ហ្វេសបុក​គំរាម​ប្ដឹង​ភោជនីយដ្ឋាន​មួយ​នៅ​វៀតណាម​

  • 2014-10-04 16:09:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ ហ្វេសបុក​បាន​គំរាម​ប្ដឹង​ភោជនីយដ្ឋាន​មួយ​នៅ​វៀតណាម ដោយសារ​ធ្វើ​អាជីវកម្ម​ទាញ​ផល​ចំណេញ​ពី​ឈ្មោះ​ក្រុមហ៊ុន​ទំនាក់​ទំនង​សង្គម​ដ៏​ធំ​មួយ​នេះ។

 

លោក​ស្រី Nang Ganh ដែល​ជា​ម្ចាស់​ភោជនីយដ្ឋាន Nang Ganh បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ជំនួញ​តូច​មួយ ដោយ​ការ​កុម្ម៉ង់​អាហារ​តាម​ហ្វេសបុក។ ដោយសារ​ការ​បញ្ជា​ទិញ​អាហារ​តាម​​ហ្វេសបុក​មាន​ការ​កើន​ឡើង​ជា​លំដាប់ ម្ចាស់​ភោជនីយដ្ឋាន​នេះ​មាន​បំណង​បើក​ទៅ​ជា​កន្លែង​រកស៊ី​ជាក់លាក់​មួយ ហើយ​បន្ទាប់​មក​នាង​បាន​បញ្ចេញ​គំនិត​នោះ​តាម​​​ហ្វេសបុក និង​ស្នើ​សុំ​ការ​ជួយ​ឧបត្ថម្ភ​ពី​មិត្តភ័ក្ដិ​។

 

ក្រោយ​មក​គំនិត​របស់​នាង​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ​ជា​ច្រើន និង​ប្រមូល​ដើមទុន​បាន​ប្រហែល ៣ ម៉ឺន​ដុល្លារ បង្កើត​ជា​ភោជនីយដ្ឋាន​មួយ​ដែល​មាន​ពាក្យ​ស្លោក​ថា "ភោជនីយដ្ឋាន​ទី​មួយ​ដែល​កើត​ចេញ​ពី​ហ្វេសបុក"។

 

​​​​​​​​ពេល​នេះ ក្រុមហ៊ុន​​ហ្វេសបុក​បាន​គំរាម​ប្ដឹង Nang Ganh ប្រសិន​បើ​នាង​មិន​ព្រម​ដក​ពាក្យ​ហ្វេសបុក​ចេញ​ពី​ពាក្យស្លោក​ទេ​នោះ។ ក្រុមហ៊ុន​យក្ស​ដែល​មាន​អ្នក​ប្រើប្រាស់​​បណ្ដាញ​សង្គម​របស់​ខ្លួន​ជាង​១​ពាន់​លាន​នាក់ បាន​ផ្ញើ​លិខិត​ផ្លូវការ​មួយ​ទៅ Nang Ganh ដោយ​បញ្ជាក់​ថា ពាក្យ​ស្លោក​នេះ​នាំ​ឲ្យ​គេ​យល់​ច្រឡំ​ថា​ភោជនីយដ្ឋាន​បើក​ដំណើរ​ការ​ និង​គាំទ្រ​ដោយ​ក្រុមហ៊ុន​ហ្វេសបុក។

 

​​​​​ទោះ​យ៉ាង​ណា ម្ចាស់​ភោជនីយដ្ឋាន​បាន​និយាយ​ថា នាង​មិន​ដែល​មាន​បំណង​ចង់​ទាញ​យក​ផល​ចំណេញ​ពី​ហ្វេសបុក​ទេ ហើយ​នាង​សង្ឃឹម​ថា​នឹង​មាន​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ដ៏​ធំ​នេះ ព្រោះ​បើ​ប្ដូរ​ពាក្យ​ស្លោក​ភោជនីយដ្ឋាន ត្រូវ​ចំណាយ​ប្រាក់​ប្រហែល ១ ម៉ឺន​ដុល្លារ​ឯណោះ៕

 

-អាន​អត្ថបទ "ប៉ូលិស​​​​​យក​​មង​ស្ទាក់​ចាប់​​ក្មេង​​ប្រណាំង​​ម៉ូតូ​​​តាម​​ផ្លូវ​"

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ news.asiantown

 

អត្ថបទថ្មី