Lampard៖ «Man City នឹងចាប់ផ្ដើមប្រជែងយកពាន ចាប់ពីពេលនេះទៅ»
- 2015-02-17 17:16:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lampard៖ «Man City នឹងចាប់ផ្ដើមប្រជែងយកពាន ចាប់ពីពេលនេះទៅ»
ចន្លោះមិនឃើញ
ខ្សែបម្រើ Frank Lampard ជឿថាក្រុមមេឃខៀវ Manchester City នឹងចាប់ផ្ដើមប្រជែងយកពានរង្វាន់ English Premier League ពេញទំហឹងតែម្ដង បន្ទាប់ពីការត្រឡប់មកដល់របស់កីឡាករឆ្នើមម្ចាស់ពានរង្វាន់ Africa Cup of Nations ២រូប គឺខ្សែបម្រើ Yaya Toure និងខ្សែប្រយុទ្ធចំណូលថ្មី Wilfried Bony។
Toure និង Bony បានវិលត្រឡប់មកចូលហ្វឹកហាត់ឲ្យក្រុមមេឃខៀវវិញហើយ កាលពីម្សិលមិញ បន្ទាប់ពីជួយឲ្យក្រុមជម្រើសជាតិកូឌីវ័រ ឈ្នះពានរង្វាន់ Africa Cup of Nations។
ក្នុងរយៈពេលដែលកីឡាករឆ្នើម Yaya Toure អវត្តមាន ក្រុមម្ចាស់ជើងឯកអង់គ្លេសឈ្នះតែ១ម្ដងគត់ ក្នុងការប្រកួត៦លើក ខណៈដែលពេលនេះ ពួកគេតាមពីក្រោយក្រុមលេខ១តោខៀវ Chelsea ចំនួន៧ពិន្ទុ និងថែមទាំងធ្លាក់ចេញពីពានរង្វាន់ FA Cup ទៀត។
កីឡាករវ័យ៣៦ឆ្នាំ Lampard បាននិយាយសរសើរពី Toure ថា៖ «គាត់គឺជាកីឡាករដ៏សំខាន់បំផុតសម្រាប់ក្រុម។ ខ្ញុំយល់ឃើញដូចនេះ តាំងពីខ្ញុំនៅក្រុម Chelsea។ យើងតែងចង់ឲ្យគាត់ត្រឡប់មកវិញ និងសង្ឃឹមថានឹងជួយដល់ក្រុមយើងទាំងមូល។ ប្រាកដណាស់ នៅពេលដែលយើងបាត់បង់កីឡាករដែលមានភាពប៉ិនប្រសប់ និងមានសមត្ថភាពដូច Toure នោះ យើងអាចនឹងចាញ់២ទៅ៣ប្រកួត»។
ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ Bony បានមកចូលហ្វឹកហាត់ជាមួយមិត្តរួមក្រុមថ្មីជាលើកដំបូង កាលពីម្សិលមិញ បន្ទាប់ពីផ្ទេរមកពីក្រុម Swansea កាលពីខែមករា។ មុនផ្ទេរមកកាន់ Man City ខ្សែប្រយុទ្ធរូបនេះ ស៊ុតបាន៩គ្រាប់ ក្នុងការប្រកួតឲ្យក្រុមក្ងាន Swansea ចំនួន១៥ប្រកួត ។
Lampard ក៏រីករាយខ្លាំងដែរ ដែលបានលេងជាមួយខ្សែប្រយុទ្ធរូបនេះ និងបាននិយាយថា៖ «ជាមួយនឹងការមកដល់របស់ Toure យើងក៏មានខ្សែប្រយុទ្ធថ្មី Bony មកដល់ដែរ។ យើងបានឃើញពីអ្វី ដែលគាត់បានធ្វើជាមួយនឹងក្លិប Swansea ហើយ។ គាត់នឹងក្លាយជាការទិញដ៏ល្អសម្រាប់ក្លិប»។
ក្រុមរបស់លោក Manuel Pellegrini នឹងត្រូវបើកទ្វារផ្ទះ ស្វាគមន៍ក្រុមសារិកាព្រៃ Newcastle នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ក្នុងការប្រកួត English Premier League សប្ដាហ៍ទី២៦។
ចាំមើលថា បន្ទាប់ពីការវិលត្រឡប់របស់ Yaya Toure និង Wilfried Bony នឹងជួយឲ្យ Man City យកឈ្នះបានឬអត់?
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Mirror