អ្នកគ្រូកម្ពុជា អាចឈ្នះពានគ្រូបង្រៀនសាកលទឹកប្រាក់១លានដុល្លារបានអត់?
- 2015-02-13 19:14:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគ្រូកម្ពុជា អាចឈ្នះពានគ្រូបង្រៀនសាកលទឹកប្រាក់១លានដុល្លារបានអត់?
ចន្លោះមិនឃើញ
អ្នកគ្រូបង្រៀនកុមារគថ្លង់ឈ្មោះ នាង ផល្លា បានក្លាយជាបេក្ខភាព ៥០នាក់ចុងក្រោយ ក្នុងចំណោមគ្រូបង្រៀននានានៅលើពិភពលោក ដើម្បីដណ្ដើមពានគ្រូបង្រៀនសាកល អមដោយទឹកប្រាក់រង្វាន់ ១លានដុល្លារ។ តើអ្នកគ្រូរូបនេះ អាចមានវាសនាឈ្នះពានរង្វាន់ដ៏ធំលើពិភពលោកបានឬអត់?
អ្វីជាពានរង្វាន់គ្រូបង្រៀនសាកល?
ពានរង្វាន់គ្រូបង្រៀនពិភពលោក នឹងត្រូវប្រគល់ជូនគ្រូបង្រៀនពិសេសដាច់គេ អមជាមួយទឹកប្រាក់ ១លានដុល្លារ ដែលទទួលបានពីមូលនិធិ Varkey Foundation។ គ្រូបង្រៀន ដែលមានគំនិតឆ្នៃប្រឌិត គិតគូរពីសុខទុក្ខរបស់សិស្ស និងមានឥទ្ធិពលលើការបណ្ដុះប្រាជ្ញាស្មារតីសិស្ស ព្រមទាំងសហគមន៍ នឹងមានកិត្តិយសទទួលបានរង្វាន់នេះពេញមួយជីវិត។
បើតាមគេហទំព័រ Global Teacher Prize បានបញ្ជាក់ថា បេក្ខភាព ១០នាក់ចុងក្រោយ នឹងត្រូវប្រកាសនៅពាក់កណ្ដាលខែកុម្ភៈ ដែលអាចត្រូវនឹងថ្ងៃនេះ។ ចំណែកម្ចាស់ជយលាភី នឹងត្រូវប្រកាសនៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៥ ខាងមុខ ក្នុងវេទិកាអប់រំ និងជំនាញជាសាកលប្រចាំឆ្នាំ២០១៥ នៅទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួម។ ឱកាសនោះ ក៏មានប្រគល់ប័ណ្ណសរសើរពិសេស សម្រាប់គ្រូបង្រៀនឆ្នើមនៅជុំវិញពិភពលោកផងដែរ។
អ្នកគ្រូ នាង ផល្លា បានសម្រេចស្នាដៃអ្វីខ្លះ ទើបអាចជាប់ជាបេក្ខភាព ៥០នាក់ចុងក្រោយ?
