ហេតុ​អី​​អាហារ​​លើ​​ដី​ និង​លើ​យន្តហោះ​ដូចគ្នាសោះ​​ តែ​រសជាតិ​ខុស​គ្នា​​ស្រឡះ?

  • 2015-02-11 15:47:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​​អ្នក​​ធ្លាប់​ដឹង​ទេ​​ថា ​​អាហារ​ដួស​​ចេញ​ពី​ឆ្នាំង​តែ​មួយ​ ដោយ​​មួយ​ញ៉ាំ​នៅ​លើ​ដី​ និង​មួយ​ទៀត​​ញ៉ាំ​នៅ​លើ​យន្តហោះ​​មាន​​​​​រស​ជាតិ​​​ខុស​គ្នា? អ្នកធ្វើ​ដំណើរ​​លើ​យន្តហោះ​​មិន​តិច​ទេ​ ដែល​ធ្លាប់​រអ៊ូរទាំ​​​ថា​​ អាហារ​លើ​យន្តហោះ​មិន​សូវ​មាន​​ជាតិ​ទាល់​តែសោះ​។ ចំពោះ​អ្នក​ដែល​ធ្លាប់​ធ្វើ​ដំណើរ​តាម​យន្តហោះ​ប្រហែល​ជា​ធ្លាប់​ដឹង​មក​ហើយ​ថា រសជាតិ​អាហារ​នៅ​លើ​អាកាស ខុស​គ្នា​នឹង​រសជាតិ​អាហារ​នៅ​លើ​ដី​យ៉ាង​ម៉េច​នោះ​។ ការ​បក​ស្រាយ​ខាង​ក្រោម​នឹង​អាច​​ប្រាប់​ប្រិយមិត្ត​ថា​ ​ហេតុ​អ្វី​បាន​ជា​អាហារ​​នៅ​លើ​យន្តហោះ ​និង​លើ​ដី​ដូចគ្នា​សោះ​ តែ​​បែរ​ជា​មាន​​រសជាតិ​ខុស​​ស្រឡះ​​ទៅ​វិញ​។

 

 

១. ភាព​ស្ងួត និង​សម្ពាធ​ខ្យល់​ទាប

នៅ​ពេល​អ្នក​ឈាន​ជើង​ឡើង​យន្តហោះ បរិយាកាស​​​នៅខាង​​ក្នុង​ (យន្តហោះ) នឹង​ជះ​ឥទ្ធិពល​លើ​ឃានវិញ្ញាណ​របស់​អ្នក​មុន​គេ។ ក្រោយ​មក​ទៀត ពេល​ដែល​យន្តហោះ​ ហោះ​ឡើង​កាន់​តែ​ខ្ពស់ សម្ពាធ​ខ្យល់ ​និង​សំណើម​​នឹង​ធ្លាក់​ចុះ។ នៅ​រយៈ​កម្ពស់​ប្រហែល ៩គីឡូម៉ែត្រ សំណើម​​មាន​​តែ​ ១២ភាគ​រយ​ប៉ុណ្ណោះ ដែល​ស្ងួត​ជាង​នៅ​លើ​វាល​ខ្សាច់​ខ្លះ​​ទៅ​ទៀត។

 

បើ​តាម​ការ​សិក្សា​របស់​វិទ្យាស្ថាន​ផ្នែក​រូបវិទ្យា​ Fraunhofer របស់​អាល្លឺម៉ង់​កាល​ពី​ឆ្នាំ ២០១០​ បាន​ឱ្យ​ដឹង​ថា កាល​ណា​ភាព​ស្ងួត​និង​សម្ពាធ​ខ្យល់​ទាប​ លាយ​ឡំ​គ្នា នោះ​រសជាតិ​ផ្អែម​និង​ប្រៃ​ ដែល​អណ្តាត​ទទួល​បាន​ នឹង​ត្រូវ​បាន​កាត់​បន្ថយ​ប្រហែល ៣០ភាគរយ តែ​ចំពោះ​រសជាតិ​ផ្សេង​ទៀត​លើ​អាហារ​ដូច​ជា​មិន​ប៉ះ​ពាល់​នោះ​ទេ​។ ​​ដូច្នេះ​ហើយ​ទើប​អ្នក​ដំណើរ​លើ​យន្តហោះ​ខ្លះ​ ឆ្ងល់​ថា​ហេតុ​អ្វី​បាន​ជា​អាហារ​លើ​យន្តហោះ​មាន​រសជាតិ​សាបៗ។

