Hacker វាយប្រហារធនាគារ១០០ និងលួចប្រាក់ជាង១ពាន់លានដុល្លារ
- 2015-02-16 16:29:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hacker វាយប្រហារធនាគារ១០០ និងលួចប្រាក់ជាង១ពាន់លានដុល្លារ
ចន្លោះមិនឃើញ
ក្រុម Hacker បានវាយប្រហារធនាគារប្រមាណ ១០០ នៅជុំវិញពិភពលោក និងបានលួចប្រាក់ពីស្ថាប័នទាំងនោះជាង ១ពាន់លានដុល្លារ ក្នុងអំឡុងពេល ២ឆ្នាំចុងក្រោយនេះ។ នេះបើតាមក្រុមហ៊ុនផលិតកម្មវិធីកម្ចាត់មេរោគ Kaspersky។
ក្រុមហ៊ុន Kaspersky បានសហការជាមួយអង្គការ Interpol, Europol និងអជ្ញាធរសំខាន់ៗពីបណ្តាប្រទេសផ្សេងៗ ដើម្បីអាចឆ្កឹះយកទិន្នន័យ ដែលត្រូវបានចាត់ទុកថាជា "អំពើចោរកម្ម" ស្ទើរនឹកស្មានមិនដល់នេះ។
Kaspersky បានឱ្យដឹងថា ក្រុម Hacker ដែលបានប្លន់ប្រាក់ប្រមាណជាង ១ពាន់លានដុល្លារអំឡុងពេល ២ឆ្នាំចុងក្រោយនេះ មានឈ្មោះ Carbanak (មានប្រភពមកពីអ៊ឺរ៉ុប រុស្ស៊ី អ៊ុយក្រែន និងចិន)។ ក្រុមនេះបានប្រើបច្ចេកទេសវាយប្រហារបែបអេឡិចត្រូនិក (Cyber Attack) ប្លែកមួយ ក្នុងការលួចប្រាក់ដោយផ្ទាល់ពីធនាគារ ជាជាងប្រើប្រាស់គណនីផ្ទាល់របស់អតិថិជន។
Hacker ក្រុមនេះបានផ្ញើម៉ែលផ្ទុកមេរោគ ដើម្បីបញ្ឆោតឱ្យបុគ្គលិកធនាគារបើកមើល ដែលនេះត្រូវបានឱ្យឈ្មោះថា Spear Phishing (ម៉ែលដែល Hacker ផ្ញើទៅនរណាម្នាក់ ដោយបន្លំជាម៉ែលរបស់អតិថិជន ឬស្ថានប័នហេរញ្ញវត្ថុស្របច្បាប់ណាមួយ)។ បន្ទាប់មកពួកគេក៏អាចលុកលុយចូលទៅក្នុងបណ្តាញផ្ទៃក្នុងរបស់ធនាគារ និងបានបិទបណ្តាញប្រព័ន្ធកុំព្យូទ័ររបស់រដ្ឋបាល ដើម្បីកុំឱ្យពួកគេអាចឃ្លាំមើលសកម្មភាពខ្លួនតាមកាមេរ៉ាបាន។
Kaspersky បានឱ្យដឹងទៀតថា ក្រុម Carbanak រឹបអូសបានទូ ATM មួួយចំនួនពីធនាគារទាំងនោះ ហើយបានបញ្ជាទូ ATM ទាំងអស់ពីចម្ងាយឱ្យបញ្ចេញប្រាក់ ទៅតាមពេលកំណត់ ហើយពេលនោះគ្នារបស់ចោរ (Hacker) នៅរង់ចាំទទួលប្រាក់ទាំងនោះ។
ចំណែកឯលោក Sanjay Virmani ជានាយកគ្រប់គ្រងអង្គការស៊ើបអង្គេតឧក្រិដ្ឋកម្មអេឡិចត្រូនិក Interpol បាននិយាយថា ការវាយប្រហារទាំងនេះ បានបង្ហាញថា Hacker ទាំងអស់មានសមត្ថភាពចូលលុកលុយគ្រប់ប្រព័ន្ធកុំព្យូទ័រទាំងអស់ ហើយអាចនឹងគ្មានស្ថាប័នណាមួយហ៊ានបដិសេធទេថា ប្រព័ន្ធសុវត្ថិភាពរបស់ខ្លួនគ្មាន Hacker ណាអាចចូលលុកលុយបាននោះ៕
អាន៖ Hacker ល្បីលើពិភពលោកធ្វើសង្គ្រាម Online ប្រឆាំងក្រុម ISIS
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ reuters