ទី​បំផុត​ម៉ាឡេស៊ី​អះអាង​ថា MH370 ជួប​ឧប្បត្តិហេតុ ឯ​ជន​រង​គ្រោះ​ស្លាប់​ទាំង​អស់

  • 2015-01-30 15:34:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទីបំផុត ក្ដី​សង្ឃឹម និង​ការ​ទន្ទឹង​រង់ចាំ​របស់​ក្រុម​គ្រួសារ​ជនរងគ្រោះ​លើ​ជើង​ហោះហើរ MH370 បាន​រលាយ​សូន្យ​ឈឹង​ទាំង​មិន​ជ្រះ​ស្រលះ​ក្នុង​ចិត្ត បន្ទាប់​ពី​មន្ត្រី​រដ្ឋាភិបាល​ម៉ាឡេស៊ី​ធ្វើការ​អះអាង​​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា យន្តហោះ​ដែល​​ដឹក​មនុស្ស​សរុប ២៣៩​នាក់​នោះ បាន​ជួប​ឧប្បត្តិហេតុ។ ចំណែក​ឯ​ជន​រង​គ្រោះ​ស្លាប់​ទាំង​អស់ ដោយ​គ្មាន​នរណា​ម្នាក់​នៅ​រស់រាន​មាន​ជីវិតឡើយ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ​សារព័ត៌មាន BBC របស់​អង់គ្លេស កាល​ពី​យប់​មិញ​នេះ។

 

 

ការ​ប្រកាស​ពី​គ្រោះ​ថ្នាក់ ធ្វើ​ឡើង​មុន​ពេល​រក​ឃើញ​តួ​យន្តហោះ​ទៅ​ទៀត ខណៈ​ប្រតិបត្តិការ​រុករក​នៅ​តែ​បន្ត​ធ្វើ​ឥត​ស្រាកស្រាន្ត។ គិត​មក​ដល់​ត្រឹម​ពេល​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​ពុំ​ទាន់​រក​ឃើញ​ដាន​ណា​មួយ ទាក់​ទង​នឹង​យន្តហោះ​ដឹក​អ្នក​ដំណើរ​ឆ្ពោះ​ទៅ​រដ្ឋធានី​ប៉េកាំង​នេះ​ទេ ចាប់​តាំង​ពី​បាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី០៨ ខែ​មិនា ដើម​ឆ្នាំ២០១៤ មក។ មន្ត្រី​ម៉ាឡេស៊ី បាន​បញ្ជាក់​ថា​ប្រតិបត្តិការ​រុករក នៅ​តែ​បន្ត​ធ្វើ​រហូត ប៉ុន្តែ​មនុស្ស​ទាំង ២៣៩​នាក់​នៅ​លើ​យន្តហោះ ពេល​នេះ​សន្មត​ថា​បាត់បង់​ជីវិត​អស់​ហើយ។

 

ទីតាំង​របស់​យន្តហោះ នៅ​តែ​ពុំ​អាច​ប្រមាញ់​បាន បើ​ទោះ​បី​ជា​មាន​ប្រតិបត្តិការ​រុករក​ដ៏​ធំ​ជា​លក្ខណៈ​អន្តរជាតិ​នៅ​សមុទ្រ​ឥណ្ឌា​ភាគ​ខាង​ត្បូង​ក៏​ដោយ។ ការ​អះ​អាង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ នឹង​បើក​ផ្លូវ​ឲ្យ​មាន​ការ​ផ្ដល់​សំណង​ជា​ផ្លូវការ​ទៅ​គ្រួសារ​ជនរងគ្រោះ។ យ៉ាង​ណា​ក្តី មន្ត្រី​ម៉ាឡេស៊ី​បាន​និយាយ​ថា​ការ​រុករក​យន្តហោះ​ដែល​បាត់​ខ្លួន នៅ​តែ​ជា​រឿង​អាទិភាព និង​បន្ត​ទៅ​មុខ​ដោយ​ភាព​ជឿជាក់។

 

​ប្រធាន​នាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ម៉ាឡេស៊ី (DCA) លោក Azharuddin Abdul Rahman បាន​និយាយ​ថា ​​​”ដោយ​ភាព​ក្ដុកក្ដួល​ចេញ​ពី​បេះដូង និង​ទុក​ព្រួយ​ដ៏​ជ្រាល​ជ្រៅ​បំផុត យើង​សូម​អះអាង​ជា​ផ្លូវការ​ថា ​ជើង​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី MH370 បាន​ជួប​ឧប្បត្តិហេតុ​"។ លោក​បាន​បន្ត​ទៀត​ថា "ជនរងគ្រោះ និង​ក្រុមការងារ​​ទាំង ២៣៩​នាក់ នៅ​លើ​នោះ សន្មត​ថា​បាត់​បង់​ជីវិត​អស់​ហើយ"។

 

​ រំលឹក​ឡើង​វិញ ​ជើង​ហោះ​ហើរ MH370 ធ្វើការ​ហោះហើរ​ពី​រដ្ឋធានី​កូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី ទៅ​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​កាល​ពី​ថ្ងៃ​ទី០៨ ខែ​មីនា ឆ្នាំ​២០១៤ កន្លង​ទៅ។ ទាំង​លើ​ផ្ទៃ​ទឹក​រាប់​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា ទាំង​បាត​សមុទ្រ​ក្នុង​រង្វង់​ជាង ៩០០០គីឡូ​ម៉ែត្រ​ក្រឡា​នៃ​មហាសមុទ្រ​ឥណ្ឌា ត្រូវ​រុក​រក​សព្វ​អស់​ហើយ ដោយ​ប្រើ​ទាំង​ឧបករណ៍​ទំនើប​ៗ​ផង ប៉ុន្តែ​មិន​ទទួល​បាន​ដាន​សូម្បី​បន្តិច៕

 

ចុចអានព័ត៌មាន​ជាច្រើន​ទៀតទាក់ទង​នឹង​គ្រោះថ្នាក់ MH370

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ BBC

អត្ថបទថ្មី