 

 

នៅ​លើ​យន្តហោះ​ ការ​ប្រើ​ប្រាស់​គ្រឿង​ផ្សំ​សម្រាប់​អាហារ គឺ​ត្រូវ​​ប្រិតប្រៀង​​ខ្លាំង​ជាង​លើ​ដី​ ដើម្បី​ធានា​រសជាតិ​នៃ​អាហារ​នីមួយៗ​ ឱ្យ​នៅ​តែ​ឆ្ងាញ់​ពិសារ​។ នេះ​បាន​ន័យ​ថា​អាហារ​មួយ​ចំនួន​ត្រូវ​ដាក់​អំបិល ​ម្រិច ឬ​ស្ករ​ច្រើន​ជាង​អាហារ​លើ​ដី។

 

ការ​សិក្សា​មួយ​ទៀត​​របស់​អ្នក​ជំនាញ​ចិត្តសាស្ត្រ​បាន​ឱ្យ​ដឹង​ថា សំឡេង​ក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​អ្នក​គិត​ថា អាហារ​ដែល​អ្នក​កំពុង​ញាំ​មិន​សូវ​ប្រៃ​និង​ផ្អែម​នោះ​ទេ ជាពិសេស​គឺ​សំឡេង​យន្តហោះ​។ ជាក់​ស្តែង​នៅ​ក្នុង​វីដេអូ​ ធ្វើ​​តែស្ត​ខាង​ក្រោម បាន​បង្ហាញ​ថា​  ពេល​​មាន​សំឡេង​រំខាន​ខ្លាំង ខណៈ​​​​កំពុង​ញ៉ាំ​​អាហារ​អ្វី​មួយ​ នោះ​​​អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា អាហារ​មិន​សូវ​ជា​ប្រៃ​និង​ផ្អែម​ប៉ុន្មាន​ទេ ដែល​ផ្ទុយ​ទៅ​នឹង​​ការ​ញ៉ាំ​អាហារ​មាន​ភាព​ស្ងៀមស្ងាត់​ ​គ្មាន​សំឡេង​រំខាន​​ខ្លាំង ​អ្នកនឹង​​ចូលចិត្ត​អាហារ​​នោះ​ជាង​​។

 

វីដេអូ៖ 

 

 

២. ការ​​រក្សា​អាហារ​​

ដើម្បី​រក្សារ​សុវត្ថិភាព​​លើ​យន្តហោះ  អាហារ​ទាំង​អស់​គឺ​ត្រូវ​ចម្អិន​លើ​ដី​ទុក​បម្រុង​ ដូច្នេះ​ការ​រក្សា​អាហារ​ជាពិសេស​កម្តៅ​ អាច​នឹង​មិន​ងាយ​ស្រួល ហើយ​រស់​ជាតិ​ទៀត​សោត​ក៏​ត្រូវ​បាត់​បង់។​

 

ចំពោះ​ការ​កម្តៅ​អាហារ​លើ​យន្តហោះ​ គឺ​​​ត្រូវ​ប្រើ​ម៉ាស៊ីន​កម្តៅ​ម្យ៉ាង (convection oven)​ ដែល​ប្រើ​ខ្យល់​ស្ងួត​និង​មាន​កម្តៅ​ ដើម្បី​កម្តៅ​អាហារ​ (តែ​មិន​​ប្រើ​ម៉ាស៊ីន​ Microwaves នោះ​ឡើយ)។ ម្យ៉ាង​ទៀត​ ដើម្បី​ស្វែង​យល់​ពី​រសជាតិ​អាហារ​លើ​អាកាស​ ក្រុមហ៊ុន​អាកាសចរ​ ជា​ច្រើន​បាន​ធ្វើ​ពិសោធន៍​​ញ៉ាំ​អាហារ​ផ្ទាល់​នៅ​លើ​យន្តហោះ​ ដូច​ដែល​អ្នក​ដំណើរ​បាន​ធ្វើ ដើម្បី​អាច​ធ្វើ​អាហារ​ដែល​ត្រូវ​ចិត្ត​អ្នក​ដំណើរ​។ ​​​​​​​

