ចប់ Hun Sen Cup ប្រាក់ មុន្នីឧត្តម ជាបេះដូង​​របស់​​ ក្រុម​ខេត្ត​ស្វាយរៀង

  • 2015-02-17 18:41:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ ប្រាក់ មុន្នីឧត្តម ជា​សមាជិក​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង ជា​​ប្រធាន​ក្រុម​​បាល់ទាត់​ខេត្ត​ស្វាយរៀង ទើប​ជួយ​ក្លិប​របស់​ខ្លួន​ដណ្ដើម​បាន​​​ពាន​រង្វាន់ Hun Sen Cup 2015 កាល​ពី​ពេល​​ថ្មីៗ បាន​បង្ហាញ​​សមត្ថភាព​កាន់​តែ​ច្បាស់​ ដល់​អ្នក​គាំទ្រ ក៏​ដូចជា​ថ្នាក់​ដឹកនាំ​ក្រុម​ថា​រូប​គេ​ជា​សរសៃ​ឈាម​ចម្បង​មិន​អាច​ខ្វះ​បាន​សម្រាប់​ក្រុម។​

 

 

ប្រាក់ មុន្នីឧត្តម ក្រោម​ការ​ចោមរោម​ពី​អ្នក​គាំទ្រ

  អម​ដោយ​ទម្រង់​លេង​ដ៏​ល្អ​ប្រចាំ​ក្រុម ប្រាក់ មុន្នីឧត្តម ទទួល​ងារ​ជា​អ្នក​ទាត់​បាល់​បញ្ជូល​ទី​ដៃ​គូ​ប្រកួត​ច្រើន​ជាង​គេ​ប្រចាំ​ឆ្នាំ​ទី ៩ នេះ ពោល​គឺ​រក​បាន ២៤ គ្រាប់​ម្នាក់​ឯង បូក​តាំង​ពី​ប្រកួត​ជម្រុះ ៣ ប្រកួត, វគ្គ ៨ ក្រុម​ចុង​ក្រោយ, វគ្គ ១/២ និង វគ្គ​ផ្ដាច់ព្រ័ត្រ។   ក្នុង​អំឡុង​ពេល​ប្រកួត​ម្ដងៗ ដែល​រៀបចំ​នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ​​អ្នក​គាំទ្រ​​ម្នាក់​​បាន​ស្រែក​ថា៖ «Super Star ឈ្មោះ​អី?»។ ចំណែក​អ្នក​ផ្សេង​ទៀត​បន្ត​​យ៉ាង​ស្រុះគ្នា​ថា៖ «ប្រាក់ មុន្នីឧត្តម» គួប​ផ្សំ​នឹង​សំឡេង​វាយ​ស្គរ និង គ្រវី​ទង់​​របស់​ក្រុម (វីដេអូ​ខាង​ក្រោម)។   ចំណែក​សាមី​ខ្លួន​បាន​ប្រាប់ Sabay ថា ក្រោយ​ចប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ថា៖ «អរគុណ​ដល់​អ្នក​គាំទ្រ​តែងតែ​លើក​ទឹក​ចិត្ត​ក្រុម​ខេត្ត​ស្វាយរៀង។ តាម​ពិត​ខ្ញុំ​អាច​ធ្វើ​បាន​ល្អ​ក៏​ដោយ​សារ​តែ​មាន​ការ​សហការ​ពី​មិត្ត​រួម​ក្រុម រួម​ទាំង​មាន​​ការ​ហ្វឹកហាត់​បាន​ដិតដល់​ពី​លោក​គ្រូ​ប្រចាំ​ក្រុម​ផង​ដែរ»។

 

 

ប្រាក់ មុន្នីឧត្តម ទទួល​ពាន​អ្នក​ទាត់​បញ្ជូល​ទី​ច្រើន​ជាង​គេ

  ក្នុង​នាម​ជា​​កីឡាករ Top Score ប្រចាំ​ពាន​រង្វាន់ កីឡាករ​វ័យ ២០ ឆ្នាំប្លាយ​រូប​នេះ​ បាន​សន្យា​ថា​នឹង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ត​ទៀត​ដើម្បី​ពង្រឹង​សមត្ថភាព បន្ត​ជួយ​ក្រុម​ក្នុង​ពាន​រង្វាន់​មិត្តហ្វូនខេមបូឌានលីក ដែល​នឹង​មក​ដល់​នៅ​ពេល​ឆាប់ៗ ខាង​មុខ។   ជុំ​វិញ​នឹង​កម្រិត​បច្ចេកទេស​របស់​​កីឡាករ ប្រាក់ មុន្នីឧត្តម លើ​ទីលាន​លោក សំ វ៉ាន់ដេត គ្រូ​បង្វឹក​របស់​ក្រុម​ខេត្ត​ស្វាយរៀង បាន​លើក​ឡើង​ថា៖ «គេ​ជា​បេះដូង​របស់​ក្រុម​ខេត្ត​ស្វាយរៀង ទាំង​សម្រាប់​អ្នក​គាំទ្រ និង សម្រាប់​ក្រុម​ទាំង​មូល»។   កីឡាករ ប្រាក់ មុន្នីឧត្តម បាន​បង្ហាញ​ខ្លួន​ដំបូង​ជាមួយ​ក្រុម​​ឈុត​​ធំ​​របស់​ព្រះខ័នរាជ (បច្ចុប្បន្ន​ស្វាយរៀង) នៅ​ពាន​រង្វាន់ Hun Sen Cup ឆ្នាំ ២០០៧ ដែល​ជា​ឆ្នាំ​ដំបូង តែ​កាល​នោះ​ត្រឹម​ជា​កីឡាករ​បម្រុង​ប៉ុណ្ណោះ។ លុះ​ចូល​ដល់​ឆ្នាំ​បន្ទាប់​​ទើប​​អាច​បង្ហាញ​ខ្លួន​លើ​ទីលាន​ខ្លះៗ។ នៅ​ឆ្នាំ ២០០៩ សមត្ថភាព​របស់​គេ កាន់​តែ​ឡើង​ទម្រង់​យ៉ាង​ខ្លាំង​រហូត​ជាប់​ឈ្មោះ​ក្នុង​ឈុត​ស៊ីហ្គេម ទៅ​ប្រកួត​នៅ​ប្រទេស​ឡាវ ទៀត​ផង។ ចូល​ដល់​ដើម​​រដូវកាល ២០១៣ ប្រាក់ មុន្នីឧត្តម បាន​របួស​ជើង​ក្រោយ​ប៉ះ​ជាមួយ​អ្នក​ចាំទី អ៊ុំ វិចិត្រ ហើយ​ត្រូវ​សម្រាក​រហូត​ដល់​ជុំ​ទី២ ទើប​បង្ហាញ​ខ្លួន​ឡើង​វិញ​បាន ដល់​សព្វ​ថ្ងៃ៕   វីដេអូអ្នក​គាំទ្រ​របស់​ខេត្ត​ស្វាយរៀង ស្រែក​ហៅ​ឈ្មោះ ប្រាក់ មុន្នីឧត្តម៖   http://youtu.be/h6xri4l_tAY   អត្ថបទ៖ ម៉ឺន រស្មី