អត្ថន័យផ្កាតាមពណ៌នីមួយៗ ដែលអ្នកគួរដឹងក្នុងថ្ងៃទិវានៃក្ដីស្រលាញ់
- 2015-02-14 17:37:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថន័យផ្កាតាមពណ៌នីមួយៗ ដែលអ្នកគួរដឹងក្នុងថ្ងៃទិវានៃក្ដីស្រលាញ់
ចន្លោះមិនឃើញ
ក្នុងថ្ងៃ១៤ កុម្ភៈ រៀងរាល់ឆ្នាំ មនុស្សជាទីស្រលាញ់ គូសង្សារ ឬមិត្តភ័ក្ដិមួយចំនួន ទិញផ្កាជូនគ្នាដើម្បីបញ្ជាក់ពីក្ដីស្រលាញ់ និងមិត្តភាព។ ភាគច្រើនគេទិញផ្កាកុលាប ប៉ុន្តែផ្កាមានច្រើនពណ៌ ច្រើនប្រភេទ ហើយសុទ្ធតែមានអត្ថន័យខុសៗគ្នា។ ខាងក្រោមនេះ គឺជាអត្ថន័យពណ៌ផ្កាមួយចំនួន ដែលអ្នកអាចយកទៅវិភាគបាន។ ជឿជាក់ថាក្រោយពេលអានហើយ លោកអ្នកប្រាកដជាបានច្បាស់ក្នុងចិត្ត លែងរារែកថាគួរទិញផ្កាពណ៌អ្វីឲ្យមិត្តភ័ក្ដិ ឬមនុស្សជាទីស្រលាញ់ទៀត។
១. ពណ៌ក្រហម
ឃើញពណ៌ក្រហម អ្នកប្រាកដជានឹកឃើញដល់ផ្កាកុលាបដែលមានសម្រស់ស្រស់បំព្រងគួរជាទីគយគន់ ហើយផ្កានេះសក្ដិសមបំផុតសម្រាប់ជូនគូស្នេហ៍គ្រប់កាលៈទេសៈទាំងអស់។ ពណ៌ក្រហមតំណាងឲ្យចំណង់ចំណូលចិត្ត ក្ដីស្រលាញ់ និងថាមពល។ ឈាមដែលមានពណ៌ក្រហមឆ្អិនឆ្អៅរត់ចុះឡើងសព្វកន្លែងក្នុងខ្លួនប្រាណ ដើម្បីផ្ដល់កម្លាំងដល់មនុស្សគ្រប់រូប។ ជូនផ្កាពណ៌ក្រហមដល់នរណាម្នាក់ មានន័យថាអ្នកផ្ដល់កម្លាំង ព្រមទាំងក្ដីស្រលាញ់ដល់គេ។
២. ពណ៌ទឹកក្រូច
ពណ៌ទឹកក្រូច មើលទៅស្រដៀងស្រមោលព្រះអាទិត្យ ដែលកំពុងចរយាត្រាជះរស្មីបំភ្លឺភពផែនដី។ ពណ៌ទឹកក្រូចមានន័យថា ភាពរួសរាយ ការលូតលាស់ និងភាពកក់ក្ដៅ។ ពណ៌នេះ ក៏ជានិមិត្តសញ្ញានៃមិត្តភាព និងការរួបរួមគ្នាផងដែរ។ ចងចាំពេលនៅក្មេងៗទេ? ឲ្យតែពេលព្រះអាទិត្យហៀបនឹងអស្ដង្គត គ្រប់គ្នាចេញមកលេងជួបជុំគ្នាយ៉ាងសប្បាយរីករាយ ក្រោមរស្មីតិចៗពណ៌ទឹកក្រូច ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ និងរឹតចំណងមិត្តភាពក្នុងវ័យកុមារ។ ដូចនេះ ពណ៌ទឹកក្រូចល្អបំផុត សម្រាប់ជូនមិត្តភ័ក្ដិយល់ចិត្ត។
៣. ពណ៌លឿង
ឃើញពណ៌លឿង នឹកឃើញមាសដែលចាំចិញ្ចាចពេលប៉ះពន្លឺអ្វីមួយ ហើយគេចាត់ទុកពណ៌លឿងជានិមិត្តរូបនៃ ភាពបរិសុទ្ធ សេចក្ដីភ្លឺថ្លា ការជឿជាក់ និងប្រាជ្ញា។ ការសិក្សារបស់អ្នកវិទ្យាសាស្ត្រ បានបង្ហាញថាសរសេរអក្សរនៅលើក្ដារពណ៌លឿង នឹងអាចបង្កើនការចងចាំ។ ជូនផ្កាពណ៌លឿងដល់មិត្តភក្តិជិតស្និទ្ធ នឹងធ្វើឲ្យពួកគេកាន់តែមានភាពឆ្លាតវៃក្នុងការសិក្សា។
