គ្រូត្រាយអាស៊ី៖ «បើ​គ្មាន​កាត​ក្រហម​ ក្រុម​ខ្ញុំ​នឹង​ស្វិតស្វាញ​ជាង​នេះ»

  • 2015-02-12 22:14:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឈូក ពិសិដ្ឋ គ្រូ​បង្វឹក​ក្រុម​ត្រាយអាស៊ី​ភ្នំពេញ នៅ​តែ​មាន​ជំនឿ​ចិត្ត​ថា ប្រសិន​បើ​ក្រុម​លោក​នៅ​សល់​គ្នា ១១ នាក់​ ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ពាន​រង្វាន់ Hun Sen Cup 2015 ម្សិលមិញ នោះ​ការ​ប្រកួត​នឹង​ស្វិតស្វាញ និង ល្អ​មើល​​លើស​មួយ​កម្រិត​ទៀត។

 

 

លោក ឈូក ពិសិដ្ឋ គ្រូ​ក្រុម​ត្រាយអាស៊ី

 

លោក​គ្រូ​បង្វឹក​វ័យ​ក្មេង​កាន់​កិច្ចការ​ធំ​បបណ្ដោះអាសន្ន​រូប​នេះ​​លើក​ឡើង​ក្រោយ​ចប់​ការ​ប្រកួត​ថា៖ «ខ្ញុំ​ទទួល​យក​ការ​ប្រកួត​នេះ​បាន ហើយ​ខ្ញុំ​មាន​មោទនភាព​ដែល​កូន​ក្រុម​លេង​បាន​ល្អ ធ្វើ​បាន​ល្អ​ទោះ​មាន​គ្នា​​ត្រឹម ១០ នាក់​ក៏​ដោយ»។ លោក​មិន​មាន​ប្រតិកម្ម​ចំពោះ​លោក​អាជ្ញាកណ្ដាល ថោង ច័ន្ទកិត្យា ដែល​សម្រេច​ពិន័យ​កាត​ក្រហម​ដល់​​កីឡាករ​របស់​លោក នុត ស៊ីនួន នៅ​នាទី ៣០ នៃ​ការ​ប្រកួត​នេះ​នោះ​ទេ ដោយ​លើក​ឡើង​ថា​ជា​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល។

  ត្រាយអាស៊ីភ្នំពេញ បាន​ប្រកួត​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​ស្វាយរៀង ២ ទល់ ០ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ២ គ្រាប់​របស់​ស្វាយរៀង រក​បាន​ដោយ​​ប្រធាន​ក្រុម ប្រាក់ មុន្នីឧត្តម នៅ​នាទី ៤០ និង ៨៨។  

ត្រាយអាស៊ី ​ទើប​តែ​បង្កើត​​ឡើង​នៅ​​ខែ​ធ្នូ ចុង​ឆ្នាំ ២០១២ ប៉ុណ្ណោះ ហើយ​ចូល​ឆ្នាំ ២០១៣​ក្រុម​មួយ​នេះ​បាន​ឈ្នះ​​ជើង​ឯក​នៅ​ក្របខណ្ឌក១ មុន​​បង្ហាញ​ខ្លួន​នៅ​លីក​កំពូល​កម្ពុជា ក្នុង​រដូវកាល ២០១៤ កន្លង​ទៅ​ ថែម​ទាំង​​ឈរ​ចំណាត់​ថ្នាក់​លេខ ៥ ក្នុង​ចំណោម​ក្រុម​ទាំង ១២ ទៀត​ផង។ នេះ​ជា​ឆ្នាំ​ទី២ ហើយ​ដែល​ត្រាយអាស៊ី បង្ហាញ​ខ្លួន​ក្នុង​ពាន​រង្វាន់ Hun Sen Cup ខណៈ​ឆ្នាំ​មុន​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល​ ក្រោយ​ប្រកួត​ស្មើ​ភ្នំពេញក្រោន ១ – ១ តែ​ចាញ់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ១ – ០ និង ឈ្នះ​ក្រុម​ខេត្ត​កំពង់ឆ្នាំង ១៥ – ០។

 

ជម្រើស ១១ នាក់​ដំបូង​របស់​ក្រុម​ត្រាយអាស៊ី​ ម្សិលមិញ

 

លោក ឈូក ពិសិដ្ឋ សូម​អភ័យទោស​ដល់​អ្នកគាំទ្រ​ក្រុម​ខ្លួន​ទាំង​អស់​ដែល​ខកខាន​កៅអី​វគ្គ​​ផ្ដាច់ព្រ័ត្រ ប៉ុន្ដែ​លោក​សន្យា​ថា​នឹង​ប្រឹងប្រែង​រក​ចំណាត់​លេខ ៣ ចាក​ក្នុង​ប្រវត្តិសាស្ត្រ​ក្រុម​ឱ្យ​បាន។

 
 

លោក សំ វ៉ាន់ដេត គ្រូ​បង្វឹក​របស់​ក្រុម​ខេត្ត​ស្វាយរៀង

 

ចំណែក​លោក សំ វ៉ាន់ដេត គ្រូ​បង្វឹក​ក្រុម​ខេត្ត​ស្វាយរៀង លើក​ឡើង​ថា ការ​ប្រកួត​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​កាន់​តែ​ពិបាក។ លោក​សប្បាយ​ចិត្ត​ដែល​បាន​ជួយ​ក្រុម​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​លើក​ទី​ ៤ ប្រចាំ​ពាន​រង្វាន់​នេះ​អម​ដោយ​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ប្រចាំ​ខេត្ត​ដែល​បាន​អញ្ជើញ​​ទស្សនា​ផ្ទាល់​ជុំ​វិញ​ទីលាន។

 

ក្រុម​ត្រាយអាស៊ី ត្រូវ​ប្រកួត​ជាមួយ​ក្រុម អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដណ្ដើម​ចំណាត់​ថ្នាក់​លេខ ៣ នៃ​ពាន Hun Sen Cup នៅ​វេលា​ម៉ោង​ ២ រសៀល ថ្ងៃ​ទី ១៤ កុម្ភៈ ខាង​មុខ លើ​វាល​ស្មៅ​​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ស្រប​ពេល​ក្រុម​ម្ចាស់​ស្រុក ខេត្ត​ស្វាយរៀង ជួប​ក្រុម ណាហ្គាវើល នៅ​វេលា​ម៉ោង ៤:៣០ នាទី​ល្ងាច ដណ្ដើម​ជើង​ឯក​ប្រចាំ​ឆ្នាំ ២០១៥៕

 

អត្ថបទ​ពាក់ព័ន្ធ៖ ​ក្រុម​ណា​ខ្លះ​ធ្លាប់​លើក​ពាន​​ Hun Sen Cup ៨​ឆ្នាំ​កន្លង​មក?​

 

អត្ថបទ៖ ម៉ឺន រស្មី

អត្ថបទថ្មី