 

៣. រសជាតិ​ស្រា​​​​

ចំពោះ​រសជាតិ​ស្រា (Wine) ​វិញ​ គឺ​ត្រូវ​ដូរ​ភ្លាម​ៗ​នៅ​ពេល​យន្តហោះ​ ហោះ​ខ្ពស់​ទៅ​លើ​អាកាស​។ ធម្មតា​នៅ​លើ​ដី ស្រា​មាន​រសជាតិ​​ផ្លែ​ឈើ​ឆ្ងាញ់ ​និង​មិន​សូវ​ល្វីង​ តែ​ដល់​ពេល​ផឹក​វា​លើ​យន្តហោះ​នៅ​រយៈ​កម្ពស់​ខ្ពស់​ បែរ​មាន​រសជាតិ​ស្រាល ​ល្វីង​ខ្លាំង​ និង​ឡើង​ជាតិ​អាស៊ីត​ទៅ​វិញ។ ​នេះ​បើ​តាម​លោក Liam Steevenson ជា​អ្នក​គ្រប់​​ក្រុមហ៊ុន​ចែក​ចាយ​ស្រា​ Red & White ​ ​មួយ​នៅ​អង់គ្លេស​។ ​​​

 

 

ដូច្នេះ ទើប​ធ្វើ​ឱ្យ​អ្នក​ដំណើរ​មួយ​ចំនួន​មាន​អារម្មណ៍​ប្លែក​ ពេល​ផឹក​ស្រា​នៅ​លើ​យន្តហោះ។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ក្រុមហ៊ុន​អាកាស​ចរ​ទាំង​អស់​ត្រូវ​ជ្រើស​រើស​ស្រា​ណា​ ដែល​មាន​រសជាតិ​ផ្លែ​ឈើ​ រួម​នឹង​ជាតិ​អាល់កុល​និង​ជាតិ​ល្វីង​តិច​​ ដើម្បី​តម្រូវ​តាម​សម្ពាធ​នៅ​លើ​អាកាស។ ​​ចំពោះ​​ភេសជ្ជៈ​ផ្សេង​ទៀត គឺ​អាច​នឹង​រង​ការ​ប៉ះពាល់​ដូច​គ្នា​អញ្ចឹង​ដែរ​។

 

ប៉ុន្តែ​លោក​បាន​ឱ្យ​ដឹង​ថា​ ទោះ​ជា​យ៉ាង​ណា​ស្រា​នៅ​តែ​ជា​ភេសជ្ជៈ​ ដែល​ពិបាក​នឹង​រក្សា​រសជាតិ ដូច្នេះ​លោក​ផ្តល់​យោបល់​ថា អ្នក​ដំណើរ​លើ​យន្តហោះ​ទាំង​អស់​គួរ​ប្រញាប់ប្រញាល់​ញ៉ាំ​​ ​នៅ​ពេល​ឡើង​ជិះ​យន្តហោះ​ភ្លាម​ ដើម្បី​ទទួល​បាន​រសជាតិ​ដើម​របស់​ស្រា៕

 

ចំពោះ​ប្រិយមិត្ត​ដែល​​​ធ្លាប់​​​ជិះ​យន្តហោះ  គិត​ថា​អាហារ​​មាន​រសជាតិ​យ៉ាង​ម៉េច​ដែរ?

 

អាន៖ អូ​អីចឹង​ទេ​អាហារ​​អ្នក​អវកាស​​ មនុស្ស​ភាគ​ច្រើន​មិន​ដែល​ឃើញ​ទេ

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ bbc