ប្រព័ន្ធ​បច្ចេកវិទ្យា​​កំពុងដើរ​តួនាទីសំខាន់​​ ក្នុង​ការ​ទប់​ស្កាត់​​អំពើ​ហិង្សា​លើ​ស្ត្រី​​

  • 2015-02-07 01:15:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​វិវឌ្ឍន៍​​ខ្លាំង​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​​ចុង​​ក្រោយ​នេះ​​ ​កំពុង​ចូល​រួម​ចំណែក​​យ៉ាង​ខ្លាំង​ក្លា​ ទប់​ស្កាត់​​អំពើ​ហិង្សា​​​លើ​​ស្ត្រី និង​កុមារ​។​​ ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទាំង​នោះ​​មាន​ទូរសព្ទ​ចល័ត​ទាន់​ហេតុការណ៍(Hot Line)​​ បណ្ដាញ​សង្គម​ Facebook Twitter  Line  និង​ blog ​ជា​ដើម​​។ ​ថ្លែង​​ក្នុង​សិក្ខាសាលា​​ស្តី​ពី​ការ​​បញ្ឈប់​អំពើ​ហិង្សា​លើ​​ស្ត្រី​នៅ​កម្ពុជា​ តាម​រយៈ​ការ​​បង្កើត​ថ្មី​ នៃ​បច្ចេកវិទ្យា​ទូរសព្ទ​ចល័ត​​នៅ​​​មជ្ឈមណ្ឌល​​សហប្រតិបត្តិ​ការ​កម្ពុជា-​ជប៉ុន កាល​ពី​ព្រឹក​មិញ​​​​ លោក​​ជំទាវ​ អ៊ឹង កន្ថាផាវី​ ​​រដ្ឋមន្ត្រី​​ក្រសួង​​កិច្ច​ការ​​​នារី​ បាន​ថ្លែង​​ថា​ ​​​គុណ​សម្បត្តិ​នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​​​មាន​លក្ខណៈ​ទូលំទូលាយ​ ​ឆាប់​រហ័ស ពិសេស​​អាច​ឲ្យ​​ជន​រង​គ្រោះ​​ស្វែង​រកការ​​អន្តរាគមន៍​​ពី​សមត្ថកិច្ច​ទាន់​ពេល​វេលា​​​។ ប៉ុន្តែ​យ៉ាង​ណា​មិញ​​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​​បច្ចេកវិទ្យា​​​នេះ​ក៏​នាំ​​មក​ផល​អវិជ្ជមាន​​ផង​ដែរ​​ តួយ៉ាង​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​មួយ​ចំនួន ​បាន​​​​ចែក​​ចាយ​រូបភាពមិន​សមរម្យ​ ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់សិទ្ធិ​ស្រ្តី​។​

  https://www.youtube.com/watch?v=N451qh5kJao  

 

លោក​ជំទាវ​ បន្ថែម​ថា​ ប្រព័ន្ធ​​អ៊ីនធឺណិត​​​បាន​ផ្តល់​ឱកាស​ឲ្យ​ស្ត្រី​បាន​ដឹង​ពី​ព័ត៌មាន ​ចំណេះ​ដឹង​ និង​ការ​បទពិសោធន៍​ គំនិត​ច្នៃប្រឌិត ​ការ​ផ្តល់​នូវ​ភាព​អង់អាច​ដល់​ស្ត្រី​វ័យ​ក្មេង ​ជា​ពិសេស​ជួយ​ផ្លាស់​ប្តូរ​អាកប្បកិរិយា​អវិជ្ជមានរបស់​​​​ស្ត្រី​​​​កម្ពុជា​។

 

អ្នក​នាង ប៊ុន​ រចនា​ ​​​ម្ចាស់​ជយលាភី​មួយ​​​រូប​ ដែល​សកម្ម​ ក្នុង​ការ​​​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​​ និង​ blog  ចែក​​ចាយ​ព័ត៌មាន និង​ខ្លឹម​សារ​ ទប់​ស្កាត់​​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​លើ​ស្រ្តី​​​មាន​​អារម្មណ៍​រីករាយ​ជា​ខ្លាំង ដែល​វេទិកា​នេះ​​បាន​លើក​​យក​បញ្ហា​របស់​ស្រ្តី​​មក​ពិភាក្សា​​  ​ជា​ពិសេស​ការ​ជម្រុញ​ឲ្យ​មាន​ការ​​ប្រើប្រាស់​​ជា​វិជ្ជមាន​​លើ​កកម្ពស់​​សិទ្ធិ​ស្ត្រី​។