អ្នកគ្រូ នាង ផល្លា
អ្នកស្រី ផល្លា បានក្លាយជាគ្រូបង្រៀន ជានាយកសាលា ព្រមទាំងជាអ្នកសម្របសម្រួលទូទាំងប្រទេសចំពោះកម្មវិធីសិក្សា សម្រាប់មនុស្សពិការភ្នែកនៅកម្ពុជាអស់រយៈពេលជាង ២០ឆ្នាំមកហើយ។ អ្នកស្រីចាប់ផ្ដើមធ្វើការជាមួយក្មេងពិការភ្នែកនៅឆ្នាំ១៩៨៦ ក្នុងនាមជានាយកសាលាសម្រាប់អង្គការសហប្រជាជាតិនៅជំរំជនភៀសខ្លួនថៃ។ ពេលត្រលប់មកកម្ពុជាវិញក្នុងឆ្នាំ ១៩៩៣ អ្នកស្រីបានក្លាយជាគ្រូបង្រៀនមនុស្សពិការភ្នែកទីមួយ ក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា។
អ្នកគ្រូ ផល្លា បានលះបង់ថវិកាផ្ទាល់ខ្លួនចូលរួមវិភាគទាន ដើម្បីបើកសាលាបង្រៀនមនុស្សពិការភ្នែកទីមួយនៅកម្ពុជា និងដើម្បីបង្កើតកំណែគំរូអក្សរខ្មែរសម្រាប់មនុស្សខ្វាក់។ អ្នកគ្រូ ផល្លា បានត្រួសត្រាយវិធីបង្រៀនតាមបែបបទធម្មជាតិសម្រាប់មនុស្សពិការភ្នែក។ ការងាររបស់អ្នកគ្រូ បានធ្វើឲ្យមានការផ្លាស់ប្ដូរយ៉ាងខ្លាំង ចំពោះការយល់ដឹងរបស់មនុស្សពិការភ្នែកនៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។
ជាបេក្ខភាព ៥០នាក់ចុងក្រោយ ទទួលបានផលប្រយោជន៍អ្វីខ្លះ?
១. ជាកិត្តិយសសម្រាប់ជាតិ និងត្រូវទទួលស្គាល់ជាអន្តរជាតិ សម្រាប់ការសម្រេចស្នាដៃរបស់ម្ចាស់ជយលាភី ហើយបេក្ខភាពឆ្នើមក្នុងតំបន់នីមួយៗនឹងទទួលបានប័ណ្ណសរសើរពិសេស
២. បេក្ខភាព ១០នាក់ចុងក្រោយ ត្រូវអញ្ជើញឲ្យចូលរួមការវេទិកាអប់រំ និងជំនាញជាសាកលប្រចាំឆ្នាំ២០១៥ នៅរដ្ឋធានីឌុយបៃ ប្រទេសអារ៉ាប់រួម
៣. អាចឈ្នះពានរង្វាន់គ្រូបង្រៀនសាកល ដែលមានទឹកប្រាក់ ១លានដុល្លារ
៤. អាចទទួលស្គាល់ដោយមូលនិធិ Varkey Foundation ដែលនឹងជួយគាំទ្រគម្រោងពាក់ព័ន្ធ ស្នើដោយបេក្ខភាព។
ប្រជាជនខ្មែរមួយចំនួន កំពុងមានការយល់ច្រឡំថា អ្នកគ្រូ នាង ផល្លា បានទទួលពានរង្វាន់ណូបែល អមដោយទឹកប្រាក់មួយលានដុល្លារ។ តាមការពិត លទ្ធផលចុងក្រោយមិនទាន់បានប្រកាសទេ ហើយអ្នកគ្រូកំពុងស្ថិតក្នុងចំណោមបេក្ខភាព ៥០នាក់ចុងក្រោយ។ ចំណែកឯពានរង្វាន់ណូបែល និងពានរង្វាន់គ្រូបង្រៀនសាកល គឺជាពានរង្វាន់កិត្តិយសពីរផ្សេងគ្នា។ ដូចនេះ សូមកុំមានការយល់ច្រឡំ និងរង់ចាំលទ្ធផលផ្លូវការ ដែលនឹងប្រកាសនៅថ្ងៃទី១៦ ខែមិនា ខាងមុខ នៅទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួម៕
អ្នកគ្រូ នាង ផល្លា ក្នុងចំណោមបេក្ខភាពពីបណ្តាប្រទេសផ្សេងៗ
ចុចអាន៖ ប្រវត្តិពានរង្វាន់ណូបែលអន្តរជាតិ ដែលមនុស្សគ្រប់រូបតែងស្រមៃចង់បាន
ចុចអាន៖ បុគ្គលឆ្នើមពីររូបគត់នៅអាស៊ាន ជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព
ដោយ៖ គង់ វិសាល
ប្រភព៖ globalteacherprize