​ប្រវត្តិ​​​​ម្ចាស់​ពាន​ Grammy ​ច្រើន​បំផុត​ឆ្នាំ​ ២០១៥ Sam Smith

  • 2015-02-10 13:00:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ចែក​ពានរង្វាន់​ធំ​បំផុត​ក្នុង​វិស័យតន្ត្រី​​​គឺ​ Grammy Awards ​​ឆ្នាំ​ ២០១៥ ​​ដែល​ទើប​នឹង​ផុត​ គ្រប់​គ្នា​បាន​ឃើញ​មុខ​តារា​ថ្មី​ដែល​ទើប​លេច​មុខ​មិន​បាន​បី​ឆ្នាំ​ស្រួលបួល​ផង​ ​តែ​បែរ​ជា​អាច​ប្រមូល​ពាន​ច្រើន​បំផុត​ដល់​ទៅ​បួន​ម្នាក់​ឯង។ ​​ម្នាក់​នោះ​គឺ​តារា​ចម្រៀង​អង់គ្លេស​ Sam Smith។ ​តើ​បុរស​រូប​នេះ​ មាន​ប្រវត្តិ​បែប​ណា​ មុន​នឹង​ក្លាយ​ជា​តារា​ល្បី​លំដាប់​ពិភពលោក​ដែល​អាច​កើប​​ដើរ​​យក​ពាន​ធំៗ​បែប​នេះ? ​

 
 

​ជីវិត​កុមារភាព

Smith ​កើត​ក្នុង​ទីក្រុង​ឡុងដុង ​ប្រទេស​អង់គ្លេស​ ជា​កូន​របស់​ លោក​ Frederick Smith ​និង​អ្នក​ស្រី Kate Cassidy។ ​Sam Smith ​មាន​ឈ្មោះ​ពេញ​ថា ​Samuel Frederick “Sam” Smith ​​កើត​នៅ​ថ្ងៃ​ទី ​១៩ ​ឧសភា​ ១៩៩២។ គេ​ជា​អតីត​សិស្ស​តន្ត្រី​នៅ​​ផលិតកម្ម​មហោស្រព​តន្ត្រី​យុវជន​អង់គ្លេស ​​និង​ចូលរួម​សម្ដែង​ក្នុង​បទ​ "Oh! Carol” ​ក្នុង​ឆ្នាំ​ ២០០៧។ ​​​មុន​នឹង​ចូល​ក្នុង​ផលិតកម្ម​ខាង​លើ​គេ​ធ្លាប់​ចូល​រួម​ជាមួយ​ក្រុម​តន្ត្រី​ Jazz ​ជា​ច្រើន​វង់។ ​​Smith ​បាន​សិក្សា​ផ្នែក​ចម្រៀង​ និង​និពន្ធ​ជាមួយ​​តន្ត្រីករ​ព្យាណូ​ និង​អ្នក​ចម្រៀង​​ Jazz ​លោក​ស្រី​ Joanna Eden ​​ជា​ច្រើន​ឆ្នាំ។

 

ជីវិត​ឯកជន

ក្នុង​ខែ​ឧសភា ​២០១៤ ​Smith ​បាន​ប្រកាស​​ឲ្យ​សាធារណជន​ដឹង​ថា ​គេ​ជា​ប្រភេទ​បុរស​និយម​ភេទ​ដូចគ្នា។ ​​​ដៃគូ​​មុន​របស់​គេ​មាន​ឈ្មោះ​ថា ​Jonathan Zeizel។ ​​​ក្នុង​បទ​សម្ភាស​ជាមួយ​ 4Music ​​លោក​​ធ្លាប់​លើក​ឡើង​​ពី​បញ្ហា​ដែល​ខ្លួន​មាន​គឺ​ជំងឺ​​ផ្នែក​អារម្មណ៍​ (obsessive–compulsive disorder)។ ​តារា​ចម្រៀង​ពីរ​រូប​គឺ​ Adele ​និង​ Amy Winehouse ​​ជា​តារា​សំណព្វចិត្ត​ Smith ​ដែល​​គេ​ព្យាយាម​ធ្វើ​តាម​បំផុត។ ​​​ក្រៅ​ពី​នេះ​ តារា​ចម្រៀង​ស្រី​ជា​ច្រើន​រូប​​ទៀត​ដូចជា​ Lady Gaga, ​Christina Aguilera, Beyonce, ​Whitney Houston​ និង​ Mariah Carey ​ក៏​ជា​តារា​ដែល​គេ​ចូលចិត្ត​ដែរ។ ​ជា​រឿង​ដែល​គួរ​ឲ្យ​អស់​សំណើច​គឺ​តារា​ចម្រៀង​ម្ចាស់​ពាន​ច្រើន​បំផុត​នៅ​ Grammy ​រូប​នេះ​​ស្ដាប់​តែ​បទ​ចម្រៀង​ស្រី​ទេ​ពី​មុន​មក។ ​ទើប​តែ​ពីរ​បី​ឆ្នាំ​ចុងក្រោយ​ទេ​ដែល​គេ​បែរ​មក​ស្ដាប់​បទ​ចម្រៀង​ប្រុស​វិញ។

 

ជីវិត​ក្នុង​វិស័យ​តន្ត្រី

 
 