 

ទន្ទឹម​គ្នា​ដែរ កញ្ញា ស៊ុំ ដានី​  ​​ម្ចាស់​ជយ​លាភី​ម្នាក់​​ផេ្សង​​ទៀត​​បាន​រៀបរាប់​ថា​ ​ខ្លួន​​នឹង​​នៅ​តែ​បន្ត​ ​ចែក​រំលែក​ព័ត៌មាន​ទប់ស្កាត់​ការ​​​ប្រើ​ប្រាស់​អំពើ​ហិង្សា​លើ​ស្ត្រី​ និង​កុមារ ហើយ​ត​ទៅ​សង្ឃឹម​ថា​ យុវជន​​ទាំង​អស់​​គ្នា​​នឹង​ចូល​ផ្សព្វផ្សាយ​បន្ត​​​កាន់​តែ​ច្រើន​​ឡើង​ ​ពិសេស​​ដល់​​បង​ប្អូន​​នៅ​តាម​​ទី​ជន​បទ​​បាន​ដឹង។

 

​តំណាង​សមាគមន៍​ស្ត្រី​ផ្សព្វផ្សាយ​ស្រា​បៀរ​ និង​​ជា​ម្ចាស់​ជយលាភី​​មួយ​រូបទៀតដែរនោះ អ្នក​នាង ស្រី​ ទូច​ ​​ក៏​បាន​លើក​ឡើង​​​​ថា ​សកម្មភាព​​កន្លង​មករបស់​អ្នក​ស្រី​​ ​ក្រៅ​ពីប្រមូល​ផ្តុំ​​ស្រ្តី​ផ្សព្វផ្សាយ​ស្រា​បៀរ​​​មក​ចូល​រួម​សិក្ខាសាលា​ និង​ការ​​ចុះ​អប់រំ​ផ្ទាល់​ សមាគមន៍​​ក៏​មាន​​​ប្រព័ន្ធ​ទូរសព្ទ​ទាន់​ហេតុការណ៍​ ដើម្បី​ឲ្យ​ស្ត្រី​​​អាច​ប្តឹង​ និង​ឈាន​ទៅ​​រក​អន្តរាគមន៍​​បាន​ទាន់​ពេល​ ចំពោះ​​ជន​ណា​ ដែល​បាន​​ធ្វើ​សកម្មភាព​មិនគប្បី​​លើ​​​ស្ត្រី​​​ផ្សព្វផ្សាយ​ស្រា​បៀរ​។​ ​អ្នក​នាង ​បាន​​ចាត់​ទុក​​នេះ​គឺ​ជា​ការ​វិវឌ្ឍន៍​ថ្មី​ទៀត ​​​ដែល​បា​ន​រួម​ចំណែក​ផ្តល់ភាព​ងាយ​ស្រួល​ ក៏ដូច​លើក​កម្ពស់​សិទ្ធិ​ស្ត្រីផងដែរ​។ អ្នក​នាង​ថា តទៅ​សមាគមន៍​​នឹង​ប្រើ​ប្រាស់​មធ្យោបាយ​​ផ្សេង​ទៀត​​មាន​ Facebook Twitter  និង​ blog ​ជា​ដើម​ធ្វើ​ការ​ផ្សព្វផ្សាយ​ឲ្យ​​ភាគី​បុរស​កាន់​តែ​យល់​ច្បាស់​ពី​សិទ្ធិ​ស្រ្តី​៕

 

​​​​​​​​​កញ្ញា ស៊ុំ ដានី​              អ្នក​នាង ស្រី​ ទូច​              អ្នក​នាង ប៊ុន​ រចនា

 

អត្ថបទ៖មៃ សុខលីម

អត្ថបទពេញនិយម