៤. ពណ៌បៃតង
នៅពេលរដូវផ្ការីក ស្លឹកឈើលាស់ថ្មី អ្វីដែលអ្នកមានអារម្មណ៍រីករាយទទួលបាន គឺស្លឹកឈើពណ៌បៃតងដ៏ស្រស់បំព្រង។ ពណ៌បៃតង ជាតំណាងនៃការខិតខំប្រឹងប្រែងជាថ្មី ការលូតលាស់ សុខភាព និងយុវវ័យ។ ជូនផ្កាពណ៌បៃតងចំពោះអ្នកគុណ មិត្តភ័ក្ដិ ឬមនុស្សជាទីស្រលាញ់ ដើម្បីឲ្យពួកគេមានអារម្មណ៍ស្រស់ស្រាយ និងទទួលបានសុខភាពល្អ។
៥. ពណ៌ខៀវ
មេឃខៀវស្រលះ ធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងទទួលបានភាពកក់ក្ដៅ ជាងពេលមានពពកបាំងបិទ។ ពេលស្រងូតស្រងាត់ម្នាក់ឯង អ្នកក៏ចាប់ផ្ដើមសម្លឹងមើលមេឃ និងគិតរឿងរ៉ាវទាំងឡាយ។ ដូចនេះហើយ ទើបផ្កាពណ៌ខៀវ ជាតំណាងក្ដីសុបិន និងការស្រមើលស្រមៃមិនចេះរីងស្ងួត។ ជូនផ្កាពណ៌ខៀវឲ្យនរណាម្នាក់ ដើម្បីជំរុញឲ្យគេអាចសម្រេចក្ដីស្រមៃ។ ម្យ៉ាងវិញទៀត ផ្កាពណ៌នេះសក្តិសមបំផុតសម្រាប់អ្នកចូលចិត្តភាពស្ងប់ស្ងាត់។ ៦. ពណ៌ស្វាយ
ពណ៌ស្វាយ តំណាងឲ្យភាពស្វាហាប់ និងស្មារតីរឹងមាំ។ លើសពីនេះ ពណ៌ស្វាយក៏ត្រូវគេចាត់ទុកថាជានិមិត្តសញ្ញានៃភាពខ្សែរាជវង្ស និងវណ្ណៈអភិជនផងដែរ កាលពីសម័យបុរាណ។ ជូនផ្កានេះ ដល់នរណាម្នាក់ ដើម្បីបញ្ជាក់ថាអ្នកជឿជាក់លើគេ និងគោរពកិត្តិយសរបស់គេ។
៧. ពណ៌ស
"សស្អាតដូចជាសំឡី" នេះគឺជាពាក្យដែលមនុស្សភាគច្រើនប្រើប្រាស់ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន។ ពណ៌សជានិមិត្តរូបនៃ ភាពស្រស់ថ្លា ភាពស្មោះត្រង់ ភាពស្អាតបរិសុទ្ធ និងសេចក្ដីស្ថិតស្ថេរមិនប្រែប្រួល។ ជូនផ្កាពណ៌សដល់គូស្នេហ៍ ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់របស់អ្នក។
៨. ពណ៌ផ្កាឈូក
ពណ៌ផ្កាឈូក តំណាងការចាប់ផ្ដើម ការផ្ដល់តម្លៃ និងសុភមង្គលមិនចេះរីងស្ងួត។ ពណ៌ផ្កាឈូក អាចធ្វើឲ្យអាចធ្វើឲ្យអ្នកឃើញហើយ មានអារម្មណ៍រីករាយ និងស្រស់ថ្លា។ បើអ្នកទើបចាប់ផ្ដើមស្រលាញ់អ្នកណាម្នាក់ និងចង់ជូនផ្កាគេជាលើកដំបូង គួរជ្រើសរើសផ្កាដែលមានពណ៌ផ្កាឈូក។
ចុចអាន៖ វត្ថុអនុស្សាវរីយ៍ស្អាតៗ ស្វាគមន៍ថ្ងៃ ១៤ កុម្ភៈ
ដោយ៖ គង់ វិសាល ប្រភព៖ Teleflora