ស្ដាប់​ចម្លើយ​គួរ​ឲ្យ​សង្ស័យ​របស់ Jessica ពេល​គេ​សួរ​ពី​សង្សារ​លួចលាក់

  • 2015-01-29 19:19:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មករា អតីត​សមាជិក​ក្រុម​ Girls' Generation Jessica បាន​ផ្ដល់​បទ​សម្ភាសន៍​មួយ នៅ​ពេល​ចូលរួម​កម្មវិធី “Yves Saint Laurent Beauté Hong Kong x Google Glass Event at Lane Crawford” អំពី​ទស្សនកិច្ច​របស់​នាង​នៅ​ទីក្រុង​ហុងកុង។ ក្នុង​​សម្ភាស​ន៍​​នោះ អ្នក​សារព័ត៌មាន​ លើក​សំណួរ​អំពី​ការ​ណាត់​ជួប​​របស់​នាង​ជាមួយ​អតីត​មិត្ត​រួម​ក្រុម Yuri និង​សំណួរ​មួយ​ទៀត​ពាក់ព័ន្ធ​នឹង​ Tyler Kwon ដែល​គេ​សង្ស័យ​ថា​ជា​សង្សារ​របស់​នាង។

 

​​នៅ​មុខ​អ្នក​សារព័ត៌មាន​ជា​ច្រើន​នាក់​ តារា​វ័យ ២៥ឆ្នាំ​រូប​នេះ បាន​រៀបរាប់​ពី​អារម្មណ៍​រីករាយ​របស់​នាង​ពេល​មក​ដល់​ទីក្រុង​ហុងកុង ហើយ​នៅ​ពេល​នោះ​អ្នក​កាសែត​សួរ​ ថា​តើ​​នាង​មាន​​ដឹង​ថា Yuri មក​ដល់​ហុងកុង​ ដើម្បី​ចូលរួម​កម្មវិធី "iiJin Fall/Winter 2015 Fashion Show” ដែរ​ ឬ​អត់។ Jessica ឆ្លើយ​តប​ថា នាង​មិន​បាន​ដឹង​រឿង​នេះ​ទេ ហើយ​ក៏​គ្មាន​គម្រោង​ជួប​ Yuri ដែរ។

 

ក្រោយ​មក​អ្នក​កាសែត​បាន​ប្ដូរ​សំណួរ​ថ្មី អំពី​តារា​ហុងកុង​រូប​ណា​ដែល​នាង​ចង់​សម្ដែង​ជាមួយ។ Jessica ប្រាប់​ថា​តារា​សម្ដែង Nicholas Tse និង​នាង​ជា​មិត្ត​ល្អ ដូច្នេះ​នាង​រីករាយ​ជានិច្ច​បើ​សិន​ជា​បាន​សម្ដែង​ជាមួយ​គេ សូម្បី​តែ​ឈុត​ស្នេហា​ក៏​ដោយ។

 

ពេល​នោះ​អ្នក​កាសែត​ម្នាក់​បាន​សួរ​ថា "អ៊ីចឹង មិត្ត​ប្រុស​ (សំដៅ​លើ Tyler Kwon) របស់​កញ្ញា​មិន​ប្រចណ្ឌ​ទេ​?"។ ប៉ុន្តែ​ Jessica បាន​បង្វែរ​ប្រធានបទ​ភ្លាម​ៗ​ដោយ​​ឆ្លើយ​ថា "ប្រហែល​ជា​អ្នក​ទេ ដែល​ជា​អ្នក​ប្រចណ្ឌ" ធ្វើ​ឲ្យ​គ្រប់​គ្នា​ស្រឡាំងកាំង តែ​ក៏​ផ្ទុះ​សំណើច​ដោយ​សារ​ចម្លើយ​របស់​នាង​ដែរ។

 

ទស្សនា​វីដេអូ​សម្ភាសន៍​ខាង​ក្រោម​នេះ៖

 

 

បន្ទាប់​ពី​ដក​ខ្លួន​ពី​ក្រុម Girls' Generation កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៤ Jessica បាន​ផ្ដោត​សំខាន់​លើ​ការងារ​ផ្សព្វផ្សាយ​ក្រុមហ៊ុន​ Fashion របស់​ខ្លួន​ដែល​មាន​យីហោ BLANC & ECLARE រួម​ទាំង​សកម្មភាព​សិល្បៈ​ផ្សេង​ៗ​ទៀត​នៅ​ប្រទេស​ចិន និង​ហុងកុង។ ​ពាក្យ​ចចាមអារ៉ាម​ផ្សេង​ៗ​ទៀត​និយាយ​ថា នាង​កំពុង​សម្ងំ​រស់​នៅ​ជាមួយ​មិត្ត​ប្រុស​ Tyler Kwon ដោយ​លួចលាក់​នៅ​ទីក្រុង​ហុងកុង ប៉ុន្តែ Jessica បាន​បដិសេធ​​ចំពោះ​រឿង​នេះ៕

 

ចុច​អាន៖ល្បី​ថា Jessica កំពុង​​រស់​នៅ​ហុងកុង​ជាមួយ​សង្សារ​ជា​បុរស​​អ្នក​មាន​

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ allkpop

អត្ថបទពេញនិយម
អត្ថបទថ្មី