គ្រប់​យ៉ាង​​​បាន​ខ្លះ អាច​ទៅ​ណា​មក​ណា​ដោយ​​ការ​ជិះ​ ឡាន​ក្រុង ឬ​រថភ្លើង។

 

 

 

ទោះ​ជា​ តារាវី បាន​រៀន​ដល់​ឆ្នាំ​ទី​​៤​ផ្នែក​អក្សរ​សាស្ត្រ​​​​អង់​គ្លេស​ តែ​នៅ​តែ​​​​​មាន​​​បញ្ហា​ខ្លះ​ៗ ក្នុង​ទំនាក់ទំនង​​។ កញ្ញា​​ពន្យល់​៖​​ «​ពួក​គេ​និយាយ​លឿន​ណាស់ ​ហើយ​របៀប​គេ​​និយាយ ​គឺ​មិន​សូវ​ដូច​យើង​រៀន​នៅ​សាលា​សោះ​ គឺ​របៀប​ Street Language ម៉េច​មិន​ដឹង​ទេ​​។ អីចឹង​​ហើយ​មួយ​រយៈ​ទើប​ខ្ញុំ​​ស៊ាំ​»។

 

 

កញ្ញា​ថា​អ្វី​​ដែល​​ខុស​គ្នា​ឆ្ងាយ​ពី​កម្ពុជា​​​ខ្លាំង​នោះ​ គឺ​​មនុស្ស​ម្នា អាហារ វប្បធម៌ និង​អាកាសធាតុ​តែ​ម្ដង។  ​អាមេរិក​ គឺ​ចម្រុះ​ដោយ​រាប់​រយ​ជាតិសាសន៍​​​ ​ប្រមូល​ផ្ដុំ​ដោយ​វប្បធម៌​គ្រប់​ទិសទី​។ ប៉ុន្តែ​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​​រស់​នៅ​ដោយ​ច្បាប់​ទម្លាប់​។ «​​អាមេរិក​កាំង គេ​ចូល​ចិត្ត​និយាយ​អ្វី​ត្រង់​ៗ​​ដោយ​ចំហ។ គេ​ប្រាប់​ថា​ចូល​ចិត្ត​អី ​​ស្អប់​​អី ​​។ គេ​ជួយ​គ្នា​ឲ្យ​តែ​មាន​ហេតុ​ផល​។ ​ដំបូងៗ​​ ខ្ញុំ​ថា​វា​លំបាក​ដែល​រស់​នៅ​ទី​នេះ ​ព្រោះ​ត្រូវ​ធ្វើ​ការ​ហត់​ណាស់​​​ តែ​​​ពី​ម្ង៉ៃ​​ទៅ​ម៉្ងៃ​​ចិត្ត​ខ្ញុំ​ផ្លាស់​ប្ដូរ​ ខ្ញុំ​ចាប់​ផ្ដើម​​សម្រប​​ខ្លួន​​​ខ្លួន​​​​»។

 

 

 

«អ្វី​ដែល​ខ្ញុំ​ឃើញ​​គឺ​ អាមេរិក​ធំ​ណាស់ និង​​ពោរពេញ​ដោយ​សេរីភាព។  វា​ជា​កន្លែង​ដែល​​​​ស្អេកស្កះ​ដោយ​ សុទិដ្ឋិនិយម និង​ឱកាស​សម្រាប់​គ្រប់​គ្នា។ បើ​ពួក​យើង​​មាន​ ក្ដី​សុបិន​ ណា​មួយ​​ ​ត្រូវ​​​ជម្នះ​ដើម្បី​វា គឺ​គ្មាន​អ្វី​ដែល​មក​រក​យើង​ស្រួល​ៗ​ទេ គឺ​​យើង​ត្រូវ​តែ​ប្រឹង។ នៅ​ទី​នេះ​ ពួក​យើង​ធ្វើ​ការ​ច្រើន តែ​ក៏​ទទួល​​បាន​អ្វី​ៗ​ច្រើន​មក​វិញ​ដូច​គ្នា​»។

 

 

«​​រស់​​នៅ​​ទី​​នេះ ខ្ញុំ​អាឡោះអាល័យ​ ​កម្ពុជា​ពិសេស មិត្តភ័ក្ដិ​​ខ្ញុំ​​​។ ខ្ញុំ​​​ត្រូវ​​​​បង្កើត​មិត្ត​ថ្មី​ អ្នក​រួម​ការងារ​ថ្មី និង​អ្នក​ជិត​ខាង​។ ​ប៉ុន្តែ​​ទាំង​នេះ​វា​មិន​បញ្ហា​ធំ​ទេ តែ​អារម្មណ៍​ដិតដាម​​​​​​ដែល​​​​ខ្ញុំ​មាន​នៅ​កម្ពុជា​ទៅ​​វិញ​​ទេ ​​​​នៅ​តែ​​ ធ្វើ​ឲ្យ​ខ្ញុំ​​នឹក​​រលឹក​ គឺ​នៅ​តែ​មាន​អារម្មណ៍​បែប​ហ្នឹង​​។ …. ​ខ្ញុំ​នឹក​​អាហារ​តាម​ផ្លូវ​នៅ ភ្នំពេញ ពង​ទា​កូន ស្លាប​មាន់​​ សាច់​គោ​អាំង ​បាយ​ស្រួប ផាក់​ឡូវ និង​​ច្រើន​មុខ​ទៀត​។ ​ឯ​​នេះ ​​មាន​ BBQ លក់​តាម​​សួន​ដែរ​នៅ​​រដូវ​ក្ដៅ តែ​វា​មិន​ដូច​​នៅ​ស្រុក​យើង​ឡើយ»៕

 

 

តារាវី និង​បង​ប្អូន ថ្ងៃ​​ចូល​ឆ្នាំ​ខ្មែរ​នៅ​វត្ត​​ខ្មែរ​​ក្នុងរដ្ឋ​ ម៉ាស្សា​ឈូសេត ​កាល​២​ឆ្នាំ​មុន

 

 

អត្ថបទ៖ ប៉ែន សុផាន់ណា​​