​កេរ្តិ៍ឈ្មោះ​របស់​តារា​រូប​នេះ​​ផ្ដើម​ចេញ​ពី​បទ​ចម្រៀង​ល្បី​​ "Latch” ​ក្នុង​ខែ​តុលា​ ឆ្នាំ​ ២០១២ ​​ជាមួយ​ក្រុម​​តន្ត្រី​អង់គ្លេស​ Disclosure ​ដែល​​​ឈរ​លេខ​ ១១ ​នៅ​លើ​​តារាង​បទ​ចម្រៀង​ទោល​​​​​អង់គ្លេស។ ​​ក្រោយ​មក​នៅ​ខែ​ឧសភា​​ ២០១៣ ​​​​បទ​ចម្រៀង​​​ "Naughty Boy's “La La La” ​​​របស់​ Sam ​​បាន​​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​ ១ ​​ក្នុង​តារាង​ចំណាត់ថ្នាក់​បទ​ចម្រៀង​ដដែល។ ​ក្នុង​ខែ​ធ្នូ ​២០១៣ ​ឈ្មោះ​របស់​ Sam Smith ​ត្រូវ​បាន​គេ​ចាត់​បញ្ចូល​ក្នុង​បញ្ជី​បេក្ខភាព​​ពានរង្វាន់​ 2014 BRIT Critics' Choice Award ​និង​ការ​ស្ទង់​មតិ​តារា​ចម្រៀង​សំឡេង​ល្អ​បំផុត​របស់​វិទ្យុ​ BBC ​ឆ្នាំ ​២០១៤ ​ដែល​​រូប​គេ​ឈ្នះ​​ទាំង​ពីរ។ ​

 

អាល់ប៊ុម​​ស្ទូឌីយោ​ទី​មួយ​របស់​គេ​មាន​ចំណងជើង​ថា ​"In The Lonely Hour” ​​​ដែល​មាន​បទ​ "Lay Me Down” ​​ជា​បទ​ចម្រៀង​សំខាន់​ជាង​គេ​ និង​បទ​​ "Money on My Mind” ​បាន​ឈរ​ចំណាត់ថ្នាក់​​បទ​ចម្រៀង​ទោល​លេខ​ ១​ នៅ​អង់គ្លេស​​​ជា​ថ្មី។ ​ក្រោយ​មក​គេ​បាន​ចេញ​បទ​ចម្រៀង​ទោល​ "Stay with Me” ​​បន្ត​ទៀត​ ដែល​បទ​នេះ​ជា​បទ​ដែល​ទទួល​ជោគជ័យ​ជា​អន្តរជាតិ​ ​ពោល​គឺ​ឈរ​​ចំណាត់ថ្នាក់​​​លេខ​១ ​នៅ​អង់គ្លេស​ និង​​លេខ ២ ​នៅ​លើ​តារាង​​ Billboard Hot 100 ​របស់​អាមេរិក។ ​​​បទ​ចម្រៀង​ទោល​ទី​ ៥ ​របស់​គេ​គឺ​បទ​ "I'm Not the Only One” ​បាន​ឈរ​ចំណាត់ថ្នាក់​​បទ​ចម្រៀង​កំពូល​ទាំង​ ៥ ​​នៅ​អង់គ្លេស​​ និង​អាមេរិក។ ​​បទ​ចម្រៀង​ទោល​ទី ៥​ របស់​តារា​ចម្រៀង​វ័យ​ ២២ ​ឆ្នាំ​​គឺ​ បទ​ "Like I Can” ​បាន​ឈរ​ចំណាត់ថ្នាក់​លេខ​ ៩ ​នៅ​អង់គ្លេស។​

 

​ដោយសារ​ជោគជ័យ​ទៅ​លើ​បទ​ចម្រៀង​ទាំង​ ៥ ​បទ​ខាង​លើ​​ Sam Smith ​ត្រូវ​បាន​គេ​ចាត់​បញ្ចូល​ជា​បេក្ខភាព​ប្រជែង​​ពាន​ Grammy Awards ​​​ដល់​ទៅ​ ៦ ​​ផ្នែក​ផ្សេង​គ្នា ​ហើយ​ក្នុង​​នោះ​គេ​ឈ្នះ​បាន​ដល់​ទៅ​ ៤ ​ពាន​ដែល​ជា​បេក្ខជន​ឈ្នះ​ពាន​ច្រើន​​បំផុត​ពី​កម្មវិធី​តន្ត្រី​ធំ​បំផុត​ ក្នុង​លោក​នេះ​រួ​ម​មាន​​ពាន​ ​Best Pop Vocal Album, ​​Record of the Year, ​Song of the Year ​និង​ ​Best New Artist៕

 

បទ​ចម្រៀង​ល្បី​របស់​ Sam Smith៖ http://youtu.be/nCkpzqqog4k http://youtu.be/pB-5XG-DbAA http://youtu.be/3O1_3zBUKM8

អាន៖ ដល់​ក…ហង្សមាស​បើក​ផលិតកម្ម​មួយ​ទៀត​ទទួល​បេក្ខជន The Voice Cambodia ១៥​នាក់

 

ប្រភព៖ ​Wiki

អត្ថបទពេញនិយម